ក្រុម​អ្នក​ជោគជ័យ​ក្នុង​ការសិក្សា បង្ហាញ​ពី​វិធីសាស្ត្រ​ក្នុង​ការស្វែងរក​អាហារូបករណ៍​នៅតាម​សាកលវិទ្យាល័យ​

លោក ហឿន សំនៀង នាយករង​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន និង​ជា​អតីត​និស្សិត​សិក្សា​បញ្ចប់​ថ្នាក់​អនុបណ្ឌិត ពី​សាកលវិទ្យាល័យ Harward សហរដ្ឋអាមេរិក បាន​លើកឡើង​ថា សិក្ខាសាលា​នេះ​គឺជា​ជំហាន​នៃ​គំនិត​ដ៏​ជឿនលឿន ក្នុង​បំណង​ចង់​ឲ្យ​យុវ​សិស្ស បាន​ស្វែងយល់​អំពី​ការ​កំណត់​គោលដៅ​នៃ​ជីវិត ការត្រៀមខ្លួន​មុន​ចូល​សាកលវិទ្យាល័យ​និង​អាហារូបករណ៍ ពិសេស​នោះ​គឺ​ផ្សព្វផ្សាយ​ការស្វែងយល់ អំពី​ការ​សិក្សា​ជំនាញ​និង​ការងារ សម្រាប់​ថ្ងៃ​អនាគត ហើយ​នៅ​មាន​មេរៀន​បទពិសោធន៍​ល្អៗ​ជាច្រើន​ទៀត ដែល​បាន​ធ្វើ​កំណត់ត្រា​ចេញពី​ដំណើរ​ជីវិត​ពិត​ប្រកបដោយ​ជោគជ័យ ត្រូវបាន​លើក​បង្ហាញ​នៅ​ក្នុង​កិច្ចពិភាក្សា​តុមូល​និង​សំណួរ​ចម្លើយ​នៃ​អង្គសិក្ខាសាលា​នោះ ប៉ុន្តែ​អ្វីៗ ត្រូវ​ផ្តើម​ចេញពី​ការ​ស្គាល់​ខ្លួនឯង​ឲ្យបាន​ច្បាស់លាស់​សិន មុន​នឹង​បញ្ចេញ​សេចក្តីក្លាហាន តស៊ូ ព្យាយាម ធ្វើឲ្យ​ក្តី​ស្រ​ម៉ៃ​បាន​ក្លាយជា​ការពិត វា​គឺជា​ការរៀបចំ​គោលដៅ សម្រាប់​អនាគត​នៃ​ជីវិត ហើយ​ពេល​វេលា សុខភាព និង​វិធីសាស្ត្រ វា​គឺជា​កត្តា​ដ៏​សំខាន់​បំផុត ។

​លោក អៀង សុធា​រ៉ា អគ្គនាយក​ក្រុមហ៊ុន អៀង គ្រុប និង​ជា​ប្រធាន​សមាគម​ពាណិជ្ជកម្ម​និង​វិនិយោគ​កម្ពុជា​-​ជប៉ុន ( CJBI ) បាន​លើកឡើង​ថា ដើម្បី​ជោគជ័យ​ក្នុង​ជីវិត យើង​ត្រូវ​ស្គាល់​ខ្លួនឯង និង​ស្គាល់​អ្នក​ដទៃ​ឲ្យ​ច្បាស់ ព្រោះថា ដើម្បី​អនាគត គឺ​យើង​ត្រូវ​គិត​ពី​ប្រយោជន៍​ខ្លួនឯង ប្រយោជន៍​គ្រួសារ ប្រយោជន៍​សង្គម​ជាតិ និង​ពិភពលោក​ផងដែរ បើទោះជា​មាន​ការប្រែប្រួល​គោលដៅ​នៃ​ជីវិត តែ​មិន​ត្រូវបាន​ប្រែប្រួល​ប្រាសចាក​គុណធម៌​នោះឡើយ ត្រូវតែ​ជា​មនុស្ស​ល្អ និង​ជា​មនុស្ស​ដែល​មាន​ប្រយោជន៍ ត្រូវ​ចៀសវាង​ការ​ធ្វើ​ខ្លួន​ឲ្យក្លាយ​ជា​មេរោគ​នៃ​សង្គម ។

​លោក ពុយ គា ក្រុមប្រឹក្សាភិបាល​នៃ​សាកលវិទ្យាល័យ​អាមេរិកកាំង​ភ្នំពេញ ( AUPP ) និង​ជា​អ្នកឆ្លើយឆ្លង​ព័ត៌មាន នៃ ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន ក្យូ​ដូ ប្រចាំ​ទីក្រុង​ភ្នំពេញ បាន​លើកឡើង​ថា ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុង​ជីវិត និង​ការងារ​និង​ការសិក្សា​ផ្សេងៗ យើង​ត្រូវ​កំណត់​គោលបំណង​ឱ្យ​ច្បាស់ សិក្សា​ពី​ចំណង់​ចំណូលចិត្ត​ខ្លួនឯង ពិនិត្យមើល​លទ្ឋភាព​ថវិកា​ផ្ទាល់ខ្លួន​និង​គ្រួសារ និង​ស្វែងយល់​ឱ្យ​បាន​លំអិត​ពី សាកលវិទ្យាល័យ​ឬ​ទីផ្សារ​ការងារ​ដែល​យើង​ចង់​សិក្សា​និង​ចង់​ធ្វើ ស្វែងយល់​ពី​អាហារូបករណ៍ បើ​ខ្វះ​លទ្ឋភាព​គឺ​ត្រូវ​ស្វែងរក​ការងា​រ​ក្រៅ​ម៉ោង​សិក្សា ជាដើម​។​ល​។ ហើយ​ដើម្បី​សម្រេច​គោលដៅ​និង​គោលបំណង និង​ក្លាយជា​សិស្ស​និង​និស្សិត​ពូកែ ជា​មន្ត្រី​មាន​សមត្ថភាព យើង​ត្រូវ​ប្រើប្រាស់​ពេលវេលា​ឱ្យ​មាន​ប្រយោជន៍ ត្រូវ​គិតគូរ​ពី​សុខភាព​ផ្ទាល់ខ្លួន ព្រមទាំង​ត្រូវ​ព្យាយាម ស្តាប់​និង​កត់ត្រា​នូវ​រា​ល​គន្លឺះ​សំខាន់ៗ​ពី​ក្នុង​វេទិកា​នានា និង​កំណត់​ឱ្យ​ច្បាស់​នូវ​ប្រធានបទ​ដែល​យើង​ត្រូវ​សរសេរ ។

​ការបង្ហាញ​នេះ​បាន​ធ្វើឡើង​នៅក្នុង​សិក្ខាសាលា ស្តី​ពី​ការតម្រង់ទិស​នៃ​ការសិក្សា​ជំនាញ និង ការងារ​ទៅ​ថ្ងៃ​អនាគត កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ នៅក្នុង​ក្រុង​សៀមរាប ៕

​អត្ថបទ និង រូបថត ៖ សហការី​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​