ការគាំទ្រ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​


មាត្រា ៩​នៃ​ច្បាប់​ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ​ចែង​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត​មាន​កាតព្វកិច្ច​ធ្វើ អន្តរាគមន៍​ជាបន្ទាន់ ក្នុងករណី​មាន​អំពើហិង្សា​ក្នុង​គ្រួសារ​កើតឡើង ឬ​បម្រុង​នឹង​កើតឡើង ដើម្បី​ទប់ស្កាត់ និង​ការពារ​ជនរងគ្រោះ​។ ក្នុង​អំឡុងពេល​ចូល​ធ្វើ​អន្តរាគមន៍ អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​កំណត់ហេតុ​ឱ្យបាន​ជាក់លាក់​អំពី ហេតុការណ៍​នោះ រួច​រាយការណ៍​ជា​បន្ទាន់​ទៅ​ព្រះរាជអាជ្ញា​មាន​សមត្ថកិច្ច​។

​កញ្ញា ណាំ ថយ អាយុ​២១​ឆ្នាំ ជា​ពលរដ្ឋ​នៅ​ឃុំ​ដូនពេង ស្រុក​អង្គរជុំ បាន​និយាយថា ភាគច្រើន​គ្រួសារ​ដែល​ក្រីក្រ និង​ខ្វះ​ចំណេះដឹង តែង​បង្ករ​អំពើហិង្សា​ក្នុង​គ្រួសារ​។ យុវត្ថី​រូបនេះ​បន្តទៀតថា នៅពេល​មាន​អំពើហិង្សា​កើតឡើង​កន្លងមក សមត្តកិច្ច​ប៉ូលីស​នៅ​មិន​ទាន់​ចុះ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​នៅឡើយ ដូច្នេះ​ពេល​មាន​អំពើ​ហិង្សា​កើតឡើង កញ្ញា​សូមឱ្យ​អាជ្ញាធរ​ចុះ​អន្តរាគមន​ជួយ​ជនរងគ្រោះ​ទាន់ពេលវេលា​។ នៅពេល​មាន​ការប៉ះពាល់​ផ្នែក​ផ្លូវចិត្ត ឬ​របួស​ស្នាម គួរ​បញ្ចូន​ស្ត្រី​រងគ្រោះ​គួរ​ទៅរក​សេវា​គាំពារ​ពី​ខាង​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​ផងដែរ​។

​ជាមួយគ្នានេះ​លោក នឿម រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​ដែរនោះ ក៏បាន​លើកឡើង​ថា ខាង​មន្ទីរពេទ្យ​រដ្ឋ ឬ​មណ្ឌល​សុខភាព គួរ​លើកលែង​ថ្លៃ​សេវា​ព្យាបាល​ចំពោះ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ផង​។ ចំពោះ​សមត្តកិច្ច​ប៉ូលី​សវិញ ត្រូវ​ចុះ​អន្តរាគមន៍ឲ្យ​បានទា​ន់ពេល​វេលា ពេល​មាន​ករណី​អំពើហិង្សា​កើតឡើង​ដើម្បី​ប្រមូល​ភស្តុតាង​ចាត់ការ​ជន​ប្រព្រឹត្ត​ទៅ​តាម​ផ្លូវច្បាប់​។

​លើ​បញ្ហា​នេះ​លោក ធិន ឡោះ ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ដូនពេង បាន​លើកឡើង​ថា កន្លងមក ពេល​មាន​អំពើហិង្សា​កើតឡើង គឺ​អាជ្ញាធរ​ឃុំ​បាន​ចុះ​អន្តរាគមន៍​ទាន់ពេល ដោយ​មាន​កិច្ចសហការ​ជាមួយ​មេ​ភូមិ និង​ប្រជា​ការពារ​ភូមិ រួមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​ផងដែរ ពេល​មាន​ការរាយការណ៍​ពី​ជនរងគ្រោះ​ឬ​អ្នក​ជិតខាង​។ ចំពោះ​ជន​ក្រីក្រ​ដែល​មិន​មាន​លទ្ធភាព​បង់ថ្លៃ​សេវា​ព្យាបាល លោក​បាន​សហការ​ជាមួយ​មន្ទីរពេទ្យ​រដ្ឋ ឬ​មណ្ឌល​សុខភាព​ឲ្យ​លើកលែងសេ​វា​ព្យាបាល ។

​យោង​តាម​ច្បាប់​ទប់ស្កាត់​អំពើហិង្សា​ក្នុង​គ្រួសារ ជនរងគ្រោះ​នៃ​អំពើហិង្សា​លើ​ស្ត្រី ត្រូវតែ​ទទួល​ការព្យាបាល​វេជ្ជសាស្ត្រ និង​អាច​ទទួលបាន​របាយការណ៍​វេជ្ជសាស្ត្រ​ដើម្បី​គាំទ្រ​ការដាក់​ពាក្យបណ្តឹង​ព្រហ្មទណ្ឌ​។ អំពើហិង្សា​លើ​ស្ត្រី​មិនមែន​ជា​បញ្ហា​ក្នុង​គ្រួសារ​ទេ វា​ជា​បញ្ហា​របស់​សហគមន៍ ដែល​ប៉ូលិស​ត្រូវតែ​បង្ក្រាប​។ អាជ្ញាធរ​មូលដ្ឋាន ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​អំពើហិង្សា​លើ​ស្ត្រី​ដោយ​អព្យាក្រិតភាព ជាជាង​ការស្តីបន្ទោស​និង​ការធ្វើ​ឲ្យ​អាម៉ាស់​។​