អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២

នៅ​ព្រឹក​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១៩​នេះ អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បានរៀបចំ​ប្រារព្ធ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លើក​ទី​១២ នៅ​សាលា​គរុកោសល្យ​ខេត្តសៀមរាប ក្រោម​អធិបតីភាព លោក ពិន ប្រាកដ អភិបាលរង​ខេត្ត ជា​តំណាង​ឯកឧត្តម ទៀ សីហា​អភិបាលខេត្ត និង​ជា​ប្រធាន​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី សំណាក់​ឯកឧត្តម លោកជំទាវ លោក លោកស្រី ជា​សមាជិក​នៃ​អនុគណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត ថ្នាក់ ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋ​ជាច្រើនរូប ។

​លោក គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការរៀបចំ​ទិវា​សប្តាហ៍​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​នៅពេលនេះ គឺជា​ការ​ប្រារព្ធ​លើក​ទី​១២ ស្ថិតក្នុង​បរិបទ​នៃ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ចរាចរណ៍​នានា​កន្លងមក គឺ​បង្ហាញថា រាជ​រដ្ឋា​ភិ បាល​យើង មាន​ឆន្ទៈ​ចូលរួម​យ៉ាងសកម្ម ក្នុងការ​ទប់ស្កាត់​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​តែងតែ​កើតមានឡើង​នៅ​កម្ពុជា​យើង ក៏ដូចជា​នៅ​បណ្តា​ប្រទេស​នានា​លើ​ពិភពលោក ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពិន ប្រាកដ អភិបាល រង​ខេត្ត បាន​បញ្ជាក់ថា ការ​ប្រារព្វ​ទិវា​នៅថ្ងៃនេះ គឺជា​ការ​ពញ្ញាក់​ស្មារតី​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​ឲ្យ ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​គោរព​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ក៏​ជាការ​ដាស់តឿន​អ្នកប្រើប្រាស់​ផ្លូវ​ទាំង​ថ្មើរជើង ទាំង​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ ឲ្យ​ខិតខំ​ផ្លាស់ប្តូរ​ឥរិយាបថ​ដែល​មិន​គោរព​ច្បាប់ មក​ប្រកាន់យក​ឥរិយាបថ​ដែលមាន​សណ្តាប់ធ្នាប់​របៀប​រៀបរយ​ល្អ មានការ​អធ្យាស្រ័យ​គ្នា និង​គោរព​ច្បាប់​ចរាចរណ៍ នៅពេល​ធ្វើដំណើរ ឬ​នៅពេល​បើកបរ​យានយន្ត ដើម្បី​រួមគ្នា​ទប់ស្កាត់ កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក ដើម្បី​កាត់បន្ថយ​ទុក្ខសោក និង​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ​ហើយ​ស្របតាម​កម្មវិធី​ន​យោ បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ស្របតាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ស្តីពី​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក គឺ​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ឲ្យ​បាន​៥០ ភាគរយ​នៅ​ឆ្នាំ​២០២០​។

​លោក ពិន ប្រាកដ មានប្រសាសន៍​ទៀតថា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានធ្វើ​ឲ្យ​សង្គមជាតិ​មាន​សុខសន្តិភាព​ពេញលេញ​មានការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ ក្នុងនោះ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រួមមាន​ផ្លូវគោក​ផ្លូវដែក​ផ្លូវអាកាស​ផ្លូវទឹក​កំពង់ផែ​និង​ប្រព័ន្ធគ្រប់គ្រង​មធ្យោបាយ​ដឹកជញ្ជូន​នានា​ត្រូវបាន​ស្ដារ​និង​អភិវឌ្ឍ​ដើម្បី​លើកកម្ពស់​និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​និង​សេដ្ឋកិច្ច​គ្រួសារ ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កម្ពុជា មាន​លក្ខណៈ​ល្អប្រសើរ​ជា​បន្តបន្ទាប់ ដូច្នេះ​តាមរយៈ​នេះ សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវគោរព​ច្បាប់​ចរាចរណ៍​និង​ប្រុងប្រយ័ត្ន​ក្នុងពេល​ធ្វើដំណើរ​តាម​ដងផ្លូវ ជាពិសេស សូមជួយ​ផ្សព្វផ្សាយ​ដល់​បងប្អូន មិត្ត​ភ័ក្ត្រ ឲ្យ​មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់​ក្នុងការ​ធ្វើដំណើរ ដែល​ការជួយ​ផ្សព្វផ្សាយ​នេះ គឺជា​កាយវិការ​មនុស្ស​ធម៌​មួយ​ដ៏​ប្រពៃ​ដែរ ព្រោះ​យើង​បាន​ចូលរួមចំណែក ជួយសង្គ្រោះ​ជីវិត​មនុស្ស​នៅលើ​ផ្លូវថ្នល់ ដើម្បី​កុំឱ្យ​មានការ​សប្បាយ​ដើរ​កំសាន្ត ឬ​ការធ្វើដំណើរ​ទៅ​សួរ សុខទុក្ខ​បងប្អូន​នៅ​ស្រុកកំណើត ក្លាយជា​សោកនាដកម្ម​នៅក្នុង​គ្រួសារ ។

​យោងតាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ឲ្យ​ដឹងថា ចាប់ពី​ខែមករា​ដល់​ខែមេសា​ឆ្នាំ​២០១៩​នេះ មាន​គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​២៨ ករណី បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៦​នាក់ , របួសធ្ងន់​ចំនួន ១១​នាក់ និង​របួសស្រាល​ចំនួន​១៤​នាក់ ដែល​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី​បើក​ល្បឿន​ហួស កំណត់ , បត់​ឆ្វេង​ស្តាំ​មិន​ប្រយ័ត្ន , មិន​ប្រកាន់​ស្ដាំ , ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ និង បើកបរ​ក្នុងស្ថានភាព​ងងុយដេក ។

​សូមបញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍​បណ្ដា​ល​មកពី​កត្តា​៣​សំខាន់ៗ​គឺ : ទី​១. កត្តា​មនុស្ស​: ការបើកបរ​ហួស​ល្បឿន​កំណត់ បើកបរ​នៅក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន ការមិន​គោរព​សិទ្ធិ​អាទិភាព​នៅ​កន្លែង​ផ្លូវ​ប្រសព្វ បើក​ជែង​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន មិន​គោរព​សញ្ញា​ចរាចរណ៍ ការបត់​ឆ្វេង បត់​ស្ដាំ ឬ​បត់​ត្រឡប់ក្រោយ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន , ទី​២. ពីរ​កត្តា​យានយន្ត​: យានយន្ត​ក៏​ជា​កត្តា​មួយ​នាំឱ្យមាន​គ្រោះ ថ្នាក់​ដែរ ដូចជា​ពេល​កំពុង​បើកបរ​ហ្វ្រាំង​មិន​ស៊ី បែក​កង់​ជាដើម ហើយ​ចំណុច​សុវត្ថិភាព​យានយន្ត​មាន ៤ សំខាន់ៗ គឺ : ហ្វ្រាំង ចង្កូត កង់ និង ភ្លើង​បំភ្លឺ ដូច្នេះ​ត្រូវ​ថែទាំ​ចំណុច​ទាំង ៤ នេះ ឲ្យ​បាន​ដំណើរ​ការល្អ​ជាប្រចាំ និង ទី​៣. កត្តា​ផ្លូវ : ផ្លូវ​ជា​កត្តា​នាំ​ឲ្យ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ ដូចជា​ផ្លូវ​កោង​ខ្លាំង ផ្លូវធំ​រួម​តូច ផ្លូវ​សំបុកមាន់ ផ្លូវ​ដែល​គ្មាន​បរិស្ថាន​សុវត្ថិ ភាព​គ្រប់គ្រាន់ ដូចជា​គ្មាន​ផ្លាកសញ្ញា គំនូស​សញ្ញា រនាំង​សុវត្ថិភាព ឬ​រនាំង​បែងចែក​ទ្រូងផ្លូវ ដូច្នេះ​អ្នកបើកបរ​ត្រូវ​ប្រុងប្រយ័ត្ន​នៅ​ចំណុច​ទាំងនេះ ៕​