សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ខេត្តសៀមរាប បើក​មហាសន្និបាត​អាណត្តិ​ទី​៣​របស់ខ្លួន​

នៅ​ព្រឹក​ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៩​នេះ សមាគម​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់​ខេត្តសៀមរាប បានរៀបចំ​បើក​មហាសន្និបាត​អាណត្តិ​ទី​៣​របស់ខ្លួន ក្នុង​គោលបំណង​ពិនិត្យ កែសម្រួល និង​អនុម័ត​សេចក្តីព្រាង​លក្ខន្តិកៈ និង​បទបញ្ជាផ្ទៃក្នុង​របស់​ស​មា​គម និង ដំណើរការ​បោះឆ្នោត​ជ្រើសរើស​អង្គ​អភិបាលកិច្ច​របស់​សមា​គម​សម្រាប់​អាណត្តិ​ទី​៣ មាន​ជាអាទិ៍ ប្រធាន​-​អនុប្រធាន សមាជិក​ក្រុមប្រឹក្សា និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​សមាគម ក្រោម​អធិបតីភាព ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប , លោក លី សំរឹទ្ធ អភិបាលរង​ខេត្ត និង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្ដម​ទៀ សីហា អភិបាលខេត្ត និង ឯកឧត្តម សយ កុសល ប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព ស្ថាប័ន​ពាក់​ព័​ន្ឋ​នានា អង្គការ​ដៃគូ និង​ប្រតិភូ​ពេញ​សិទ្ឋិ​មកពី​ក្រុង​ស្រុក ឃុំ សង្កាត់​ទូទាំង​ខេត្ត សរុប​ចំនួន​៣៤៧​រូប ដែល​មហាសន្និបាត​នេះ​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល​មួយថ្ងៃ​កន្លះ គឺ​នៅ​ថ្ងៃទី​០៣ និង​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៩ ។

​ឯកឧត្តម សយ កុសល ប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន មានប្រសាសន៍ថា សមាគម​នេះ មាន​តួនាទី​-​ភារកិច្ច ខុសពី​សមាគម​ផ្សេងៗ​ទៀត ដែល​គ្រាន់តែ​ជា​មនុស្ស​មួយក្រុម ឬ​មនុស្ស​ម្នាក់ មាន​ឆន្ទៈ​រួចហើយ​សុំច្បាប់​ចុះបញ្ជី និង​ធ្វើ​សកម្មភាព​ដោយ​ឆន្ទៈ​និង​ក្រោម​ច្បាប់​តែប៉ុណ្ណោះ ចំណែកឯ​សមាគម​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ ឬ​ហៅថា សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​នេះ មិន​ធ្វើ​សកម្មភាព​តាម​ឆន្ទៈ​របស់ខ្លួន​នោះទេ តែ​ត្រូវបានធ្វើ​សកម្មភាព គាំទ្រ​ទៅលើ​យន្តការ​កែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ហើយ​នៅ​ឆ្នាំ​២០១០ សមាគម​មានកម្ម​វិធី​របស់ខ្លួន​១០​ឆ្នាំ (២០១០-២០១៩) ដែល​នោះ គឺជា​សម​ទ្ធ​ផល​របស់​សមាគម ។

​មានប្រសាសន៍​ក្នុងឱកាស​បើក​មហាសន្និបាត​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បានចាត់ទុក​មហាសន្និបាត​នេះ​ថា ជា​សក្ខីភាព​ដែល​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់លោក លោកស្រី សមាជិក សមាជិកា​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ​-​សង្កាត់ នៅក្នុង​ខេត្តសៀមរាប ក្នុង​ការបន្ត​នូវ​ចីរភាព​ដល់​អង្គកា​រ​មួយ ដែលជា​តំណាង​សំឡេង និង​ការពារ​ផលប្រយោជន៍​រួម ក្នុងការ​លើកកម្ពស់​គុណ​ភាព នៃ​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ តាមរយៈ​អភិបាលកិច្ច​តាមបែប​វិមជ្ឈការ និង​វិសហមជ្ឈការ និង​ដើម្បី​អភិវឌ្ឍន៍​សមត្ថភាព និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការផ្តល់សេវា​សាធារណៈ​ដ​ល់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន និង ជា​តួអង្គ​សំខាន់​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​កំណែទម្រង់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ការកសាង​សមត្ថភាព​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់ នៅក្នុង​ខេត្តសៀមរាប ដើម្បី​ក្លាយជា​ស្ថាប័ន​តំណាង​ពិតប្រាកដ​របស់​ពលរ​ដ្ឋ និង​ឆ្លើយតប​ចំពោះ​សេចក្តីត្រូវការ​នានា​រប​ស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព ។

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បន្ថែមថា មហាសន្និបាត​អាណត្តិ​ទី​៣ នាពេលនេះ គឺជា​ឱកាស​ដែល​សមាគម បង្ហាញ​នូវ​សមិទ្ធផល​ដែល​ខ្លួន​សម្រេចបាន ក្នុងការ​លើកកម្ពស់​ស​ម​ត្ថ​ភាព និង​ការពារ​ផលប្រយោជន៍​ស្របច្បាប់ របស់​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សា​សង្កាត់ និង​សមាជិក ក្រុមប្រឹក្សា​ក្រុង​-​ស្រុក ឃុំ​-​សង្កាត់​នៅក្នុង​ខេត្តសៀមរាប បន្ទាប់ពី​ត្រូវបាន​បង្កើតឡើង​អស់​រយៈពេល​ជាង ៥​ឆ្នាំ តាមរយៈ​មហាសន្និបាត​លើក​ទី​២ បង្កើត​សមាគម កាលពី​ថ្ងៃទី​២១-២២ ខែមេសា ឆ្នាំ​២០១៤​កន្លងទៅនេះ​។

​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប មានប្រសាសន៍​បន្ថែមទៀត​ថា នៅក្នុង​អាណត្តិ​ទី​៥ នៃ​រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា បាន​បន្ត​ផ្តល់​អាទិភាព​ដល់​ការអនុវត្ត​កំណែទម្រង់​នេះ​កាន់តែ​ស៊ីជម្រៅ ដោយ​ផ្តោតលើ​កិច្ចការ​សំខាន់ៗ​ចំនួន ៥ រួមមាន​៖ ១- ពង្រឹង​ការគ្រប់គ្រង​កិច្ចដំណើរការ​កំណែទម្រង់ , ២- ពង្រឹង​គណនេយ្យភាព​តាមបែប​ប្រជាធិបតេយ្យ , ៣- ពង្រឹង​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានមនុស្ស , ៤- ពង្រឹង​ការផ្តល់​សេវាសាធារណៈ និង​ផ្ទេរ​មុខងារ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង ៥- ពង្រឹង​វិមជ្ឈការ​ហិរញ្ញវត្ថុ ។

​សូមបញ្ជាក់ថា សមាគម​ក្រុមប្រឹក្សា ឃុំ សង្កាត់​ខេត្តសៀមរាប ត្រូវបាន​បង្កើតឡើង និង​ទទួលស្គាល់​ពី​ក្រ​សួ​មហាផ្ទៃ​នៅ​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០០៦ ប៉ុន្តែ​ដោយ​ផ្អែកលើ​បទពិសោធន៍ និង ដើម្បី​ព​ង្រី​សមាគម ក៏បាន​បើក​មហាសន្និបាត​នៅ​ខែមេសា ឆ្នាំ​២០១៤ ដើម្បី​ប្តូរ​ពី​សមាគម​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ខេត្តសៀមរាប ទៅជា​សមាគម​ក្រុមប្រឹក្សា​ក្រុង​-​ស្រុក​-​ឃុំ​-​សង្កាត់​ខេត្តសៀមរាប ឬ​ហៅ​កាត់​ថា សមាគម​ក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​វិញ ជា​សមាគម​ឯករាជ្យ ត្រូវបាន​ចុះបញ្ជី​ជា​សមាគម​នៅ​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​០៥​ខែសីហា ឆ្នាំ​២០១៤ ស្របតាម​មាត្រា​៤២​នៃ​រដ្ឋធម្មនុញ្ញ ៕