នគរបាល​ជំនាញ​ខេត្តសៀមរាប ចុះ​ផ្សព្វផ្សាយ​ពី​វិធី​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​ដល់​ពលរដ្ឋ​នៅ​ស្រុក​អង្គរធំ​

កាលពី​ថ្ងៃទី​០៧ ខែកញ្ញា ឆ្នាំ​២០១៩​នេះ កម្លាំង​នគរបាល​របស់​ការិយាល័យ​បង្ការ​និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ចុះ​ផ្សព្វផ្សាយ​ពី​ពី​វិធី​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ព្រមទាំង​បាន​អនុវត្ត​ជាក់ស្តែង ជូន​ដល់​ពលរដ្ឋ​នៅក្នុង​ស្រុក​អង្គរធំ ប្រមាណ​ជិត​១០០​នាក់ ដែល​ការផ្សព្វផ្សាយ​នេះ​ធ្វើឡើង​នៅ​ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ភឹង សម្បត្តិ ស្នងការរង​នគរបាល​ខេត្ត ទទួល​ផែន​ការិយាល័យ​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ការ​ចុះមក​ផ្សព្វផ្សាយ ស្តីពី​ការបង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ហើយ​បាន​អនុវត្តន៍​ជាក់ស្តែង​នេះ ក្នុង​គោលបំណង​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់ដឹង​អំពី​វិធីសាស្ត្រ​ក្នុងការ​ពន្លត់​អគ្គិភ័យ​ដែ​កំពុង​ឆាបឆេះ​ធុង​ហ្គាស និង ប្រេងសាំង ហើយ​បើ​ប្រជាពលរដ្ឋ​បាន​យល់ដឹង អំពី​វិធី​បង្ការ និង​ពន្លត់អគ្គីភ័យ​នេះ ពេល​មាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង ពួកគាត់​អាច​យល់ និង អាច​ទប់ស្កាត់បាន​មួយចំណែក ។

​ទោះជា​យ៉ាងនេះ​ក្តី លោក ភឹង សម្បត្តិ បាន​សំណូមពរ​ដល់​លោក​អភិបាលស្រុក​អង្គរធំ និង​អាជ្ញាធរ​ភូមិ​ឃុំ មេត្តា​ធ្វើយ៉ាងណា​ជួយ​សម្រួល​ផ្លូវ​នៅ​ស្រុក​អង្គរធំ ឲ្យ​មាន​លក្ខណៈ​ល្អប្រសើរ​ផង ព្រោះ​ថាបើ​ផ្លូវថ្នល់​មាន​លក្ខណៈ​ពិបាកធ្វើ​ដំណើរ ពេល​មាន​ហេតុការណ៍​កើតឡើង ក្រុមការងារ​នគរបាល​អគ្គិភ័យ ក៏មាន​ការពិបាក​ពេល​មកជួយ​សង្គ្រោះ​ដល់​ពលរដ្ឋ​ដែរ ។

​លោក ស្វាយ វង់ អគ្គនាយក​ដី​ឡូ​តិ៍​ទី​ក្រុមហ៊ុន វ័ន ឃែ​ស រៀល​ធី ឯ​.​ក បាន​ឲ្យ​ដឹងថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​ពលរ​ដ្ឋ និង ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់ដឹង​ពី​ការបង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ ទើប​លោក​សម្រេច​បង្កើត​កម្មវិធី​នេះ​ឡើង ហើយ​រំពឹងថា នឹង​ជួយផ្តល់​ចំណេះដឹង និង​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ​ដល់​បងប្អូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន ហើយ​លោក​អះអាងថា ក្នុងការ​បែងចែក​ដី​ឡូ​តិ៍​សម្រាប់​លក់​ជូន​អតិថិជន ខាង​ក្រុមហ៊ុន​របស់លោក ក៏បាន​ទុក​ផ្លូវធំ​ទូលាយ ងាយស្រួល​សម្រាប់​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ការសង្គ្រោះ​នានា ៕​