មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បើក​សិក្ខាសាលា​ស្តីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣

កាលពី​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​មួយ ស្តីពី​ការពិនិត្យ​វឌ្ឍនភាព​ការងារ​និង​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ឆ្នាំ​២០១៩-២០២៣ ដើម្បី​ទទួលបាន​សេចក្ដីរាយការណ៍​ពី​វឌ្ឍនភាព​ល​ទ្ឋ​ផល​ការងារ និង​បញ្ហា​ប្រឈម​ក្នុងការ​អនុវត្ត​ការងារ​រយៈពេល​១​ឆ្នាំកន្លងមក ព្រមទាំង​ពិភាក្សា​ស្វែងរក​ដំណោះស្រាយ សម្រាប់​រៀបចំ​ផែនការ​យុ​ទ្ឋ​សាស្ត្រ​អនុវត្ត​បន្ត​ឆ្នាំ​២០១៩-២០២៣ ។​

​តាមរយៈ​នៃ​បទ​បង្ហាញ​របស់​មន្ទីរ ស្តីពី​វឌ្ឍនៈភាព​សម្រេចបាន គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩​បាន​សង្កេតឃើញ​ពី​ចក្ខុវិស័យ ដើម្បី​ធានា ភាព​មាន​ស្បៀង​គ្រប់គ្រាន់ និង​ប្រកបដោយ​សុវត្ថិភាព​សម្រាប់​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​រួមចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ ដោយ​ជំរុញ​ការរីកលូតលាស់​សេដ្ឋកិច្ច​កសិកម្ម រួម​នឹង​ការ​គ្រង់​គ្រង និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព ជាពិសេស​បេសកកម្ម​របស់​អង្គភាព​ទាំងមូល បាន​ចូលរួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការផ្តល់​សេវាកម្ម​មានគុណ​ភាព​ខ្ពស់ ដែល​នាំ​ដល់​ការផ្គត់ផ្គង់​ស្បៀង​ប្រកបដោយ​សុវត្ថិភាព បង្កើន​ផលិតភាព​កសិកម្ម និង​តម្លៃបន្ថែម ដោយ​ផ្អែកទៅលើ​មូលដ្ឋាន​និរន្តរភាព និង​ប្រសិទ្ធភាព​តម្លៃ​ចំពោះ​វិស័យ ដែល​ពឹង​ផ្អែកលើ​ផលិតកម្ម​កសិកម្ម នេសាទ និង​រុក្ខាប្រមាញ់ ។​

​លោក ទា គឹម​សុ​ទ្ឋ ប្រធាន​មន្ទីរ​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត បាន​មានប្រសាសន៍ថា តាម​ការបញ្ជាក់​ពី​បណ្តា​ផ្នែក​ទាំងអស់​បង្ហាញ​ឲ្យ​មើលឃើញ​កាន់តែច្បាស់ ពី​ចំណុចខ្លាំង ចំណុច​ខ្វះខាត​ក្នុងការ​អនុវត្ត និង​ការគ្រប់គ្រង​ដឹកនាំ និង​ជា​ឧបករណ៍​មួយ​ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​វាយតម្លៃ​អំពី​ប្រសិទ្ធភាព ការរីកចំរើន​ក្នុង​កិច្ចអភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​ខេត្តសៀមរាប និង​ជា​មេរៀន​បទពិសោធន៍​ក្នុងការ​ឈានទៅ​កំណត់​បាន​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ សម្រាប់​ការអនុវត្ត​សមស្រប​ទៅនឹង​សភាពការណ៍​វិវឌ្ឍន៍​នានា​ក្នុង​បរិបទ​សង្គម ។​

​លោក ទា គឹម​សុ​ទ្ឋ មានប្រសាសន៍​បន្ថែមថា​៖ បើទោះបីជា​ខេត្តសៀមរាប បាន​ជួបប្រទះ​នូវ​គ្រោះធម្មជាតិ រួមមាន​គ្រោះរាំងស្ងួត​ដោយសារ​កូន​រដូវប្រាំង​នៅ​ពាក់កណ្តាល​រដូវវស្សា​ក្តី តែ​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏ដូចជា​មន្ទីរ​កសិក​ម្ម​ខេត្ត តាម​ការណែនាំ​និង​តម្រង់ទិស​ក៏ដូចជា​វិធានការ​ឆ្លើយតប​យ៉ាង​មាន​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល និង​មានការ​ចូលរួម​ដ៏​សកម្ម​ពី​គ្រប់​ក្រសួង ស្ថាប័ន អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាកសិករ ព្រមទាំង​ការរួមចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​ផង​នោះ បានធ្វើ​ឲ្យ​ផលិតកម្ម​កសិកម្ម​មាន​ការរីក ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​និង​ជាទី​មោទនៈ​។​

​សូមបញ្ជាក់ថា ដើម្បី​ឲ្យ​សម្រេចបាន​នូវ​គោលដៅ​នេះ មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ ចំនួន​៥ រួមមាន​៖ ទិសដៅ​គោលនយោបាយ​ទី​១៖«​ធានា​សន្តិសុខ​ស្បៀង បង្កើន​ផលិតភាព និង​ពិពិធ​កម្ម​កសិកម្ម​» , ទិសដៅ​គោលនយោបាយ​ទី​២៖ «​ពង្រីក​លទ្ធភាព​ឈានចូល​ទីផ្សារ សម្រាប់​ផលិតផល​កសិកម្ម​» , ទិសដៅ​គោលនយោបាយ​ទី​៣៖«​កំណែរ​ទម្រង់​ជលផល និង​ព្រៃឈើ​» , ទិសដៅ​គោលនយោបាយ​ទី​៤៖«​កំណែរ​ទម្រង់​ព្រៃឈើ​» និង ទិសដៅ​គោលនយោបាយ​ទី​៥៖«​ក្របខ័ណ្ឌ​នៃ​ការអភិវឌ្ឍ​ស្ថាប័ន និង​បញ្ញា​ត្តិ​ច្បាប់​» ៕​