អភិបាលខេត្ត​សៀមរាប​បញ្ជាក់ថា ការរៀបចំ​ព្រឹត្តិការណ៍​កំសាន្ត​ក្នុង​ថ្ងៃ​ឈប់សម្រាក មាន​អត្ថន័យ​ស្មើនឹង​ការផលិត​ស្បត​ផ្សព្វផ្សាយ សៀមរាប​-​អង្គរ គឺជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​របស់​កម្ពុជា​

ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ស្ថិតនៅក្នុង​វិបត្តិ​កូ​វីដ​១៩ ក្នុង​រយៈពេល​ជាង​កន្លះ​ឆ្នាំ​កន្លងមកនេះ ខេត្តសៀមរាប​បាន​ប្រើប្រាស់​អំឡុង​ពេលនោះ ជា​ឱកាស​នៃ​រៀបចំ​ត្រៀមលក្ខណៈ​សម្បត្តិ ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​រស់​ឡើងវិញ និង​ប្រសើរ​ជាង​មុន ក្រោយ​ពេលដែល​វិបត្តិ​កូ​វីដ​១៩ ស្ងប់ស្ងាត់​ទៅវិញ ដូច្នេះ​មកដល់ពេលនេះ វា​គឺជា​កាលៈទេសៈ​ដែល​ត្រូវបាន​គិតគូរ អំពី​ការ​បង្ហើប​ឲ្យ​មាន​ដង្ហើម​សេដ្ឋកិច្ច​ជា​បណ្តើរៗ​ឡើងវិញ តាមរយៈ​នៃ​វិស័យ​ទេសចរណ៍ តែ​មិន​ត្រូវបាន​ឃ្លាតឆ្ងាយ​អំពី​ការពង្រឹង​វិធានការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ដើម្បី​សុខភាព​ប្រជាជន និង​ដើម្បី​សុវត្ថិភាព​សហគមន៍​នោះឡើយ ជាពិសេស​ការអនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង ការណែនាំ​របស់​ក្រសួងសុខាភិបាល ក្នុងការ​ការពារ និង ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា ថ្ងៃទី​១៧ និង​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២០​ខាងមុខ​ដែលជា​ថ្ងៃ​សង​ថ្ងៃ​ឈប់សម្រាក​បុណ្យចូលឆ្នាំ​នោះ អាជ្ញាធរ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប គ្រោង​នឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​កំសាន្ត ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​អំពី​សក្តានុពល​ទេសចរណ៍​សុវត្ថិភាព រួមមាន ៖ កម្មវិធី​សាសនា , កម្មវិធី​អុំទូក​កំសាន្ត , កម្មវិធី​ជិះ​កង់​តាម​តំបន់​ប្រាសាទ និង កម្មវិធី​ដើរ​ព្រៃ ដែលជា​ការកំសាន្ត​តាម​រមណីយដ្ឋាន​ធម្មជាតិ ដូច្នេះ​គោលបំណង​សំខាន់ នៃ​ការរៀបចំ​ព្រឹត្តិការណ៍​កំសាន្ត​នេះ គឺជា​ការផលិត​ស្បត​ផ្សព្វផ្សាយ សៀមរាប​-​អង្គរ ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព​របស់​កម្ពុជា ហើយក៏​ជាការ​អំពាវនាវ​ជំរុញ​ឲ្យ​មាន​ដំណើរការ​ចរន្ត​ទេសចរណ៍​ក្នុងស្រុក​ផង និង​ជា​ឱកាស បង្ហើប​ឲ្យ​មានការ​វិនិយោគ​រួមគ្នា​ផងដែរ រវាង​វិស័យ​សុខាភិបាល​និង​វិស័យសេដ្ឋកិច្ច ក្នុងស្ថានភាព​នៃ​វិបត្តិ​កូ​វីដ​១៩ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​យ៉ាង​ដូច្នេះ ក្នុងឱកាស​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​កំសាន្ត​មួយចំនួន​នៅ​ខេត្តសៀមរាប ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​សង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខាងមុខ កាលពី​រសៀល​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​អភិបាលរង​ខេត្ត , ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត សៀមរាប , នាយក នាយករង​រដ្ឋបាល​សាលាខេត្ត , តំណាង​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត , អាជ្ញាធរ​ក្រុង ស្រុក និង វិស័យ​ឯកជន​ពាក់ព័ន្ធ​ក្នុង​ខេត្ត​មួយចំនួនទៀត ៕​