វិធានការ​ពង្រឹង​ពី​ក្រមសីលធម៌​បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ជី​ក្រែង​


លោក ហ៊ឹ​ប សុធា ប្រធាន​មណ្ឌល​សុខភាព​ជីក្រែង បាន​ចូលរួម​ក្នុង​កម្មវិធី​សន្ទនា​មតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមិថុនា ឆ្នាំ​២០១៨​នេះ លោក​មានប្រសាសន៍ថា ក្នុង​មួយ​ខែៗ​លោក​ជួប​ប្រជុំ​ដើម្បី​ធ្វើ​ការពង្រឹង​ពី​ក្រមសីលធម៌​បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ជីក្រែង​ចំនួន​ពីរ​ដង​។ លោក​តែងតែ​ណែនាំ​ដល់​បុគ្គលិក​ពេទ្យ​ក្នុង​មណ្ឌល​ឲ្យប្រើ​ពាក្យសម្តី​ល្អៗ​ក្នុង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ជាមួយ​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​សុខភាព​នៅ​ទីនេះ​។​

Clip: (​និយាយ​រួម​ទៅ​បុគ្គលិក​ទាំងអស់​សម្តី​ធ្វើ​ម៉េច​រុស​រាយ​រាក់ទាក់​អត់​មាន​សម្តី​ត្រ​គោះ​បោះបោក​ទេ​ទោះបី​អ្នកជំងឺ​ខ្លះ​គាត់​បន្ទាន់​យើង​ចេះ​តែ​សម្រួល​គាត់​ទៅ​បើសិន​យើង​សំឡុត​គាត់ គាត់​ខ្លាច​។ សំខាន់​ជាងគេ​ការ​រាក់ទាក់​របស់​យើង ហើយ​ខ្ញុំ​ចេះ​តែ​អប់រំ​បុគ្គលិក​ដែរ ធ្វើ​ម៉េច​យើង​ល្អ​ហើយ ឲ្យ​កាន់តែ​ល្អ បើសិនណា​យើង​ល្អ​ប្រែ​ទៅ​ជា​អាក្រក់​វិញ​វា​មិនល្អ​ប៉ុន្មាន​ទេ ហើយ​ខ្ញុំ​ចេះ​តែ​សង្គេតមើល​។ ជូន​កាល​មាន​ម្តង​ដែរ​គាត់​ថា​ឲ្យ​អ្នកជំងឺ​ក៏ប៉ុន្តែ​ថា​នោះ​ពេល​មាន​របួស​ពលរដ្ឋ​ស្រែក​ជជែក​ជ​ចាច បុគ្គលិក​ពេទ្យ​មើល​អត់​កើត​គាត់​សំឡុត​តិច​ទៅ​វា​មាន​ពាក្យ​ដែរ កាល​នោះ​ពេទ្យ​មក​ថ្មី​យូ​ហើយ ខ្ញុំ​ហៅ​មក​សួរ​ហើយ​លើក​ក្រោយ​កុំ​ធ្វើ​អញ្ជឹង​ទៀត​។​ខ្ញុំ​តាមដាន​បុគ្គលិក​តាម​ការប្រជុំ ចុះ​មូលដ្ឋាន​ញឹក តាម​ក្រុម​ទ្រទ្រង់ ហើយ​និង​ជាមួយ​ឃុំ​ផងដែរ​។​)

​លោក ប្រធាន​មណ្ឌល​សុខភាព​ជីក្រែង មានប្រសាសន៍​បែប​នេះ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា បុគ្គលិក​ពេទ្យ​នៅ​មណ្ឌល​សុខភាព​ជីក្រែង​នេះ​បាន​ផ្តល់​សេវា​សុខភាព​ល្អ​ជូន​ដល់​ប្រជាពលរដ្ឋ ហើយ​ថែមទាំង​មិន​មាន​ការរើសអើង​ទេ​។​
Clip: (​ខ្ញុំ​ពេញចិត្ត​ណាស់​ចំពោះ​ការផ្តល់​សេវា​សុខភាព​ជូន​ពលរដ្ឋ​បានល្អ ខ្ញុំ​មក​កូន​ខ្ញុំ​ឈឺ សូម្បី​តែ​ថ្ងៃ​សៅរ៍​ក៏​គេ​ធ្វើ​ការផ្តល់សេវា​បានល្អ ចាស៎​រាក់ទាក់​ណាស់​អត់​មាន​កញ្ញេ​កកញ្ញុក​ដូច​គេ​ខាង​ស្ពាន​ត្នោត​ទេ អត់​យក​សេវា​ពី​ខ្ញុំ​ទេ​ខ្ញុំ​មាន​ប័ណ្ណ​ក្រីក្រ ចាស៎​ខ្ញុំ​ចង់​ឲ្យ​បន្ត​បែប​នេះ​ដូច​សព្វថ្ងៃ​ទៀត​។

​លោក ហ៊ឹ​ប សុធា បាន​បញ្ជាក់ទៀតថា បើ​គិត​ជា​មធ្យម​ក្នុង​មួយថ្ងៃៗ​មាន​ប្រជាពលរដ្ឋ​បាន​មក​ទទួល​សេវា​សុខភាព​ទូទៅ​នៅ​មណ្ឌល​សុខភាព​ជីក្រែង​នេះ មាន​ប្រមាណ​ពី ៥០​នាក់ ទៅ​៦០​នាក់ ហើយ​បើ​គិត​ជា​មធ្យម​ក្នុង​១​ខែៗ​វិញ មាន​ពលរដ្ឋ​មក​ទទួល​សេវា​សុខភាព​ទូទៅ​ប្រហែលជា​១.៦០០​នាក់ ហើយ​ក្រៅពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ជីក្រែង ក៏​មាន​ប្រជាពលរដ្ឋ​ក្នុង ឃុំ​ចំនួន​០៤​ទៀត​ក៏​បាន​មក​ទទួល​សេវា​នេះ​គឺ ឃុំ​ស្ពាន​ត្នោត ឃុំ​កំពង់ក្តី ឃុំ​គោកធ្លក​ក្រោម និង ឃុំ​អន្លង់​សំណរ​ផងដែរ​៕