អាជ្ញាធរ​ខេត្តសៀមរាប រៀបចំ​ពិធី​ក្រុង​ពាលី​និង​ប្រោះព្រំ​ទូក​-​ង ឈ្មោះ​ពិជ័យ​សេនា ខេមរា​មានជ័យ បារមី​អង្គរ ដើម្បី​ទៅ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​

ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​សាលាខេត្ត​សៀមរាប បានរៀបចំ​ធ្វើ​ពិធី​ក្រុង​ពាលី និង ប្រោះព្រំ​ទូក​-​ង ឈ្មោះ​ពិជ័យ​សេនា ខេមរា​មានជ័យ បារមី​អង្គរ ដើម្បី​ទៅ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ និង ទូក​-​ង ឈ្មោះ ហនុមាន សម្រាប់​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ នៅ​ខេត្តសៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត និង មន្ត្រី​អ្នកមុខអ្នកការ​នៃ​សាលា​ខេត្តសៀមរាប​ជាច្រើនរូប​ទៀត ។​

​ការធ្វើ​ពិធី​ក្រុង​ពាលី និង ប្រោះព្រំ​ទូក​-​ង​នេះ គឺ​ប្រព្រឹត្ត​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ពី​បុ​រម​បុរាណ​មក ដើម្បី​បួងសួង សូម​នូវ​ព្រះ​បារមី​ដ៏​ស័​ក្ត​សិទ្ធិ ព្រមទាំង​បារមី​ព្រះអង្គ​ចេក​ព្រះអង្គ​ចម លោកយាយ​ទេព តា​ដំបង​ដែក លោកតា​រាជ ព្រះអង្គ​តូច ព្រះអង្គ​ធំ គង់នៅ​ខ្នងភ្នំ​គូលែន និង បារមី​អ​រុក្ខ​អរ​ក្ស​អ្នកតា​គ្រប់ទិសទី និង ទេវតា​គង់​ថែរក្សា​នៅតាម​ប្រាង្គ​ប្រាសាទ​នានា ដែល​គង់ប្រថាប់​ថែរក្សា​នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ​អង្គរ​ដ៏​បវរ​នៃ​យើង តាម​ជួយ​ថែរក្សា​នូវ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប រួមទាំង​ក្រុមកីឡា​ចំណុះ​ទូក​ទាំងអស់​ផង សូម​ឲ្យ​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​សប្បាយ និង សេចក្ដីចម្រើន ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង អកអំបុក សំពះ​ព្រះ​ខែ ទាំង​នៅ​រាជធានី​ភ្នំពេញ និង នៅ​ខេត្តសៀមរាប ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០៩ ដល់ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ។​

​ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា​៖ ការរៀបចំ​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៩​នេះ នឹង​ប្រព្រឹត្តទៅ​នៅតាម​បណ្តោយ​ដងស្ទឹង​សៀមរាប ដោយមាន​រៀបចំ​នូវ​កម្មវិធី​កម្សាន្ត​ផ្សេងៗ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ ដែល​បាន​ចូលរួម​ទស្សនា​កម្សាន្ត អំពី​វប្បធម៌ ប្រពៃណី របស់​ប្រជាពលរដ្ឋ​ខែ្មរ​យើង ព្រមទាំង​ពិធី​ពិសារ​អំបុក​ការពារជាតិ សាសនា ព្រះមហាក្សត្រ ផងដែរ​។​

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​ទៀតថា​៖ ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​នេះ គឺធ្វើឡើង​ដើម្បី​រំលឹក និង គោរព​ដល់​វីរៈភាព​នៃ​បុព្វបុរស​ទាហាន​ជើង ទឹក​ជំនាន់​ដើម ដែល​បាន​ពលី ជីវិត​ក្នុងការ​ធ្វើសឹក​សង្គ្រាម​តាមផ្លូវ​ទឹក ក្នុងការ​កម្ចាត់​ពួក​សត្រូវ​ឈ្លានពាន ហើយ​ទទួលបាន​ជ័យជំនះ​ជូន​ជាតិ​មាតុភូមិ​អង្គរ​នៃ​យើង ហើយក៏​ជា​មធ្យោបាយ​មួយ ក្នុងការ​ទាក់ទាញ​នូវ​ចំណាប់អារម្មណ៍​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត និង ស្វែងយល់​ពី​ប្រវត្តិ នៃ​ការធ្វើ​សឹកសង្គ្រាម​តាមផ្លូវ​ទឹក ដែល​បុព្វបុរស​ខ្មែរ​យើង​បាន​ចារឹក​ទុក នៅតាម​ថ្ម​ជញ្ជាំង​ប្រាង្គ​ប្រាសាទបាយ័ន និង ប្រាសាទបន្ទាយឆ្មា​ផងដែរ ។​

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បន្ថែមទៀត​ថា ពិធី​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​លើកស្ទួយ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ហើយក៏​ជា​យុទ្ធសាស្ត្រ​ក្នុងការ​ផ្សព្វផ្សាយ​ដល់​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ ចូលមក​ទស្សនា​កម្សាន្ត នៅលើ​ទឹកដី​ប្រវត្តិសាស្ត្រ និង​ការបង្ហាញ​នៅ​ចំពោះ​សាធារណមតិ​ជាតិ អន្តរជាតិ អំពី​ភាព​សម្បូរបែប​ខាង​វិស័យ វប្បធម៌ អ​រី​យ​ធម៌​របស់​ខ្មែរ និង ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា កម្ពុជា កំពុងស្ថិត​ក្នុង​សុខសន្តិភាព សុខដុមរមនា ពេញលេញ​ទូទាំងប្រទេស ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម អ៊ឹង ហឿន បាន​សំណូមពរ​ដល់​បងប្អូន​ជា​កីឡាករ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុងនាម​ជា​អ្នក​កីឡាករ ត្រូវ​ចេះ​អត់ឱន អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅវិញទៅមក ព្រមទាំង​ថែរក្សា​សុខភាព​ទៀតផង និង​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អបអរ​សារ​ទរ​ការ​ប្រណាំងទូក និង​កម្មវិធី​សំខាន់​ក្នុងឆ្នាំនេះ រួមទាំង​កម្មវិធី​ពិសារ​អំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រ ៩​វិច្ឆិកា ពិសេស​សូម​បង​ប្អូ​ប្រជាពលរដ្ឋ​ទាំងអស់ នៅពេល​បើកបរ​ត្រូវគោរព​ច្បាប់​ចរាចរណ៍ ត្រូវ​មានការ​អធ្យាស្រ័យ​គ្នា និង រក្សា​នូវ​សណ្តាប់ធ្នាប់​ក្នុងឱកាស​បុណ្យអុំទូក ចូលរួម​រក្សា​បរិស្ថាន អនាម័យ ដើម្បី​បរិស្ថាន​ល្អ ទីក្រុង​ស្អាត សម្រាប់​សុខភាព​ដល់​យើង​គ្រប់ៗ​គ្នា ៕​