អភិបាលខេត្ត​សៀមរាប ចូលរួម​ជិះ​កង់​នាំមក​នូវ​សុខភាព​ល្អ និង​ជា​កត្តា​នៃ​សាមគ្គីភាព​មួយ​ដ៏​រឹងមាំ​ដែល​ស្តែង​ចេញពី​យុវជន​ជ្រក​ក្រោម​ម្លប់​សន្តិភាព​

កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ ២០១៩​នេះ សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) បានរៀបចំ​កម្មវិធី​ជិះ​កង់​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ក្រោម​ការដឹកនាំ​ដោយ​លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) ដោយមាន​ការចូលរួម​របស់​ឯកឧត្តម ទៀ សី ហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកជំទាវ , លោកស្រី ហ៊ុន ម៉ា​ណា អគ្គនាយិកា​វិទ្យុ​និង​ទូរទស្សន៍​បាយ័ន រួមទាំង​អស់លោក លោកស្រី ជា​សមាគម​ចលនា​យុវជន​កម្ពុជា តាម​បណ្តា​រាជធានី ខេត្ត និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុមយុវជន​កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​ចូលរួម​ផងដែរ ។

​លោក ម៉ឹង ពន្លក បាន​ឲ្យ​ដឹងថា សមាសភាព​ដែល​បាន​ចូលរួម​កម្មវិធី​ជិះ​កង់​នេះ គឺ​មកពី​ក្រុម​សមាគម​ចលនា​យុវជន​កម្ពុជា រាជធានី ខេត្ត សំខាន់ គឺ​ខេត្តសៀមរាប ដែលមាន​ចំនួន​កង់​ចូលរួម​សរុប ៣១០​កង់ ក្នុងការ​ប្រ មូល​មូលនិធិ​ទ្រទ្រង់ មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ដោយ​ទទួលបាន​ថវិកា​គិត​ជា​ប្រាក់​ខែ្មរ ចំនួន ៧៥​លាន​រៀល និង ប្រាក់​ដុល្លារ ៥៩​ពាន់​៦០០​ដុល្លារ​អាមេរិក ដែល ទទួលបាន​ពី​សប្បុរសជន​ទាំង​ក្នុង ក្រៅប្រទេស ជូន​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ដែល​ថវិកា​ទាំងនេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​យកចិត្តទុកដាក់រ​បស់​ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែ ល​ជា​បិតា​សន្តិភាព​នៅ​កម្ពុជា​។

​លោក ម៉ឹង ពន្លក បាន​ឲ្យ​ដឹង​ទៀតថា ដោយ​កត្តា​សន្តិភាព​នេះហើយ ដែល​ធ្វើ​ឲ្យ​យុវជន​យើង​មាន​សិទ្ធិ​ជ្រើសរើស និង​បាន​ចូលរួម​ក្នុង​កិច្ចការពារ​កសាង និង​អភិវឌ្ឍន៍​ប្រទេស ដែលជា​ច្រើនលើក​មកហើយ នៅ​រៀងរាល់ឆ្នាំ សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម ១៥៧ ) ក្នុង​ការរៀបចំ​កម្មវិធី​ជិះ​កង់ ដោយ​ផ្អែកលើ​ទស្សន​វិ​ស្ស័​យ​រួមគ្នា​ជួយ​ដល់​សង្គម និង​ពង្រឹង​សកម្មភាព​មនុស្សធម៌ ជាពិសេស​ការរៀបចំ​ក​ម្ម​វិធី​ជិះ​កង់​សប្បុរស ដើម្បី​មន្ទីរពេទ្យ​គុន្ធបុប្ផា​ខេត្តសៀមរាប ដែល​កំពុង​ត្រូវការ​ការចូលរួម​ជា​ចាំបាច់​សម្រាប់​ការជួយ សង្គ្រោះ​ជីវី​ត​កុមារ​រាប់ពាន់នាក់​ជា​រៀងរាល់ថ្ងៃ​។

​លោក ម៉ឹង ពន្លក បាន​ឲ្យ​ដឹង​បន្ថែមទៀតថា កម្មវិធី​ឆ្នាំនេះ បានជ្រើសរើស​យក​ខេត្ត​ប្រវត្តិសាស្ត្រ​សៀមរាប ដែលជា​ខេត្ត​សម្បូរ​នូវ​សម្បត្តិ​វប្បធម៌​ដ៍​សម្បូរបែប មាន​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន​ធម៌​ជាតិ ដែលជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរណ៍​លើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ហើយ​ចំពោះ​ការ​ជិះ​កង់​នេះ គឺ​បាន​ផ្តល់នូវ​សុខភាព​មាំមួន មាន​ភាពស្រស់ថ្លា​នៃ​គំនិត ហើយក៏​ជា​កត្តា​នៃ​មហា​សាមគ្គី​មួយ​ដ៏​រឹងមាំ​ដែល​ស្តែង​ចេញពី​កម្លាំង​យុវជន យើង​គ្រប់រូប​ជ្រក​ក្រោម​ដំបូល​សុខសន្តិភាព ហើយ​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម​១៥៧) គឺ​នៅតែ​បន្តធ្វើ​កម្មវិធី​ជិះ​កង់​ប្រមូល​មូលនិធិ​ជួយ​ដល់​មន្ទីរ ពេទ្យ​គន្ធបុប្ផា ជា​រៀងរាល់ឆ្នាំ ក្នុងការ​ទ្រទ្រង់​សុខភាព មាតា និង​ទារក​សំខាន់​ចំពោះ​កុមារៗ ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ​អី្វ​ឡើយ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​ថ្លែង​នូវ​អំណរគុណ ចំពោះ​សមាគម​ចលនា​យុវជន​កម្ពុជា (​ក្រុម ១៥៧) ដែល​បាន​ជ្រើស​យក​ខេត្តសៀមរាប ធ្វើ​កម្មវិធី​ជិះ​កង់​ប្រមូល​មូលនិធិ​ទ្រទ្រង់​មន្ទីរពេទ្យ​គន្ធបុប្ផា​ខេត្តសៀមរាប ហើយ​នៅ​ជា​រៀងរាល់ឆ្នាំ​មន្ទីរពេទ្យ​គន្ធបុប្ផា បានទទួល​ប្រាក់​បន្ថែម​លើ​ការលក់​សំបុត្រ​ទស្សនា​អង្គរ ព្រមទាំង​មាន​សប្បុរសជន​ក្នុង និង ក្រៅ​ស្រុក បាន​បរិច្ចាគ​ឧបត្ថម្ភ​គាំទ្រ​ដល់​មន្ទីរពេទ្យ ម្យ៉ាងទៀត​ដោយ​មន្ទីរពេទ្យ​គន្ធ បុប្ផា​ខេត្តសៀមរាប ត្រូវបានធ្វើ​ការព្យាបាល​ជំងឺ​កុមារ និង​ស្ត្រី​មកពី​គ្រប់​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្ដម ទៀ សីហា មានប្រសាសន៍​ទៀតថា ខេត្តសៀមរាប មាន​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​កុមារ​ចំនួន​២​កន្លែង គឺ​មន្ទីរពេទ្យ​គន្ធបុប្ផា និង មន្ទីរពេទ្យ​កុមា​អង្គរ គឺ​ត្រូវការ​ពឹងផ្អែក​ការចូល រួម​ពី​សប្បុរសជន និង​ជំនួយ​ផ្សេងៗ​ផងដែរ ដូច្នេះ​តាមរយៈ​នេះ សង្ឃឹម​យ៉ាង​មុតមាំ​ថា កម្មវិធី​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​នៃ​សកម្មភាព​មនុស្សធម៌​ប្រចាំឆ្នាំ ដើម្បី​មោទនភាព​របស់​សង្គមជាតិ ជា​ព្រឹត្តិការណ៍​បង្កើត​ភាពកក់ក្តៅ​ជូន​ប្រជាពលរដ្ឋ និង​កុមារ​កម្ពុជា​ទូទាំងប្រទេស​។​

​សូមបញ្ជាក់​ផងដែរ​ថា ក្នុង​សកម្មភាព​នៃ​ការ​ជិះ​កង់​នេះ ដោយ​ធ្វើដំណើរ​ក្នុង​ចម្ងាយ ៣៦​គីឡូម៉ែត្រ ដោយបាន​ចាប់​ចេញពី​ចំណុច​អង្គរ​ឃ្យុ​ង​យូរ ទៅកាន់​មុខ​ព្រលាន​ជល់​ដំរី ដោយ​ធ្វើការ​ជិះ​ឆ្លងកាត់​នៅតាម​តំបន់​មាន​ឧបសគ្គ​កាត់​ព្រៃ​នៅ​ភូមិ ក្នុង​តំបន់​អង្គរ ហើយ​បន្តដំណើរ​តាម​វង់​ធំ ជិះ​កាត់​ព្រៃ ឆ្លងស្ពាន​យោល និង​បាន​បន្ត​ដំ ណើ​រ​ឆ្ពោះ​មកកាន់​មន្ទីរពេទ្យ​គន្ធបុប្ផា ដើម្បី​ធ្វើ​ពិធី​បញ្ចប់​កម្មវិធី​រប​ស់​ខ្លួន ៕​