គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ ធ្វើ​បច្ចុប្បន្នភាព និង​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ពាក់ព័ន្ធ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​

នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​បើក​កិច្ចប្រជុំ ដើម្បី​ពិនិត្យ ធ្វើ​បច្ចុប្បន្នភាព និង​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ពាក់ព័ន្ធ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ ក្រោម​អធិបតីភាព​លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប និង​ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​អាជ្ញាធរ​ជាតិ​អប្សរា ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​និង គណៈ​អភិបាលក្រុង​- ស្រុក ក្នុង​ខេត្ត ។​

​របៀប​វារ​:​នៃ​កិច្ចប្រជុំ​នេះ រួមមាន ÷១ – ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព នៃ​ការដោះស្រាយ​លើ​សំនួរ សំណូមពរ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ឆ្នាំ​២០១៧​និង​២០១៨ , ២-​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​វិធាន​ការរក្សា​ទឹក​ទុក និង​ត្រៀម​បម្រុង​ឆ្លើយតប​ការខ្វះខាត​ទឹក​ប្រើប្រាស់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ និង ៣- បញ្ហា​ផ្សេងៗ ។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ង៉ាន់ ភិ​រុណ បាន​ជំរុញ​ឲ្យ​មានការ​ត្រៀមលក្ខណៈ​នៃ​ការរក្សា​ទឹក​ទុក​សម្រាប់​ដូ​វ​ប្រាំង​ខាងមុខនេះ ព្រោះថា​រដូវប្រាំង​ខាងមុខនេះ ប្រឈម​នឹងខ្វះ​ទឹក​ប្រើប្រាស់​នៅ​មូលដ្ឋាន ពិសេស​បាន​ណែនាំ និង​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា​ថែរក្សា​ទឹក​ទុក​តាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ក្នុងនោះ​នៅតាម​បណ្ដា​ស្រុក​និង​មូលដ្ឋាន​និ​មួយៗ ត្រូវ​ក្ដាប់​ឲ្យ​ជាប់​ពី​បញ្ហា​ប្រឈម​នូវ​កង្វះ​ទឹក​ប្រើប្រាស់​របស់​បងប្អូន​ប្រជាពលរដ្ឋ និង​ត្រូវ​រក្សា​ទឹក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ ។​

​គួររំលឹកថា គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប មាន​របៀប​វារ​:​ប្រជុំ​ក្នុង​រយ​:​ពេល​២​ខែម្ដង ដើម្បី​លើកយក​បញ្ហា​នានា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន របស់​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អង្គភាព​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត ធ្វើការ​ពិភាក្សា និង​ដោះស្រាយ ៕​