ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​នាំយក​ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ ចំនួន​៤០០០ ឈុត (Kits) ទៅ​ប្រគល់ជូន​ដល់​សុខាភិបាល​ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩

ថ្ងៃ​ចន្ទ ១​រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែកក្កដា ឆ្នាំ​២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​នាំយក​ឧបករណ៍​ធ្វើតេស្ត រក​មេរោគ​កូ​វីដ​-១៩ ចំនួន ៤០០០ ឈុត (Kits) ជា​អំណោយ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ទៅ​ប្រគល់ជូន​ក្រសួងសុខាភិបាល ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង មន្ត្រី​ជំនាញ​បច្ចេកទេស​ក្រោម​ឱវាទ​ក្រសួង និង​ភាគី​ពាក់ព័ន្ធ​ផងដែរ​។

​សូម​ជម្រាបជូន​ថា​៖ ឧបករណ៍​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ​-១៩ នេះ ជា​ឧបករណ៍​ផលិតឡើង​តាម​បច្ចេកវិជ្ជា របស់​សាធារណរដ្ឋ​កូរ៉េ ប្រគល់ជូន​ក្រសួងសុខាភិបាល​ជា​ប្រយោជន៍​សាធារណៈ ដើម្បី​ចូលរួម​បង្ការ និង ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩​។

​លើសពីនេះ​ទៀត ការប្រគល់​អំណោយ​ជា​សម្ភារ​នេះ​គឺជា​ការបង្ហាញ​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ប្រកបដោយ​សាមគ្គីភាព និង​គុណធម៌​ដែល​អាចឆ្លើយតប​ទៅនឹង​ការ​រួមគ្នា​ប្រយុទ្ធ ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩ ដែលជា​បញ្ហា​ប្រឈម​របស់​សកលលោក​៕​