អាជ្ញាធរ​ខេត្តសៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​អាជ្ញាធរខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េ ជួបពិភាក្សា​គ្នា​លើ​ការងារ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​

កាលពី​រសៀល​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ លោក ពិន ប្រាកដ អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ អភិបាលខេត្ត​សៀមរាប បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក Na Sa-yeol អភិបាលរង​ខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ក្នុង​គោលបំណង ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​ទៅវិញទៅមក សម្រាប់​ជា​មូលដ្ឋានគ្រឹះ ក្នុង​កិច្ចអភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍ ឲ្យ​កាន់តែ​មានការ​រីកចម្រើន ព្រមទាំង​ពង្រឹង​ចំណង​សម្ព័ន្ធមេត្រីភាព​ឲ្យ​កាន់​រឹងមាំ​រវាង​ខេត្ត​ទាំងពីរ ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​នាយករង​រដ្ឋបាល​ខេត្ត , នាយក​ទីចាត់ការ​ចំណុះ​សាលាខេត្ត , ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​សហការី​អមដំណើ​គណៈប្រតិភូ​ខេត្ត​ជុង​ចុង​ណាំ​ដូ នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង សរុប​ចំនួន​៤០​នាក់​។

​ក្នុងឱកាស​នោះ លោក Na Sa-yeol បានធ្វើការ​កោតសរសើ​រលើ​ការអភិវឌ្ឍ និង ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ខេត្តសៀមរាប ហើយ​លោក​សន្យា​នឹង​បន្តធ្វើ​កិច្ចសហការ​ល្អ​រវាង​គ្នា ក្នុង​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ខ្លាំងក្លា និង​ស៊ីជម្រៅ​លើ​គ្រប់​វិស័យ ទាំង​នយោបាយ សេដ្ឋកិច្ច សុខាភិបាល អប់រំ និង​កីឡា ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​លើកស្ទួយ​ដល់​សេដ្ឋកិច្ច​ប្រទេស ជាតិ និង​សេដ្ឋកិច្ច ប្រជាជន​នៃ​ខេត្ត​ទាំងពីរ ៕