មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប ប្រកាស​បើក​យុទ្ធនាការ​១៦ ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ក្រោម​ប្រធានបទ “ រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ”

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប បានប្រកាស​បើក​យុទ្ធនាការ ១៦​ថ្ងៃ​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ក្រោម​ប្រធានបទ​ស្តីពី ក្រោម​ប្រធានបទ​ស្តីពី រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ដែល​យុទ្ធនាការ​នេះ បាន​ធ្វើឡើង​នៅក្នុង​វិទ្យាល័យ​គោក​ដូង ស្ថិតក្នុង​ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោកស្រី ហិញ ហាច ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប និង លោក បេង ក្រេះ អភិបាលរង​ស្រុក​អង្គរជុំ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​អនុប្រធាន និង​មន្ត្រីរាជការ​នៃ​មន្ទីរ​កិច្ចការនារី​ខេត្ត អាជ្ញាធរ​ស្រុក អាជ្ញាធរ​ឃុំ លោកនាយក​សាលា សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រមាណ​ជាង​២០០​នាក់ ។​

​លោកស្រី ងិន សារិន អនុប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្ត បាន​ថ្លែងថា យុទ្ធនាការ​១៦ ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​នេះ ត្រូវបាន​រៀបចំ​ធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​នៅ​ទូទាំង​ពិភពលោក ដែល​រហូតមកដល់​ប​ច្ចុ​ប្បន្ន​ទិវា​នេះ បានក្លាយ​ទៅជា​ទិវា​អន្តរជាតិ ដែល​អង្គការសហប្រជាជាតិ​បានកំណត់​ជា​ផ្លូវការ​លេខ A/RES/54/134 ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​១៩៩៩ ហើយនឹង​បានប្រកាស​ទទួលស្គាល់ថា ជា​ទិវា​អន្តរជាតិ លុបបំបាត់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី តាមរយ​:​មហាសន្និបាត​លើក​ទី​៨៣ របស់​អង្គការសហប្រជាជាតិ ដូច្នេះ​ក្នុងកំឡុងពេល​នៃ​យុទ្ធនាការ​១៦ ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​នេះ បូរ​ពណ៌​ស ត្រូវបាន​បំពាក់​ឲ្យ​ប្រជាពលរដ្ឋ ជាពិសេស​បុរស ព្រោះ​បូរ​ពណ៌​ស​នេះ ជា​សញ្ញា​នៃ​ការសន្យា​របស់​ពួកគេ ដើម្បី​បញ្ឈប់​អំពើ​ហឹ​ង្សា​លើ​ស្ត្រី ខណៈ​ជាទូទៅ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ត្រូវបាន​គេ​ចាត់ទុកថា ជា​ទិវា​អន្តរជាតិ​នៃ​ការ​សម​គ្គី​ភាព​របស់​បុរស​ប្រ​ឆាំ នឹង​អំពើ​ហឹ​ង្ស​របស់​បុរស​លើ​ស្ត្រី ហេតុ​ដូច្នេះហើយ ទើប​ជា​រៀងរាល់ឆ្នាំ​យុទ្ធនាការ​នេះ ត្រូវបាន​គេ​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​១០ ខែធ្នូ ។​

​លោកស្រី ហិញ ហាច ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប មានប្រសាសន៍​បន្តថា នៅក្នុង​ឆ្នាំ​នីមួយៗ​យុទ្ធនាការ​១៦​ថ្ងៃ បាន​ផ្តោតទៅលើ​ការយកចិត្តទុកដាក់​រា​ល់​ទម្រ​ង​នៃ​អំពើ​ហឹ​ង្សា​លើ​ស្ត្រី និង​កុមារ ក្នុងនោះ​ក្រសួង​កិច្ចការនារី និង អាជ្ញាធរខេត្ត តែងតែ​សហការ​ជាមួយ​អង្គការ​មិនមែន​រដ្ឋាភិបាល ក៏ដូចជា​ក្រុមហ៊ុន​ឯកជន ដើម្បី​ប្រារព្ធ​ពិធី​នេះ​ឡើង ក្នុង​គោលបំណង​បញ្ឈប់​អំពើហិង្សា​គ្រប់​រូបភាព​ទៅលើ​ស្ត្រី យុវវ័យ និង​កុមារ ដើម្បី​លើកកម្ពស់​ភាព​សុខដុម​រម្យ​នា និង​ភាពរុងរឿង​ក្នុង​ក្រុមគ្រួសារ ក៏ដូចជា​នៅតាម​កន្លែងធ្វើការ​ជាដើម ។​

​លោកស្រី ហិញ ហាច មានប្រសាសន៍​បន្ថែមថា អំពើហិង្សា​ក្នុង​គ្រួសារ និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​ស្ដ្រី និង​ក្មេងស្រី​តែងតែ​កើតមាន​ឡើងជា​រៀងរាល់ថ្ងៃ និង​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក ហើយ​អំពើហិង្សា​ទាំងនោះ​កើតឡើង​មាន​គ្រប់​រូបភាព​ដោយ​វា​កាន់តែ​អាក្រក់​ទៅៗ​ដែល​ស្ត្រី និង​កុមារី​នៅតែ​បន្ត​ជា​កម្មវត្ថុ​នៃ​អំពើហិង្សា​លើ​រូប​កាយ ផ្លូវចិត្ត ផ្លូវភេទ នៅក្នុង​ជីវភាព​ប្រចាំថ្ងៃ ដូច្នេះ​សកម្មភាព​នៃ​យុទ្ធនាការ​១៦ ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី​ជាច្រើន ត្រូវបាន​ធ្វើជា​សកល ដែល​សកម្មភាព​សំខាន់ៗ​ទាំងនោះ រួមមាន​៖ ការពាក់​បូរ​ពណ៌​ស ការដើរ​ក្បួន​តាម​ទីសាធារណ​: ការរៀបចំ​អង្គ​មី​ទិ្ទ​ញ ការរៀបចំ​សម្ភារ​អបរំ ការរៀបចំ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ព័​ត៍​មាន កាសែត ទរ​ទស្សន៍ ការ​ជិះ​កង់ និង​ការសំដែង​សិល្ប​: ជាដើម ។​

​លោកស្រី ហិញ ហាច មានប្រសាសន៍​បន្ថែមទៀត​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាប់​ទុក​ការលុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី​ជា​កម្មវិធី​អទិភាព​មួយ​ដែល​គ្រប់ ស្ថាប័នរដ្ឋ ឯកជន និង​សង្គម​ស៊ីវិល​ត្រូវតែ​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​ទប់​ស្គា​ត់ លុបបំបាត់ និង​ការពារ​ជនរងគ្រោះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព ដោយ​បង្កើត​គោលនយោបាយ និង​ក្របខណ្ឌ​គតិយុត្ត ដើម្បី​ដោះស្រាយ​បញ្ហា​អំពើហិង្សា​លើ​ស្ត្រី និង​ច្បាប់​ផ្សេងៗ​ទៀត សំដៅ​ការពារ​សិទ្ធ​របស់​ស្ត្រី និង​កុមារ​ផងដែរ ៕​