អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បញ្ជាក់ថា ការពាក់​ម៉ាស មិនអាច​ការពារ​ការ​ឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​បាន​ទាំងស្រុង​ឡើយ​

ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល ជុំវិញ​ករណី​ការរកឃើញ​ដំបូង ករណី​ណូ​វែ​ល​កូ​រ៉ូ​ណា នៅ​ខេត្ត​ព្រះសីហនុ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ លោកជំទាវ ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល ឲ្យ​ដឹងថា លោកជំទាវ បានធ្វើការ​ពិភាក្សា​អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក ជុំវិញ​ការពាក់​ម៉ាស់​នេះ គឺ​អ្នកជំនាញការ​របស់​អង្គការ​សុខភាព​ពិភពលោក បញ្ជាក់ថា ការប្រើ​ម៉ាស គឺ​សម្រាប់តែ​អ្នក​ដែលមាន​ជំងឺ ឬ​អាកា​រៈ​ក្អក ឬ​កណ្ដាស់ តែប៉ុណ្ណោះ មិន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទូទាំងប្រទេស​ពាក់​វា​នោះឡើយ ហើយ​ក្នុងករណី​យើង​សង្ស័យថា អ្នក​នៅក្បែរ ឬ​អ្នកដំណើរ​ដែល​នៅ​ជិត​យើង មាន​ជំងឺ​នេះ យើង​អាច​ប្រើប្រាស់​ម៉ាស សម្រាប់​សុ​វត្តិភាព​ផ្ទាល់ខ្លួន ប៉ុន្តែ​មិនមែនជា​ការតម្រូវ​ឲ្យ​ពាក់​ទេ ។

​លោកជំទាវ ឱ វណ្ណឌី​ន បានបញ្ជាក់​បន្ថែមថា ក្នុងករណី​ចាំបាច់​ដើម្បី​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឬ ណូ​វែ​ល​កូ​រ៉ូ​ណា​នេះ គឺ​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ ត្រូវ​លាង​សម្អាត​ដៃ ធ្វើ​អនាម័យ​ខ្លួន​នឹង​ទឹកស្អាត និង​សាប៊ូ​ឲ្យ​បាន​ញឹកញាប់ ហើយ​នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ ឬ​អ្នកមាន​អាកា​រៈ​ក្អក ឬ​កណ្ដាស់ ក្នុង​ចម្ងាយ​លើស​ពីមួយ​ម៉ែត្រ ដើម្បី​ចៀសវាង​តំណក់​ទឹកមាត់​របស់​អ្នកជំងឺ ប៉ះ​លើ​ដងខ្លួន​អ្នក​នៅក្បែរ ជាពិសេស​ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន ត្រូវ​យល់ដឹង និង​គួរ​ចៀសវាង​ធ្វើដំណើរ​ទៅ​ទីតាំង​កើតមាន​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឬ ណូ​វែ​ល​កូ​រ៉ូ​ណា​នេះ និង ត្រូវ​បរិភោគ​ចំណីអាហារ​ណា ដែល​បាន​ចម្អិន​ឆ្អិន​ល្អ ហើយ​ក្នុងករណី​សង្ស័យថា​មាន​កើត​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី ឬ ណូ​វែ​ល​កូ​រ៉ូ​ណា នៅក្នុង​មូលដ្ឋាន សូម​រាយការណ៍​ទៅកាន់​អាជ្ញាធរ ឬ ទាក់ទង​មក​លេខ​ទូរស័ព្ទ ១១៥ ដោយ​ឥតគិតថ្លៃ ពី​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ ។

​សូមបញ្ជាក់ថា បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ ករណី​ជំ​ងឹ​ណូ​វ៉ែល​កូ​រ៉ូ​ណា ដែលជា​ជំ​ងឹ​សួត​ប្រភេទ​ថ្មី​នេះ​ទេ បាន​កើតមាន​ឡើងលើ​មនុស្ស​ចំនួន ៤.៣៧៩ ករណី ក្នុងនោះ​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​១០៦​នាក់ នៅ​ប្រទេស​ចំនួន​១៨​ក្នុង​ពិភពលោក ក្នុងនោះ ៖ ១. នៅក្នុង​ប្រទេស​ចិន មាន​ករណី​ឆ្លង​ចំនួន ៤.៣១៤ ក្នុងនោះ​ករណី​ស្លាប់​ចំនួន​១០៦ , ២. ក្រុង​ហុងកុង មាន​ករណី​ឆ្លង​ចំនួន ៨ , ៣. នៅក្នុង​ប្រទេស​ថៃ មាន​ករណី​ឆ្លង​ចំនួន ៨ , ៤. ក្រុង​ម៉ា​កាវ មាន​ករណី​ឆ្លង​ចំនួន ៦ , ៥. នៅក្នុង​ប្រទេស​អូស្ត្រាលី មាន​ករណី​ឆ្លង​ចំនួន ៥ , ៦. នៅក្នុង​ប្រទេស​សឹង្ហ​បុរី មាន​ករណី​ឆ្លង​ចំនួន ៥ , ៧. នៅ​កោះ​តៃវ៉ាន់ មាន​ករណី​ឆ្លង​ចំនួន ៥ , ៨. នៅ​សហរដ្ឋអាមេរិក មាន​ករណី​ឆ្លង​ចំនួន ៥ , ៩. នៅក្នុង​ប្រទេស​ជប៉ុន មាន​ករណី​ឆ្លង​ចំនួន ៤ , ១០. នៅក្នុង​ប្រទេស​ម៉ាឡេស៊ី មាន​ករណី​ឆ្លង​ចំនួន ៤ , ១១. នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង មាន​ករណី​ឆ្លង​ចំនួន ៤ , ១២. នៅក្នុង​ប្រទេស​បារាំង មាន​ករណី​ឆ្លង​ចំនួន ៣ , ១៣. នៅក្នុង​ប្រទេស​កាណាដា មាន​ករណី​ឆ្លង​ចំនួន ២ , ១៤. នៅក្នុង​ប្រទេស​វៀតណាម មាន​ករណី​ឆ្លង​ចំនួន ២ , ១៥. នៅក្នុង​ប្រទេស​កម្ពុជា មាន​ករណី​ឆ្លង​ចំនួន ១ , ១៦. នៅក្នុង​ប្រទេស​អាល្លឺម៉ង់ មាន​ករណី​ឆ្លង​ចំនួន ១ , ១៧. នៅក្នុង​ប្រទេស​នេ​ប៉ាល់ មាន​ករណី​ឆ្លង​ចំនួន ១ និង ១៨. នៅក្នុង​ប្រទេស​ស្រីលង្កា មាន​ករណី​ឆ្លង​ចំនួន ១ ៕​