លោកលួន អានសំរេច អនុប្រធានការិយាល័យភូមិបាលក្រុងសៀមរាប មានប្រសាសន៍ក្នុងកម្មវិធីសន្ទនាមតិ នាព្រឹកថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា គ្រប់ម្ចាស់សំណង់ទាំងអស់ត្រូវមានកាតព្វកិច្ចគោរពច្បាប់រាល់ការសាងសង់អ្វីមួយ ដោយពួកគាត់មុនពេលសាងសង់ត្រូវតែសុំច្បាប់សាងសង់ នៅការិយាល័យច្រកចេញចូលតែមួយសាលាក្រុងសៀមរាប និងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីខេត្ត។ ក្នុងនោះចំពោះសំណង់ប្រភេទលំនៅស្ថាន ដែលមានទំហំចាប់ពី៥០០ម៉ែតការ៉េឡើងទៅ និងមិនលើសពីបីជាន់ ត្រូវមកសុំច្បាប់ពីការិយាល័យភូមិបាលក្រុងសៀមរាបនេះ សម្រាប់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ។
លោកលួន អានសំរេច បានបន្តទៀតថា ចំពោះសំណង់ដែលសាងសង់មិនបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ ម្ចាស់សំណង់ និងប្រឈមមុខចំពោះបញ្ហានៅថ្ងៃខាងមុខដូចជា៖១.ពិបាកខ្ចីប្រាក់ពីធនាគា ២.រងការផាកពិន័យនៅពេលម្ចាស់សំណង់ត្រូវការលក់ចេញ ឬបើកអាជីវកម្មផ្សេងៗ ដោយខាងពន្ធដាខេត្ត និងពិន័យលើពន្ធប្រចាំឆ្នាំ ៣.បើសិនជាសំណង់នោះរំលោភលើដីចំណីផ្លូវ នៅពេលរដ្ឋត្រូវការពង្រីកផ្លូវបន្ថែម សំណង់ដែលមានច្បាប់និងទទួលបានសំណងលើការខូចខាតជាដើម។
បន្ថែមពីលើនេះលោកអនុប្រធានការិយាល័យភូមិបាលក្រុងសៀមរាប បានបន្តថា បច្ចុប្បន្ននេះប្រជាពលរដ្ឋឬម្ចាស់សំណង់ បានយល់ដឹងច្រើនពីច្បាប់សាងសង់ ដោយពួកគាត់បានមកស្នើសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធដូចជាការិយាល័យភូមិបាលក្រុង និងមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសុរិយោដីជាដើម។ ៕
ដោយ ធៀង ស្រីមុំ