អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ប្រកាស​តែងតាំង​លោក ស៊ិន ចាន់ថុល ជា​អភិបាលស្រុក​ពួក ខណៈ​មន្ត្រី​០៣​រូប​ផ្សេងទៀត ត្រូវបាន​ប្រកាស​ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង​ស្រុក និង នាយក​រដ្ឋបាល​សាលាស្រុក​

នា​រសៀល​ថ្ងៃទី​០៩ ខែ តុលា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​លោក ស៊ិន ចាន់ថុល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ជា​អភិបាលស្រុក​ពួក​ស្តីទី ត្រូវបាន​ប្រកាស​ចូលកាន់​តំណែង​ជា​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពួក តាម​អនុ​ក្រឹ​ត​លេខ​១២០៣ អនក្រ​.​ត​ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ជំនួស​លោក ម៉ៅ វិសុទ្ធ ដែល​ត្រូវបាន​ចូលនិវត្តន៍ និង បានតែងតាំង​លោក សុខ ជា ឋានន្តរ​ស័​កិ្ត​អនុមន្ត្រី​ថ្នាក់​លេខ​៣ , លោក សាន ណា​រិត ឋានន្តរ​ស័​កិ្ត​នាយក្រមការ​ថ្នាក់​លេខ​៦ ឲ្យ​កាន់តំណែង​ជា​អភិបាលរង​ស្រុក​ពួក និង លោក សែន បូរី ឋានន្តរ​ស័​កិ្ត​លេខាធិការដ្ឋាន​រដ្ឋបាល ថ្នាក់​លេខ​៧ ត្រូវបាន​ប្រគល់​ភារកិច្ច​ឲ្យ​កាន់​មុខតំណែង ជា​នាយក​រដ្ឋបាល​សាលាស្រុក​ពួក តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ។

​លោក ស៊ិន ចាន់ថុល អភិបាលស្រុក​ពួក បាន​សម្ដែង​នូវ​ការដឹង​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង អភិបាលខេត្ត​សៀមរាប ដែល​បានផ្ដល់​ការទុកចិត្ត​មកលើ​រូបលោក ឲ្យ​ធ្វើជា​ថ្នាក់ដឹកនាំ​ស្រុក​ស្វាយ​លើ ហើយ​បាន​ប្ដេជ្ញាចិត្ត​អនុវត្តន៍​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន , គាំទ្រ​និង​អនុវត្តន៍​នូវ​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា , គោលការណ៍​ដឹកនាំ​ចង្អុលបង្ហាញ​របស់​ឯក​ឧត្ដម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម​អភិបាលខេត្ត និង ប្ដេជ្ញា​ខិតខំ​ទប់ស្កាត់ លុបបំបាត់​រាល់​បាតុភាព​អសកម្ម​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ព្រមទាំង​យកចិត្តទុកដាក់​រៀបចំ កសាង និង អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នៅក្នុង​ស្រុក​ស្វាយ​លើ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់ថា តាមច្បាប់​ក្រឹត្យក្រម​របស់​មន្ត្រីរាជកា​រ​គ្រប់រូប ដែល​បាន​បម្រើ​ការងារ​គ្រប់​អាណត្តិ​របស់ខ្លួន ឬ ក៏បាន​គ្រប់​អាយុ​បំពេញការងារ គឺ​ត្រូវ​ចូលនិវត្តន៍ មិន​ថា​ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​ឡើយ ហើយ​ការប្រកាស​ចូលកាន់​តំណែង​ជា​អភិបាលស្រុក​នេះ ក៏មាន​ការជឿជាក់​យ៉ាងច្បាស់​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងមហាផ្ទៃ និង អាជ្ញាធរខេត្ត​ចំពោះ​មន្ត្រី ថ្នាក់ដឹកនាំ​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដែលជា​ការលើកទឹកចិត្ត​ដល់​មន្ត្រី ឲ្យ​បន្ត​ខិតខំ​បំពេញភារកិច្ច ក្នុងការ​បម្រើ​ជាតិ​មាតុភូមិ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​បន្ថែមថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​ទាំងមូល​មាន​សុខសន្តិភាព និង មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ដូច្នេះ​ក្នុងឱកាស​ដែល​លោក ស៊ិន ចាន់ថុល ទទួលបាន​ការតែងតាំង​ជា​អភិបាលស្រុក​ពួកនេះ ត្រូវ​រក្សា​នូវ​ចំណង​ស្មារតី​សាមគ្គី និង ឯកភាព​ផ្ទៃក្នុង​ក្នុង​ជួរ​គណៈ​អភិបាលស្រុក ក្រុមប្រឹក្សា​ស្រុក មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក្នុងស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង ក្រុមប្រឹក្សាឃុំ​ឲ្យ​បានល្អ​ប្រសើរឡើង ដើម្បី​រួមគ្នា​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត ជាពិសេស ត្រូវ​គិតគូ និង ពិចារណា នូវ​ការបង្កើត​ភូមិ​មួយ​ផលិតផល​មួយ ការបង្កើត​រមណីយដ្ឋាន​ថ្មីៗ​បន្ថែម ជាមួយនឹង​រមណីយដ្ឋាន​ដែលមាន​ស្រាប់ ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ដែលជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​ជីវ​ភាព​របស់​នៅ​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរឡើង ហើយ​ត្រូវ​រួមគ្នា​ការពារ​នូវ​សេចក្ដីសុខក្សេមក្សាន្ត​រប​ស់បង​ប្អូន​ប្រជាពលរដ្ឋ​យើង ។

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា ជាមួយគ្នានេះដែរ ត្រូវ​បង្កើន​នូវ​ការយកចិត្តទុកដាក់​ក្នុងការ​បម្រើសេវា​សាធារណៈ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុង​តម្រូវការ​ចាំបាច់​សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ , ត្រូវ​ទប់ស្កាត់​ឲ្យ​បានជា​ដាច់ខាត និង ទាន់ពេលវេលា​នូវ​ការទន្ទ្រាន​យក​ដី​ដោយ​ខុសច្បាប់ ជាពិសេស​អាជ្ញាធរ​ស្រុក ឃុំ និង ភូមិ មិនត្រូវ​នៅ​ពីក្រោយ​ខ្នង ឬក៏​ជា​អ្នក​ញុះញង់​ឲ្យ​កើត​មាននូវ​បទល្មើស​នេះឡើយ ៕​