ស្នងការ​នគរបាល​ខេត្តសៀមរាប កោតសរសើរ​មន្ត្រីនគរបាល​ជានា​រី ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ចូលរួម​ក្នុង​ប្រតិបត្តិ​ការរក្សាសន្តិសុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​

ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១០៨ ទិវា​អន្តរជាតិ​នារី​០៨ មីនាឆ្នាំ​២០១៩ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បាន​សម្ដែង​នូវ​ការកោតសរសើរ​ដល់ក​ង​កម្លាំង​នគរបាលជាតិ​ជា​នារី​ទូទាំងប្រទេស​និយាយ​រួម និង ដោយឡែក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀម​រាម ដែល​កន្លងមក នារី​មាន​តួនាទី​យ៉ាងសំខាន់​ក្នុង​ការងារ​របស់​កង​កម្លាំង​នគរបាល បាន​យក​អស់កម្លាំង​កាយ​ចិត្ត ប្រាជ្ញា និង ស្មារតី​ក្នុង​កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិសុខ សុខ​សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ប្រជាពលរដ្ឋ បាន​យ៉ាង​ល្អប្រសើរ ។

​លោក ទិ​ត្យ ណា​រ៉ុង មានប្រសាសន៍​ទៀតថា ឆ្លៀត​ក្នុងឱកាស​នេះ សូម​អំពាវនាវ​ដល់​ស្ត្រី​ដែលជា​កងកម្លាំង​នគរបាលជាតិ​ទាំងអស់ សូម​បន្ត​ខិតខំ​ពង្រឹង​និង​ពង្រីក​សមត្ថភាព​របស់​ខ្លួន​បន្ថែមទៀត លើ​ចំណេះដឹង ជំនាញ រក្សា​ភាពម៉ឺងម៉ាត់​ឧស្សាហ៍​ព្យាយាម អំណត់​អត់ធ្មត់ ចូលរួម​ក្នុង​គ្រប់​ការងារ​ទាំង​ការងារ​របស់​អង្គភាព និង ការងារ​របស់​សង្គម ពិសេស​ត្រូវ​បន្ត​នូវ​ការផ្សព្វផ្សាយ​អំពី​ច្បាប់​គ្រឿងញៀន , ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​ច្បាប់​ផ្សេងៗ​ទៀត រួមទាំង​ការផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ទាំង​នៅក្នុង​សង្គម​គ្រួសារ និង នៅ​សហគមន៍ ដើម្បី​ចូលរួមចំណែក​ក្នុងការ​បង្ការ ទប់ស្កាត់​បទល្មើស រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព​ឲ្យ​បាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត ៕​