លោក ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មនុស្សចំនួន៦នាក់ រួមមាន៖ ១. ឈ្មោះ គង់ សូរិយា ; ២. ឈ្មោះវ៉ន វ៉ែន ; ៣. ឈ្មោះ លុន ចំរើនរិទ្ធ , ៤. ឈ្មោះ ងួន ធារ៉ា , ៥. ឈ្មោះ ចិន និង ៦. ឈ្មោះសិទ្ធិ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីមនុស្សឃាត រួមជាមួយនឹងវត្ថុ ត្រូវបានសមត្ថកិច្ចនគរបាលខេត្ដសៀមរាប បញ្ជូនទៅតុលាការខេត្ត កាលពីល្ងាចថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ បន្ទាប់ពីពាក់ព័ន្ធនឹងងករណីមនុស្សឃាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបានកើតឡើងកាលពីយប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០កន្លងមកនេះ ខណៈដែលក្នុងកិច្ចប្រតិបត្តិការតាមចាប់ជនសង្ស័យនេះ ធ្វើឡើងអស់រយពេល០៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២០ ទើបចាប់បាន ដោយមានកិច្ចសហការជាមួយស្នងការដ្ឋាននគបាលខេត្ដសៀមរាប ដែលបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និង កំណត់មុខសញ្ញា ។
លោក ណុប សារ៉ាក់ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ហេង វិឆាយ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករទិញ-លក់អេតចាយ មានទីលំនៅបច្ចុប្បន្ន នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប និងបក្ខពួកចំនួន 0៣ នាក់ទៀត បាននាំគ្នាចូលទៅផឹកស៊ី និង រាំលេងនៅក្នុងក្លឹបកាឡាក់ស៊ី ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ហើយនៅពេលរាំលែងក្នុងក្លឹបជនរងគ្រោះបានឈ្លោះប្រកែកគ្នាជាមួយនឹងបក្សពួកក្រុមក្មេងស្ទាវម្ខាងទៀតដែលគេពុំធ្លាប់ស្គាល់ ហើយមានការវាយតប់គ្នាទៅវិញទៅមក ដោយមិនបណ្ដាលឱ្យអ្នកណាមួយរងរបួសនោះទេ ។
លោក ណុប សារ៉ាក់ បានឲ្យដឹងបន្ថែមទៀតថា លុះដល់វេលាម៉ោង០២ និង ៣០នាទីរំលងអាធ្រាតថ្ងៃដដែលនេះ ជនរងគ្រោះឈ្មោះ ហេង វិឆាយ និងបក្ខពួករបស់គេ បាននាំគ្នាចេញពីក្លឹបក្នុងគោលបំណងទៅផ្ទះ ពេលជិះដល់ចំណុចខាងក្រោយសណ្ឋាគារសូហ្វីតែល ស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក៏មានមនុស្សមួយក្រុម ដែលជាក្មេងស្ទាវស្ទាវ មានគ្នាជាច្រើននាក់ ពុំធ្លាប់ស្គាល់គ្នា និងម៉ូតូប្រហែល ០៦គ្រឿង បានធ្វើសកម្មភាព ប្រើកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះឈ្មោះ ហេង វិឆាយ ត្រូវចំក្បាលប៉ែកខាងស្ដាំ បណ្ដាលឱ្យមុតរយះប្រវែង15 សង់ទីម៉ែត្រ ហើយក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យទាំងអស់ បានជិះម៉ូតូគេចខ្លួនបាត់ ចំណែកជនរងគ្រោះ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយពីបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។
លោកអធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងបន្ថែមថា ក្រោយពីមានពាក្យបណ្ដឹងពីក្រុមគ្រួសារជនរងគ្រោះទើបចាប់ខ្លួនសង្ស័យបានទាំងអស់ ហើយជនសង្ស័យចំនួន០៦នាក់ បានសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ដេញកាប់ទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ហើយវត្ថុតាងដែលជនសង្ស័យបានធ្វើសកម្មភាព គឺមានកាំបិតខ្វែវមួយដើម ។
គួររំលឹកថា ចំពោះប្រតិបត្ដិការចាប់ខ្លួនជនសង្ស័យទាំង៦នាក់នេះ លោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ស្នងការរង និង តំណាងលោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប បានយកថវិកាចំនួន២លានរៀល ជូនដល់កម្លាំងនគរបាលដើម្បីលើទឹកចិត្ត និងថវិកាលោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្ដារ៉េត ចំនួន១លានរៀលផងដែរ ៕