មន្ត្រី​នគរបាល​ចរាច​រណ៍​ខេត្តសៀមរាប អំពាវនាវ​ឲ្យ​អ្នករត់​រ៉ឺម៉ក​កង់​បី​ទាំងអស់ ពាក់អាវ​កាក់​សំគាល់​ជៀសវាង​មានការ​ផាកពិន័យ​នៅ​ថ្ងៃ​ខាង​មុខ​

លោក​វរៈសេនីយ៍ទោ ជា វុទ្ធី នាយរង​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​អ្នករត់​រ៉ឺម៉ក​កង់​បី​ទាំងអស់ ទៅ​ធ្វើ​អាវកាក់​សំគាល់​ឲ្យបាន​គ្រប់ៗ​គ្នា នៅ​រៀងរាល់​ម៉ោង​ធ្វើការ​នៅ​សាលាក្រុង​សៀមរាប ដោយ​អាវកាក់​មួយ​តម្លៃ ៦​ដុល្លារ​តែ​ប៉ុណ្ណោះ ជៀសវាង​មានការ​ផាកពិន័យ​នៅ​ថ្ងៃ​ខាង​មុខ​។ ការលើកឡើង​របស់​លោក​បែបនេះ នៅក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ​។

​លោក ជា វុទ្ធី បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ អ្នករត់​រ៉ឺម៉ក​កង់​បី ដែល​គ្មាន​អាវកាក់​សំគាល់ សមត្ថកិច្ច​មិនទាន់​មាន​ការផាកពិន័យ​នោះទេ ប៉ុន្តែ​គ្រាន់តែ​អប់រំ​ដល់​ម្ចាស់​រ៉ឺម៉ក​កង់​បី​ធ្វើ​ការស្វែងយល់​ពី​សារៈសំខាន់​នៃ​អាវកាក់ តែប៉ុណ្ណោះ​។ លោក​បាន​បន្ថែមថា នៅ​ថ្ងៃ​ខាង​មុខ​បើសិនជា​ម្ចាស់​រ៉ឺម៉ក​ណា​នៅ តែ​មិន​ធ្វើ​អាវកាក់ នឹងរង​នូវ​ការផាកពិន័យ​ជាក់​ជាមិនខាន​។

​លោក នាយរង​ការិយាល័យ​ចរាច​រណ៍ បាន​បញ្ជាក់ទៀតថា បច្ចុប្បន្ននេះ បើ​មាន​មន្ត្រី​នគរបាល​ណា​មួយ ផាក​ពិន័យ​លើ​អ្នករត់​រ៉ឺម៉ក​កង់​បី​ដែល​មិន​បាន​ពាក់​អាវកាក់ សំគាល់​នោះ ពលរដ្ឋ​អាច​រាយការណ៍​មក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក តាមរយៈ​លេខ ទូរស័ព្ទ ០១៧ ៦៩ ១១ ២៣ ហើយ​រាល់​ការរាយការណ៍​ត្រូវបាន​រក្សា​ការសំងាត់ និង​ធានា​ជូន​ពី​សុវត្ថិភាព​ផងដែរ​៕

អត្ថបទ​៖ អ្នក​នាង​ ស៊ូ​ រក្សា