ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង​ទិសដៅ​អនុវត្ត​បន្ត​


​នា​រសៀល​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បានធ្វើ​កិច្ចប្រជុំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង ទិសដៅ​អនុវត្ត​បន្ត ដើម្បី​ត្រួតពិនិត្យ និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប ក្រោម​អធិបតីភាព​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​អនុប្រធាន​និង​សមាជិក នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប , ប្រធាន អនុប្រធាន​និង​សមាជិក​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក , ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប , អភិបាល​និង​អភិបាលរង​ខេត្តសៀមរាប , ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត និង អភិបាលក្រុង ស្រុក​ក្នុង​ទូទាំង​ខេត្ត ។​

​មានប្រសាសន៍​បើក​កិច្ចប្រជុំ​នោះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​បញ្ជាក់ថា គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ផ្តោតទៅលើ​ការងារ​សំខាន់ៗ​មួយចំនួន ក្នុងការ​ធ្វើកំណែទម្រង់​ស៊ីជម្រៅ សម្រេច​ឲ្យ​បាន​តាម​គោលដៅ​ជា​យុទ្ធសាស្ត្រ ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ប្រកបដោយ​ចក្ខុវិស័យ សំខាន់​ដើម្បី​បន្ត​ពង្រឹង​នូវ​យន្តការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​ធានាបាន​នូវ​កំណើន​ការងារ សមធម៌ និង ប្រសិទ្ធភាព​ពិតប្រាកដ​នៅ​កម្ពុជា ។​

​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា តាម​លទ្ធផល​នៃ​សេចក្តីរាយការណ៍​ស្តីពី​សមិទ្ធផល​រដ្ឋបាល​ខេត្ត និង សកម្មភាព​របស់​ក្រុមការងារ​ថ្នាក់ជាតិ ចុះ​មូលដ្ឋាន​ខេត្តសៀមរាប​ប្រចាំត្រីមាស​ទី​៣​ឆ្នាំ​២០១៩ និង​យោងតាម​លទ្ធផល​ពី​បណ្តា​ក្រុង​ស្រុក​ទាំងអស់ បាន​បញ្ជាក់ថា នៅតាម​បណ្ដា​ភូមិ ឃុំ ស្រុក កាន់តែ​មានការ​អភិវឌ្ឍ និង មាន​សម​ទ្ធិ​ផល​នានា​បានកើត​ថ្មីៗ​បន្ថែមទៀត ដើម្បី​បំពេញតម្រូវការ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន បានធ្វើ​ឲ្យ​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​កាន់តែ​មាន​ភា​ព​ប្រសើរ​ទ្វេ​ឡើង ។​

​បន្ទាប់ពី​មតិយោបល់​របស់​ឯកឧត្តម លោកជំទាវ ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​តាម​មូលដ្ឋាន​ក្រុង ស្រុក ដែល​បានលើកឡើង​ពី​លទ្ធផល​ដែល​អនុវត្តបាន និង បញ្ហា​ប្រឈម​នានា​នៅក្នុង​មូលដ្ឋាន​រួចមក កិច្ចប្រជុំ​ទាំងមូល​បានធ្វើការ​ពិភាក្សា និង ផ្លាប់​ប្តូរ​នូវ​មតិយោបល់​គ្នា ដោយបាន​ទទួល​នូវ​ចំណុច​ល្អៗ សម្រាប់​ក្រុមការងារ​យកទៅអនុវត្ត​ន៍​បន្ត​នៅតាម​មូលដ្ឋាន ក្នុង​ត្រីមាស​ទី​៤​ឆ្នាំ​២០១៩​នេះ នូវ​បញ្ហា​មួយចំនួន ដែលមាន​ការពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន , សុខភាព​សាធារណៈ , បរិស្ថាន អនាម័យ , បញ្ហាដីធ្លី និង ផ្លូវថ្នល់​១​ខ្សែ​ពី​ស្រុក​អង្គរធំ ទៅ​ស្រុក​វ៉ារិន​រង​ការខូចខាត និង បញ្ហា​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តសៀមរាប និង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។​

​មានប្រសាសន៍​បូកសរុប​បិទ​កិច្ចប្រជុំ ក្នុងនាម​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឯកឧត្តម ឈៀង យ៉ាណា​រ៉ា រដ្ឋមន្ត្រី ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប បាន​លើកឡើងថា បញ្ហា​ប្រឈម​កន្លងមក​នៅក្នុង​ភូមិ​សាស្ត្រ​ខេត្តសៀមរាប ជា​ចំណោទ​យ៉ាងខ្លាំង បានធ្វើ​ឲ្យ​បាត់​នូវ​ប្រជាប្រិយភាព ក្នុងការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់អស់​នូវ​ទំនុកចិត្ត ក្នុងការ​ដឹកនាំ​របស់​អាជ្ញាធរ​មូលដ្ឋាន​រប​ស់​ខ្លួន​ដូច្នេះ ការងារ​បន្ត​របស់​ក្រុមការងារ​ថ្នាក់ជាតិ ថ្នាក់​ខេត្ត ចុះ​មូលដ្ឋាន​ក្រុង​ស្រុក គឺ​ត្រូវ​ពង្រឹង​ការផ្តល់​សេវាសាធារណៈ​លើ​វិស័យ​មួយចំនួន តាមរយៈ​វេទិកាសាធារណៈ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រដ្ឋាភិបាល​កម្ពុ​ជា , ការធ្វើកំណែទម្រង់ និង អនុវត្ត​កម្មវិធី​នយោបាយ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ ដោយ​ផ្តោតទៅលើ​បញ្ហា​បរិស្ថាន អនាម័យ , គ្រោះធម្មជាតិ , បញ្ហា​គ្រឿងញៀន , សុខភាព​សាធារណៈ , បញ្ហាដីធ្លី និង ផ្លូវថ្នល់ និង បញ្ហា​ព្រំប្រទល់​រដ្ឋបាល​រវាង​ខេត្តសៀមរាប និង ឧ​ត្ត​រ​មានជ័យ ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម ឈៀង យ៉ាណា​រ៉ា បាន​ជំរុញ​ឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ និង ថ្នាក់​ខេត្ត​បន្តធ្វើ​ការដោះស្រាយ​នូវ​រាល់​បញ្ហា​ករណី​ដែល​សេសសល់​ក្នុង​ត្រីមាស​ទី​៣​នេះ តាមរយៈ​ក្នុង​ការធ្វើ​វេទិកាសាធារណៈ​នៅតាម​ភូមិ ឃុំ សង្កាត់ ទៅតាម​ស្ថានភាព​ស្ថិតិ​ប្រជាពលរដ្ឋ ក្នុង​គោលបំណង​ធ្វើ​យ៉ាង​ដោះស្រាយ នូវ​ក្តីកង្វល់​របស់​ប្រជាពលរដ្ឋ និង ឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឲ្យ​ត្រឹមត្រូវ និង សុក្រឹត យុត្តិធម៌ ត្រូវ​ប្រកាន់​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ពី​តួនាទី ភារកិច្ច​របស់ខ្លួន ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់ជូន ដើម្បី​យក​អនុវត្ត​ឲ្យ​ទទួលបាន​ជោគជ័យ និង មាន​ប្រសិទ្ធភាព​ខ្ពស់ ពិសេស​រាល់​សម​ទ្ធិ​ផល​ទាំងអស់ ដែល​ក្រុមការងារ និង សប្បុរសជន បាន​កសាង​ស្ថាបនា​ឡើង នៅតាម​បណ្តា​ក្រុង ស្រុក គឺត្រូវធ្វើ​ការបែងចែក​ឲ្យ​បានច្បាស់លាស់ អំពី​សម​ទ្ធិ​ផល​របស់​រាជរដ្ឋាភិបាល និង សម​ទ្ធិ​ផល​របស់​សប្បុរសជន​ដែល​បាន​ចូលរួម ៕​