វត្ត​មួយ​ចំនួន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​ ទទួលបាន​​ចតុ​បច្ច័យ និង បច្ច័យ​ចំនួន​១៣​លាន​រៀល ពី​ព្រះសង្ឃ​និង​ពុទ្ឋបរិស័ទ​ក្រុង​សៀមរាប

កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៨​នេះ ព្រះសង្ឃ​និង​ពុទ្ឋបរិស័ទ​ក្នុងក្រុង​សៀមរាប ខេត្តសៀមរាប ដឹកនាំ​ដោយ​ព្រះគ្រូ​ប្រាសាទ​រង្សី សា​សនធ​រោ ឡា​ច លាង ព្រះគ្រូ​អនុគណ​ក្រុង​សៀមរាប និង​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​ទេព​ពោធិ៍​វង្ស ហៅ​វត្ត​ថ្មី រួម​ជាមួយ​ព្រះគ្រូ​ចៅអធិការ​បណ្តា​វត្ត​នានា​ក្នុង​ក្រុង​សៀមរាប បាន​នាំ​យក​ទៀនគោល​ចំណាំ​ព្រះវស្សា រួម​ជាមួយ​ទ័យ​វត្ថុ​ជា​ចតុ​បច្ច័យ គ្រឿងឧបភោគ​បរិភោគ និង បច្ច័យ​ចំនួន​១៣​លាន​រៀល ទៅ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ចំនួន ស្ថិតនៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា ថៃ ក្នុង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧត្តរមានជ័យ ក្នុងនោះ ៖ ១-​វត្ត​គូ ប្រគេន​ទៀន​ចំណាំ​វស្សា​, ទេយ្យវត្ថុ , សំពត់​សាដក់ , គ្រឿងឧបភោគ​បរិភោគ និង បច្ច័យ​ពីរលាន​រៀល , ២-​វត្ត​ជុប​ប្រគេន​ទៀន​ចំណាំ​វស្សា​, ទេយ្យវត្ថុ , សំពត់​សាដក់ , គ្រឿងឧបភោគ​បរិភោគ និង បច្ច័យ​ពីរលាន​រៀល , ៣-​វត្ត​ថ្ម​ដូន​ប្រគេន​ទៀន​ចំណាំ​វស្សា​, ទេយ្យវត្ថុ , សំពត់​សាដក់ , គ្រឿងឧបភោគ​បរិភោគ និង បច្ច័យ​ពីរលាន​រៀល , ៤-​វត្ត​អូរ​ទឹក​ចោល​ប្រគេន​ទៀន​ចំណាំ​វស្សា​, ទេយ្យវត្ថុ , សំពត់​សាដក់ , គ្រឿងឧបភោគ​បរិភោគ និង បច្ច័យ​ពីរលាន​រៀល , ៥-​វត្ត​ប្រាសាទ​តា​មាន់​ប្រគេន​ទៀន​ចំណាំ​វស្សា​, ទេយ្យវត្ថុ , សំពត់​សាដក់ , គ្រឿងឧបភោគ​បរិភោគ និង បច្ច័យ​ពីរលាន​រៀល និង កងពល​តូច​ថ្មើជើង​លេខ​៤២ ប្រចាំ​ទិស​ប្រាសាទ​តា​មាន់ ជូន​ថវិកា​ចំនួន​បី​លាន​រៀល ។

​ព្រះ​តេជគុណ ឡា​ច លាង បាន​មាន​សង្ឃដីកា​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ព្រះសង្ឃ​និង​ប្រជា​ពុទ្ឋបរិស័ទ​ក្នុងក្រុង​សៀមរាប សហការ​មូលមតិ​គ្នា​នាំយក​ទេយ្យវត្ថុ​និង​គ្រឿងឧបភោគ​បរិភោគ​មក​កាន់​ទី​នេះ ព្រោះ​មើលឃើញថា វត្ត​មួយ​ចំនួន​នៅតាម​ព្រំដែន មាន​សភាព​ខ្វះខាត​និង​មិនទាន់​រីកចម្រើន​ដូច​វត្ត​មួយ​ចំនួន​នៅក្នុង​ទីប្រជុំជន​នៅឡើយ​ទេ ដែល​សកម្មភាព​នេះ ជា​ការយកចិត្តទុកដាក់​គិតគូ​ពី​សុខទុក្ខ​ដល់​ព្រះសង្ឃ​នៅ​ទីជនបទ និង​មិន​ដែល​ភ្លេច​សោះ​ឡើយ​ពី​ការលំបាក និង​ការលះបង់​កម្លាំងកាយ​ចិត្ត​របស់​វីរៈ​កងទ័ព​ខ្មែរ​ដែល​កំពុង​បំពេញ​ភារកិច្ច​ក្នុង​បុព្វហេតុ​ការពារ​និង​កសាង​មាតុប្រទេស​កម្ពុជា​ឡើយ​។

​ព្រះគ្រូ​វិចិត្រ​វ​ង្សា ញាតិ​ធម្មោ ហែម គឹម​សាន ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទ​គោកចក ក្នុង​ក្រុង​សៀមរាប មាន​សង្ឃដីកា​ថា សកម្មភាព​នេះ ក៏​ធ្វើ​ឡើង​ក្នុង​បំណង​ជួយ​ជំរុញ​ការគោរព​ប្រតិបត្តិ ប្រពៃណី​ទំនៀមទម្លាប់​សាសនា​ទៅ​តាម​គន្លង​លំ​អាន​ព្រះពុទ្ធ​បរមគ្រូ​នៃ​យើង ស្តែងឡើង​តាមរយៈ​ព្រះសង្ឃ​ក្នុង​ខេត្តសៀមរាប ចំពោះ​ព្រះ​ភិក្ខុសង្ឃ​នៅ​តំបន់​ឆ្ងាយ​ដើម្បី ផ្សាភ្ជាប់​មនោសញ្ចេតនា​រំលែក​ការលំបាក​រវាង​ព្រះសង្ឃ​នៅ​ទីជនបទ និង​ព្រះសង្ឃ​នៅ​ទីប្រជុំជន ពិសេស​ក្នុង​ឱកាស​ចូល​វស្សា​មួយ​ត្រីមាស​នេះ បណ្តា​វត្ត​នៅ​ទីជនបទ​នឹង​ជួប​ភាព​អត្ត​ខ័ត និង បញ្ជាក់​ឱ្យ​ឃើញ​ពី​ការរួមចំណែក​ក្នុងការ​ទ្រទ្រង់​ពង្រឹង​ខឿនវប្បធម៌​ប្រពៃណី​សាសនា តាមរយៈ​សាវគ្គ​ព្រះ​ជិនស្រី​ជា​ភិក្ខុ​សាមណេរ​នៅទីនេះ និង​ជួយ​ទប់ស្កាត់​វប្បធម៌​ប្រពៃណី​សាសនា​ផ្សេងៗ​ពី​បរទេស ចូលមក​ប្រទេស​កម្ពុជា​យើង ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​