រដ្ឋបាល​ខេត្តសៀមរាប ប្រកាស​ផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន លើ​កំណាត់​ផ្លូវ​ហ្សា​ដឺ​ហ្គោល ចាប់ពី​ចំណុច​មហាសណ្ឋាគារ​អង្គរ​រហូតដល់​ចំណុច​រង្វង់​មូល​ស្ពាន​ព្រះរាជដំណាក់ ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០

តាម​ខ្លឹមសារ​សេចក្តីជូនដំណឹង​មួយ របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តសៀមរាប នឹង​រៀបចំ​ប្រារព្ធ​ពិធី​អបអរសាទរ​ពិធីបុណ្យ​ខាងលើនេះ នា​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ឈានចូល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ នៅ​សួនច្បារ​មុខ​ព្រះរាជដំណាក់ ក្រុង​សៀមរាប ខេត្តសៀមរាប និង​មាន​ការបាញ់​កាំជ្រួច​អបអរសាទរ​ព្រមទាំង​មានការ​ប្រគុំ​តន្ត្រី​សម្រាប់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវទេសច​ជាតិ និង​អន្តរជាតិ ទស្សនា​កម្សាន្ត ដូច្នេះ ដើម្បី​ធានាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ព្រមទាំងការ​កកស្ទះ​ចរាចរណ៍​ក្នុង​ក្រុង​សៀមរាប ក៏ដូចជា​ក្នុង​បរិវេណ​កន្លែង​ប្រារព្ធ​ពិធី រដ្ឋបាល​ខេត្តសៀមរាប សូម​ធ្វើ​ការផ្អាក​ការធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន នៅ​កំណាត់​ផ្លូវ​ហ្សា​ដឺ​ហ្គោល ចាប់ពី​ចំណុច​មហាសណ្ឋាគារ​អង្គរ​រហូតដល់​ចំណុច​រង្វង់​មូល​ស្ពាន​ព្រះរាជដំណាក់ ចាប់ពី​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ ។

​រដ្ឋបាល​ខេត្តសៀមរាប សង្ឃឹម​ជឿជាក់ថា បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន​ទាំងអស់ មេត្តា​យោគយល់​អធ្យាស្រ័យ និង​ចូលរួម​សហការ​អនុវត្ត​ឲ្យ​បានល្អ​ប្រសើរ ៕​