បុណ្យផ្កា​ប្រាក់​សាមគ្គី​នៅ​ប្រាសាទខ្នារ​ផ្ទោល ស្រុក​វ៉ារិន សរុប​ជាង​២០​លាន​រៀល​

កាលពី​រសៀល​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នៅ​ប្រាសាទខ្នារ​ផ្ទោល ស្ថិតក្នុង​ភូមិ​ខ្នារ​ផ្ទោល​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប មាន​រៀបចំ​ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី ដែល​ផ្តូ​ច​ផ្ដើម​ដោយ​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក សេង សារី មេបញ្ជាការរង​កងទ័ព​ជើងគោក​និង​ជា​មេបញ្ជាការ​ជួរមុខ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ និង សហការី ។

​ពិធីបុណ្យ​នេះ ក៏​មានការ​និមន្ត និង​ចូលរួម​ពី​ព្រះ​អនុគណ​ក្រុង​សៀមរាប ព្រះ​ថេរានុត្ថេរៈ តាម​បណ្ដា​វត្ត​មួយចំនួន​ក្នុង​ក្រុង​សៀមរាប លោក​អភិបាលស្រុក​វ៉ារិន អាជ្ញាធរ​ឃុំ​ស្រែ​ណូយ ស្រុក​វ៉ារិន និង​ប្រជា​ពុ​ទ្ឋ​បរិស័ទ​ជិត​ឆ្ងាយ​យ៉ាងច្រើន​កុះករ ។ បច្ច័យ​ប្រមូលបាន​ចំនួន​ជាង​១៦​លាន​រៀល និង​១.៦៣៧​ដុល្លារ​អាមេរិក​។

​មានប្រសាសន៍​ក្នុង​ពិធី​នោះ ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក សេង សារី បាន​បង្ហាញថា ពិធីបុណ្យ​ផ្កាប្រាក់​សាមគ្គី​នេះ មាន​គោលបំណង​ប្រមូល​ថវិកា​យកទៅ​រៀបចំ​បរិស្ថាន​ជុំវិញ​ប្រាសាទខ្នារ​ផ្ទោល ដោយ​ការដាំ​កូនឈើ ស្តារឡើងវិញ​ក​សិន្ធុ​បុរាណ ដែល​នៅក្បែរ​ប្រាសាទ ហើយ​ការ​ស្តារឡើងវិញ​នូ​វក​សិន្ធុ​បុរាណ​នេះ ដើម្បី​រក្សា​ទឹក​ទុក​សម្រាប់​លំនឹង​គ្រឺះ​ប្រាសាទ​ផង និង ដើម្បី​ផ្គត់ផ្គង់​ទឹក​ទុក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​នៅ​រដូវប្រាំង ព្រោះ​ទីនេះ​ជា​តំបន់​ខ្សត់​ទឹក​នៅ​រដូវប្រាំង រួម​និង​កសាង​ផ្លូវ​គ្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​ជាង​៣០០​ម៉ែត្រ ភ្ជាប់​ពី​ផ្លូវ​លេខ​៦៧​ចូលទៅ​កាន់​ប្រាសាទ​នេះ​ផង​។

​ឯកឧត្ដម​ឧ​ត្ត​ម​សេនីយ៍​ឯក សេង សារី បានបញ្ជាក់​បន្ថែមថា គំនិត​ផ្តួចផ្ដើម​ទាំងអស់នេះ ដោយសារ​អង្គភាព​ឈរជើង របស់​ទីបញ្ជាការដ្ឋាន​បញ្ជាការ​ជួរមុខ​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤ នៅក្បែរ​នឹង​ទីតាំង​ប្រាសាទ ទើប​យើង​ត្រូវ​រួមគ្នា​ថែរក្សា ការពារ និង​ជួយ​សំអាត​និង​ស្តារឡើងវិញ​បរិស្ថាន​ជុំវិញ​ទីនេះ ឱ្យមាន​ភាពស្រស់​បំព្រង​ឡើង ហើយ​ជាមួយគ្នានេះ យើង​ក៏មាន​គ្រោង​នឹង​សាងសង់​សាលាឆទាន​មួយ និង​បន្ទប់​បង្គន់​សាធារណៈ សម្រាប់​សម្រួល​ដល់​អ្នក​ទេសចរ​ជាតិ និង​អន្តរជាតិ​មក​កំសាន្ត​នៅទីនេះ​ផងដែរ​។

​ឯកឧត្តម បញ្ជាក់​បន្ថែមថា ដោយសារ​តំបន់​នេះ ជា​តំបន់​បុរាណ​ដ្ឋា​ន ក្រុមការងារ​បាន​នឹង​កំពុង​ទំនាក់ទំនង​ធ្វើសំណើ​ទៅកាន់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​អនុញ្ញាត​ដល់​ការ​រងារ​ខាងលើ​ទៅតាម​ភាពជាក់ស្តែង និង​បាន​អំពាវនាវ និង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ សូម​ចូលរួម​ជួយ​ជ្រោមជ្រែង​ជា​កម្លាំង​ក្តី ជា​ថវិកា​ក្តី ដើម្បី​រួមសហការ​គ្នា​ស្តារ និង​កែលំអ​បរិស្ថាន​ជុំវិញ​ប្រាសាទ ឱ្យមាន​សោភ័ណភាព​ឡើងវិញ សមជា​ទីសក្ការៈ និង​ជាទី​វប្បធម៌​រូបី​ដែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​មក ៕​