នាព្រឹកថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំក្នុងកិច្ចប្រជុំបន្ទាន់មួយ ស្ដីពីការចាត់វិធានការបង្ការ ការទប់ស្កាត់ និងការដោះស្រាយបញ្ហាប្រឈមនានា ដែលអាចកើតមានឡើងជុំវិញបាតុភាពឆ្លងជំងឺកូវីដ – ១៩ នៅក្នុងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការ មេបញ្ជាការរងកងកម្លាំងប្រដាប់អាវុធ អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពក្នុងខេត្ត នាយកទីចាត់ការសាលាខេត្ត តំណាងពាណិជ្ជករ អាជីវករ តំណាងធនាគាររដ្ឋ និងឯកជន និងអ្នកពាក់ព័ន្ធក្នុងខេត្តច្រើននាក់ ។
គោលបំណងសំខាន់នៅក្នុងកិច្ចប្រជុំនេះ គឺមានលើកយកករណីជំងឺឆ្លងផ្លូវដង្ហើមកូវីដ -១៩ (Covid- 19) ធ្វើឲ្យមានការប៉ះពាល់ដល់ជីវិតមនុស្ស និងការរស់នៅ របស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសការប្រមូលធាតុចូលសំខាន់ៗជាច្រើន ពាក់ព័ន្ធនឹងកិច្ចដំណើរការធ្វើអាជីវកម្មពីគ្រប់វិស័យ និងអ្នកពាក់ព័ន្ធ ដើម្បីធ្វើរបាយការណ៍ជូនរាជរដ្ឋាភិបាលក្នុងការដោះស្រាយនាពេលខាងមុខ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានធ្វើការណែនាំដល់គ្រប់អង្គភាព និង អ្នកពាក់ព័ន្ធទាំងអស់ សូមឲ្យបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានការភ័យខ្លាច និងសិក្សាលទ្ធភាពនានា ក្នុងការជួយដល់ក្រុមហ៊ុន សហគ្រាស ជាពិសេសជីវភាពរបស់និយោជិតជាដើម ។
ក្រោយពីពិភាក្សារួចមក ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានដាក់បានដាក់ចេញនូវវិធានការ និង ការណែនាំមួយដូចខាងក្រោម ៖
១. ចូលរួមតាមដានព័ត៌មានពិត និងចាត់វិធានការបំពុលព័ត៌មានបានបង្កផលប៉ះពាល់ដល់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈ។ អាជ្ញាធរខេត្តនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកបំពុលព័ត៌មាន ដោយចាត់ឲ្យស្នងការនគរបាលខេត្តចាត់វិធានការ ។
២. រួមគ្នាបើកយុទ្ធនាការ ដោយសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត មន្ត្រីរាជការ វិស័យឯកជន ចូលរួមចលនាសំអាតកំចាត់មេរោគនៅតាមទីប្រជុំជន និងកន្លែងសំខាន់ៗ មួយចំនួនទៀត។
៣. មន្ទីរសុខាភិបាលខេត្ត ស្នងការដ្ឋាននគរបាលខេត្ត កងអាវុធហត្ថខេត្ត ត្រូវសហការជួយរុករកអ្នកមានទំនាក់ទំនងជាមួយជនជាតិជប៉ុនរួចហើយ។ ចំពោះអ្នកជាប់ផ្ទាល់ ៤នាក់ វិជ្ជមាន១នាក់ ចំពោះអ្នកជាប់ផ្ទាល់ជាមួយអ្នកឆ្លងជាជនជាតិខ្មែរ ៣នាក់ មិនឆ្លងទេ។
៤. បន្តការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាប្រក្រតី ដើម្បីត្រៀមទទួលភ្ញៀវក្រោយចប់វិបត្តិកូវីដ-១៩ ។
៥. បន្តសំអាតស្ទឹងសៀមរាប តាមរយៈការវិនិយោគស្ទឹងសៀមរាប ដោយត្រូវរួសរាន់ក្នុងការជម្រុញការបើកការដ្ឋាន
៦. ក្រុង ស្រុកទាំង១២ ត្រូវបន្តរៀបចំសក្តានុពល ទេសចរណ៍ ជាអេកូទេសចរណ៍ និងវប្បធម៌ ដោយពន្លឿនការសិក្សា យ៉ាងយូរមិនអោយលើសមួយឆ្នាំ
៧. ការត្រួតពិនិត្យម្ហូបអាហារ ចំណីអាហារ ដោយពាណិជ្ជកម្ម កាំកុងត្រូល ត្រូវពិនិត្យដោយយកចិត្តទុកដាក់។ បំផុសចលនារៀបចំអោយមានម្ហូបអាហារជអត្តសញ្ញាណក្រុង ស្រុកនីមួយ ក៏ដូចជារួមចំណែកទាក់ទងភ្ញៀវទេសចរណ៍៕