អភិបាលខេត្ត​សៀមរាប ចុះ​ពិនិត្យ​ការជួសជុល​ផ្លូវ និង​ប្រឡាយទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប​

នៅ​ព្រឹក​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​ប្រតិភូ​អន្តរមន្ទីរ ចុះ​ពិនិត្យ​ជួសជុល​ផ្លូវ​មួយកន្លែង​មាន​ប្រវែង​២៣៥​ម៉ែត្រ នៅក្បែរ​តំបន់​ផាប់​ស្ទ្រី​ត ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប ដែល​គ្រោង​នឹង​ស្ថាបនា​ជា​ផ្លូវ​កៅស៊ូ​បេ​ទី​ម ក្នុង​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ដំណើរការ​ស្នើសុំ​ថវិកា​របស់​រដ្ឋបាល​សាលាខេត្ត​សៀមរាប ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​សម្រេច ខណៈ​បច្ចុប្បន្ន​កំពុងតែ​ដំណើរការ ។

​ក្នុងឱកាស​ចុះ​ពិនិត្យ​ផ្លូវ ឯកឧត្តម ទៀ សីហា បានធ្វើ​ការណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត និង អាជ្ញាធរ​ក្រុង​សៀមរាប ត្រូវសុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អាស្រ័យ​ដោយ​ផ្លូវ​ទាំងនេះ ឲ្យ​ពួកគាត់​មានការ​ចូលរួម​សហកា​រ​ជាមួយ​ក្រុម​វិស្វកម្ម​សាធារណការ ក្នុង​ការរៀបចំ​ប្រព័ន្ធ​លូបង្ហូរទឹក​ភ្លៀង​ឲ្យ​បាន​រួចរាល់ មុន​ការរៀបចំ​ធ្វើការ​ជួសជុល​ស្ថាបនា​ផ្លូវ​ទាំងនេះ ដើម្បី​បញ្ជៀ​ស​នូវ​ការ​ទឹក​ដក់​នៅលើ​ទ្រូងផ្លូវ ដែល​ធ្វើ​ឲ្យ​ផ្លូវ​ឆាប់​ខូចខាត ព្រមទាំង​សុំ​កុំ​ឲ្យ​បងប្អូន​យក​ដី​ចំណីផ្លូវ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ថ្មើរជើង និង អ្នកជិះ​កង់​ម៉ូតូ និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្នុង​ក្រុង​ទៀតផង ។

​បន្ទាប់មក ឯកឧត្តម ទៀ សីហា និង​ប្រតិភូ​អន្តរមន្ទីរ បាន​ចុះ​ត្រួត​ពិនិត្យមើល​ប្រព័ន្ធ​ប្រឡាយទឹក​កខ្វក់ , ពិនិត្យ​បណ្តា​ផ្លូវ​ខ្នែង និង ផ្លូវបំបែក​ចេញពី​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស ដែល​ត​ភ្ជាប់​ទៅ​ផ្លូវ​ប្រឡាយ​ទឹកស្អុយ​ផ្នែក​ខាងលិច ដែលមាន​លក្ខណៈ​តូចចង្អៀត ហើយ​ផ្លូវ​បទ​បែន​ជាច្រើន​កន្លែង ព្រមទាំង​បាន​បង្ក​ឲ្យ​មានការ​គ្រោះថ្នាក់​ទៀតផង ។

​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ក្រុង និង សង្កាត់ ធ្វើការ​ជូនដំណឹង​ដល់​ប្រជាពលរដ្ឋ ដែល​បាន​សាងសង់​លំនៅដ្ឋាន សណ្ឋាគារ រំលោភ​លើដី​ផ្លូវ និង នៅលើ​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ចេញ ព្រោះថា​ខេត្ត​មាន​គម្រោង​ធ្វើការ​រៀបចំ​ផ្លូវ​មួយចំនួន សំខាន់​ស្ថិតក្នុង​តំបន់​ផ្សារ​រាត្រី ដោយ​យក​ទ្រូង​ខ្នង​លើ​ប្រឡាយ​ធ្វើជា​ផ្លូវ ក្នុងការ​បញ្ជៀ​សភាព​កកស្ទះ​ចរាចរណ៍ សម្រាប់តែ​យានយន្ត​តូចៗ តែប៉ុណ្ណោះ ។

​ឯកឧត្តម ទៀ សីហា បាន​ទទួលយក​សំណូមពរ​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​អម​តាមផ្លូវ ពី​កេស​រគោល ភ្ជាប់​មក​ផ្លូវ​សម្តេច​សង្ឃ ទេព វង្ស ដោយ​សុំ​ឲ្យ​បើកផ្លូវ​លក្ខណៈ​កដប​នេះ ដែលមាន​ប្រវែង​ប្រមាណ​៦០​ម៉ែត្រ ស្ថិតក្នុង​ភូមិ​ស្ទឹង​ថ្មី ដែល​បាន​ជាប់គាំង​ជាច្រើន​អាណត្តិ​មកហើយ​នោះ ដោយ​ឯកឧត្តម ទៀ សីហា បាន​បញ្ជាក់ថា ករណី​ផ្លូវ​នេះ គឺជា​ជម្ងឺ​រ៉ាំរ៉ៃ​យូ​មកហើយ ហើយ​អាជ្ញាធរខេត្ត​ក៏​មិន​ប្រ​ងើយ​កន្តើយ​ដែរ និង ចំពោះ​លំនៅដ្ឋាន​ដែល​ស្ថិតនៅ​សង្ខាង​ផ្លូវ​នេះ ខេត្ត​នឹងធ្វើ​ការអនុវត្ត​ទៅតាម​ច្បាប់​ភូមិបាល​ដែល​បានកំណត់ ព្រមទាំង​បានធ្វើ​ការណែនាំ​ដល់​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត និង អាជ្ញាធរ​ក្រុង សង្កាត់ ត្រូវ​សហការគ្នា ធ្វើការ​សិក្សា​ឡើងវិញ​ទៅលើ​កណាត់​ផ្លូវ​មួយ​នេះ ដើម្បី​បើក​ពង្រីក​ទ្រូងផ្លូវ ទៅតាម​ការកំណត់​រប​ស់​ច្បាប់​ភូមិបាល​ដែលមាន​ស្រាប់ ។

​ជាមួយគ្នានេះដែរ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បានធ្វើការ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប សំខាន់​បងប្អូន​ដែលមាន​លំនៅដ្ឋាន​តាម​ដងផ្លូវ និង ប្រឡាយទឹក​ទាំងនេះ សូម​ចូលរួម​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា​ក្រុមមន្ត្រី​ជំនាញ ក្នុងការ​ថែរក្សា​អនាម័យ បរិស្ថាន និង សណ្តាប់ធ្នាប់​សាធារណៈ សុំ​កុំ​យក​សំរាម​ចាក់​ចូលក្នុង​លូ ឬ ប្រឡាយ ដែល​ធ្វើ​ឲ្យ​ស្ទះ​នូវ​ចរន្តទឹក​ហូរ និង ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព​ក្រុង​ទៀតផង ពិសេស​សូម​ឲ្យ​បងប្អូន មានការ​សាមគ្គី​គ្នា​ឡើង កុំ​ឲ្យ​ចាំតែ​មើល​បណ្តាំ​គ្នា និង ធ្វើការ​រិះគន់​ចំពោះ​អាជ្ញាធរ និង មន្ទីរជំនាញ គឺ​យើង​ត្រូវ​ចូលរួម​សហការ​ទាំងអស់​គ្នា ដើម្បី​ជា​ផលប្រយោជន៍​បងប្អូន​ផង សង្គមជាតិ​ផង សំខាន់​ដោយ​ខេត្តសៀមរាប គឺជា​ខេត្ត​ទេសចរណ៍វប្បធម៌​ធម្មជាតិ ប្រវត្តិសាស្ត្រ ដែល​សម្បូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ និង រមណីយដ្ឋាន​ធម្មជាតិ បាន​កំពុង​ទាក់ទាញ​នូវ អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​នៅលើ​ពិភពលោក ចូលមក​ទស្សនា​កម្សាន្ត ៕​