ពិធី​បុណ្យ​ចំ​បើង​នឹង​ប្រារព្ធធ្វើ​រយៈ​ពេល​បី​ថ្ងៃ​នៅ​ខេត្តសៀមរាប

យោងតាមសេចក្តីជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​សៀមរាបបានឲ្យដឹងថា ​ដោយ​មាន​ការគាំទ្រ​ពី​ក្រសួង​ទេសចរណ៍ ក្រសួង​ពាណិជ្ជកម្ម និង ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ក៏ដូចជា​រដ្ឋបាលខេត្ត ទីភ្នាក់ងារ​លើកកម្ពស់​ពាណិជ្ជកម្ម និងវិនិយោគ​កូរ៉េ (Kotra) នឹង​​រៀប​ចំ​ពិធីបុណ្យ​ចំបើងរយៈពេលបីថ្ងៃនៅខេត្តសៀមរាប។ សេចក្តីជូនដំណឹងបានបន្តថា ​ពិធីបុណ្យចំបើងនឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី២០ ដល់​​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០១៧ ស្ថិតនៅ​ភូមិ​កន្ត្រក សង្កាត់​សំបួរ ក្រុង​សៀមរាប ខេត្តសៀមរាប។ ពិធីបុណ្យនេះមាន​គោលបំណង​កៀងគរ​​ភ្ញៀវ​ទេសចរ​ជាតិ និងអន្តរជាតិ មក​ចូលរួម​កម្សាន្ត​សប្បាយ និងទស្សនា​ការសម្តែង​សិល្បៈ ការតាំងពិព័រណ៍​ផលិតផល​នានា ជា​ពិសេស​​​ទស្សនា​រូប​ដែល​ធ្វើ​អំពី​ចំបើង៕