ថ្ងៃនេះ​យោធិន​ពិការ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស ដាំ​កូនឈើ​ជិត​៣​ពាន់​ដើម នៅក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​អបអរ​បុណ្យ​រុក្ខទិវា​៩​កក្កដា​

យោធិន​ពិការ​នៃ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ សម្តេច​តេ​ជោ​ហ៊ុនសែន​គូលែន ៣១៧ ព្រមទាំង​ប្រជាពលរដ្ឋ សិស្សានុសិស្ស បាននាំគ្នា​ដាំ​កូនឈើ​ចម្រុះ​ប្រមាណ​ជិត​៣​ពាន់​ដើម នៅលើ​ផ្ទៃដី​ចំនួន​បី​ហិកតា នៅក្នុង​ភូមិ​ស្នារ​តេ​ជោ ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​រុក្ខទិវា​០៩​កក្កដា ។

 

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ ស៊ា នាយ​កម​ជ្ឈ​ប​ណ្ឌ​ល​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុនសែន​គូលែន​៣១៧ បាន​មានប្រសាសន៍ថា ការកាប់បំផ្លាញ​ព្រៃឈើ វា​នឹង​បង្ក​ជា​គ្រោះមហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ ដូច្នេះ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បណ្តុះ​ឡើងវិញ​នូវ​គំនិត​ស្រឡាញ់​ព្រៃឈើ ថែរក្សា​ការពារ​ព្រៃឈើ និង​បណ្តុះ​នូវ​ទស្សនៈ​សន្សំសំចៃ​ក្នុងការ​ប្រើប្រាស់​ផល និង​អនុផល​ព្រៃឈើ​គ្រប់​ប្រភេទ បណ្តុះ​នូវ​ស្មារតី ថែរក្សា​ការពារ ចូលរួម​ដាំ​ដើមឈើ​ឡើងវិញ ។

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា លើសពីនេះ​ទៀត​នោះ បុណ្យ​រុក្ខទិវា គឺ​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ ពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង ការអភិរក្ស​ធនធាន​ព្រៃឈើ គឺជា​គោលដៅ​អាទិភាព​ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​និរន្តរភាព​ដើម្បី អភិរក្ស និង​គ្រប់គ្រង​ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ទាំងអស់នេះ ពិតជា​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​ឱ្យបាន​ប្រសើរ​ឡើងជា​បន្តបន្ទាប់ ហើយ​ធនធានធម្មជាតិ គឺជា​ប្រភពធនធាន​មួយ​ដ៏​រស់​រវើក និង​មិនចេះ​រីងស្ងួត ប្រសិនបើ​យើង ទាំងអស់គ្នា​ចេះ​គ្រប់គ្រង ការពារ និង​អភិរក្ស​ឱ្យបាន​សមស្រប ។

​សូមបញ្ជាក់ថា បុណ្យ​រុក្ខទិវា​នេះ គឺជា​ការ​ដង្ហែ​តាម​ព្រះរាជ​តំរិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​ព្រះអង្គ​តែងតែ​យក​ព្រះទ័យ​ទុកដាក់​ដល់​បញ្ហា​ព្រៃឈើ និង​ការដាំ​ដើមឈើ​ជា​អាទិភាព​ចំបង ហើយ​ព្រះអង្គ​តែងតែ យាង​ចូលរួម​ជា​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធីបុណ្យ​រុក្ខទិវា​ជាតិ ជា​រៀងរាល់ឆ្នាំ​កាលពី​ព្រះអង្គ​នៅមាន​ព្រះជន្ម ៕​