មគ្គុទេសក៍​ទេសចរណ៍​ម្នាក់​នៅ​ខេត្ដ​សៀមរាប ងាក​មក​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ដ្រាលី ក្នុងអំឡុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩

លោក សុខ សំណាង ជា​មគ្គុទេសក៍​ទេសចរណ៍​នៅ​ខេត្ដ​សៀមរាប មាន​ទីលំនៅ​ក្នុងភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ កំពុងធ្វើការ​រាតត្បាត​ក្នុង​ទូទាំង​ពិភពលោក​នោះ បានធ្វើ​ឲ្យ​បាត់បង់​ទាំងស្រុង​របស់​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្លាប់តែ​ចូលមក​ទស្សនា​ក្នុង​ខេត្តសៀមរាប បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​លើ​មុខរបរ​ជា​មគ្គុទេសក៍​ទេសចរណ៍​នេះ ដូច្នេះ​ដើម្បី​ដោះស្រាយ​នូវ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ លោក​ក៏បាន​ងាក​មក​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​បង្កង​អូស្ដ្រាលី ដែល​លោក​បាន​ចេះ​ការចិញ្ចឹម​បង្កង​នេះ តាមរយៈ​មិ​ត្ដ​ភក្ដិ​នៅ​ប្រទេស​អូស្ដ្រាលី និង​តាមរយៈ​សិក្សា​ក្នុង​កម្មវិធី​អ៊ិន​ធ័​រ​ណែ​ត ដូចជា​យូ​ធូប​ជាដើម ដែល​មកដល់ពេលនេះ លោក​មានពូជ​បង្កង​ជាច្រើន​ពាន់​ក្បាល​សម្រាប់​លក់​ឲ្យ​កសិករ​ជាច្រើន​ទៀត ដូច​នៅ​ខេត្ដ​កំពង់ធំ , សៀមរាប និង ខេត្តបន្ទាយមានជ័យ​ជាដើម ។

​លោក សុខ សំណាង បានបញ្ជាក់​ទៀតថា លោក​បានចាប់ផ្ដើម​ចិញ្ចឹម​បង្កង​អូស្ដ្រាលី​អំឡុង​ខែ​វិ​ច្ឋិ​កា ឆ្នាំ​២០១៩ ដែល​មក​បច្ចុប្បន្ននេះ លោក​មាន​បង្កង​ពូជ​រាប់ពាន់​ក្បាល និង​ចិញ្ចឹម​លើ​ផ្ទៃដី​ប្រហែល​៨០​ម៉ែត្រការ៉េ ប៉ុន្តែ​បង្កង​អូស្ដ្រាលី​ងាយស្រួល​ចិញ្ចឹម អាច​ចិញ្ចឹម​ក្នុង​អាង​ស៊ីម៉ងត៍​ក៏បាន , ក្នុង​ស្រះ​ក៏បាន , ក្នុង​ស្រែ​ក៏បាន​, ក្នុង​លូ​ស៊ីម៉ង់ត៍​ក៏បាន និង ក្នុង​អាង​ធ្វើ​ពី​តង់​ក៏បាន ជាពិសេស​កន្លែង​ណា​ដែលមាន​ប្រភព​ទឹកស្អាត​គ្រាន់ អាយុកាល​បង្កង​នេះ មាន​អាយុ​ពី​៤​ខែ ទៅ​៥​ខែ បង្កង​ឈ្មោល មាន​ទំងន់​៦​ខាំ និង​បង្កង​ញី​មាន​ទំងន់​៤​ខាំ ដោយ​ប្រើ​រយៈពេល​តែ​ប្រមាណ​៦​ខែ​ទៅ​៩​ខែ​ប៉ុណ្ណោះ អាច​ចាប់​យកទៅលក់​លើ​ទីផ្សារ​បាន​ហើយ ដែល​ក្នុង​មួយ​គីឡូក្រាម​មានតម្លៃ​២៥​ដុល្លារ​អាមេរិក ។

​លោក សុខ សំណាង បានបញ្ជាក់​បន្ថែមទៀត​ថា បច្ចុប្បន្ននេះ ការចិញ្ចឹម​បង្កង​អូស្ដ្រាលី​របស់លោក បានសម្រេច​គោលដៅ​ស្ទើរ​មួយរយ​ភាគរយ​ហើយ ហើយ​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ លោក​ក៏មាន​ការបណ្ដុះបណ្ដាល​ជំនាញ​ចិញ្ចឹម​បង្កង​ផងដែរ ដល់​កសិករ​ទូទៅ​ដែល​គាត់​មានបំណង​ចិញ្ចឹម​បង្កង​នេះ ដូច្នេះ​តាមរយៈ​នេះ សំណូមពរ​ដល់​រាជរដ្ឋាភិបាល​ក​ម្បូ​ជា សូមជួយ​លើកទឹកចិត្ដដ​ល់​កសិក​រ​ចិញ្ចឹមសត្វ​នៅក្នុង​អំឡុងពេល​មាន​ជំងឺ​កូ​វីដ​១៩​នេះ ៕