ការគាំទ្រ​ជនរងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ពី​អាជ្ញាធរ​

ដំណើរការ​ច្របាច់​បញ្ចូល​ក្នុង​សហគមន៍​វិញ និង​ការធ្វើ​ឲ្យ​ជាសះស្បើយ​ឡើងវិញ​ប្រកបដោយ​ជោគជ័យ រួមបញ្ចូល​ទាំង​ការ​សម្រាក​, ការធ្វើ​សកម្មភាព​កម្សាន្ត និង​កីឡា​, និយាយ​ទៅកាន់​មិត្ត​ជិតស្និទ្ធ​ដែលជា​អ្នក​ស្តាប់​ដោយ​យកចិត្តទុកដាក់​, ការចាប់​យកគំនិត​ផ្តួចផ្តើម​ដើម្បី​ទទួលបាន​ជំនាញ​ថ្មីៗ​សម្រាប់​ចាប់ផ្តើម​អាជីវកម្ម​ខ្នាតតូច​ប្រសិនបើ​ចាំបាច់ និង​សំខាន់​បំផុត​គឺ​ទទួលស្គាល់ថា មាន​ក្តីសង្ឃឹម​សម្រាប់​ការចាប់ផ្តើម​ថ្មី ហើយ​ថា ការរាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​គឺ​ជា​ការចាប់ផ្តើម​ជីវិត​ថ្មី​មួយ​។​

​អ្នកស្រី ក្រូច កុក ពលរដ្ឋ​នៅ​ឃុំ​តា​សោម ស្រុក​អង្គរជុំ បាន​និយាយថា​ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើ​ហិង្សា​គឺ​ត្រូវការ​ចាំបាច់​ទទួលបាន​ការគាំទ្រ​ពី​អាជ្ញាធរ ដូចជា​ការទទួលបាន​វគ្គ​បណ្តុះបណ្តាល និង​ជំនាញ​វិជ្ជាជីវៈ​ជា​ដើម ហើយ​ការបណ្តុះបណ្តាល​ជំនាញ​នេះ​គឺ​អាច​ធ្វើឲ្យ​ស្ត្រីអាច​រស់បាន មិន​នៅ​រង​គំនាប​ហិង្សា​ពី​ស្វាមី​បន្តទៀត​។

​ការរាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​ទៅ​អាជ្ញាធរ​មូលដ្ឋាន មានន័យ​ថា ស្ត្រី​រងគ្រោះ​អាច​ទទួលបាន​ការគាំទ្រ​ពី​សង្គម និង​អាច​ធ្វើឲ្យ​ស្ត្រី​មាន​ស្ថានភាព​ល្អប្រសើរ​ឡើងវិ​ញ​។​

​អ្នកស្រី ឆ​យ សា​ឃាត់ អាយុ​ជាង​២០​ឆ្នាំ ក៏បាន​លើកឡើង​ដែរ​ថា អាជ្ញាធរ​ត្រូវ​យកចិត្តទុកដាក់​ជួយ​ដល់​ស្ត្រី នៅ​ពេល​ពួកគាត់​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ទាំង​សេវា​ផ្នែក​ច្បាប់​ឬ​ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្សេង​នោះទេ​។ អ្នកស្រី​បន្ត​ថា សូម​ឲ្យ​អាជ្ញាធរ​ជួយ​ដល់​ស្ត្រី​ផង​ដែរ​ពេល​ឲ្យ​ស្ត្រី​រងគ្រោះ​វិល​ត្របល់​ទៅ​លំនៅដ្ឋាន​វិញ ថា​តើ​ពួកគាត់​មាន​ភាព​ល្អប្រសើរ​ហើយ​ឬ​នៅ ជៀសវាង​ស្ត្រី​ត្រូវបាន​គេ​ទុកចោល គ្មាន​ការយកចិត្តទុកដាក់​ពី​អ្នកពាក់ព័ន្ធ​។

​ការទទួល​បាន​ការផ្តល់​ប្រឹក្សា​, ការព្យាបាល​ឲ្យបាន​ជា​សះស្បើយ​ពេញលេញ​, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​គឺ​ធ្វើឲ្យ​ស្ត្រី​មាន​កម្លាំងចិត្ត​បន្តកា​ររស់​នៅ​ជា​បន្ត​ទៀត​។​


​លើ​បញ្ហា​នេះ​លោក នើយ សុ​នាម អនុប្រធាន​ការិយាល័យ​ការពារ​ផ្លូវច្បាប់​នៃ​មន្ទីរ​កិច្ចការនារី​បាន​លើក​ថា មន្ទីរ​បាន​ផ្តល់ជូន​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ នៅ​សេវា​ផ្នែក​ច្បាប់​និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ផ្សេងៗ​។ នៅពេល​ដែល​ស្ត្រី​ត្រូវ​បាន​ការគាំទ្រ​រួចហើយ គឺមាន​តែ​អាជ្ញាធរ​មូលដ្ឋាន​តែប៉ុណ្ណោះ​ដែល​នៅ​ជិតស្និត​ជាមួយ​ស្ត្រី ដូច្នេះ​សូម​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​តាមដាន​ដល់​ស្ត្រី​ផង នៅពេល​ធ្វើ​សមាហរណកម្ម​ពួកគាត់​ត្រលប់​ទៅ​លំនៅដ្ឋាន​វិញ​។

​ស្ត្រី​ត្រូវ​បាន​លើកទឹកចិត្ត​ឱ្យ​រាយការណ៍​ពី​អំពើហិង្សា​ក្នុង​គ្រួសារ​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​រស់នៅ​ដោយ​គ្មាន​អំពើហិង្សា​។ អាជ្ញា​ធរមាន​សមត្ថកិច្ច​ផ្តល់ជូន​ស្ត្រី​រងគ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ នូវ​ការគាំទ្រ​ផ្នែក​សង្គម​សម្រាប់​ការច្របាច់បញ្ចូល​ក្នុង​ទៅ​ក្នុង​សហគមន៍​វិញ​។ សេវាកម្ម​នេះ​រួមមាន ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​និង​ការប្រឹក្សា​យោបល់​, រៀន​ជំនាញ​ថ្មីៗ​សម្រាប់​រក​ប្រាក់​ចំណូល​និង​ស្នាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​រហូត​ដល់​អ្នក​បាន​ចាប់ផ្តើម​ជីវិត​ថ្មី​៕

 

អត្ថ​បទ​បទ​យកការណ៍​៖​ អ្នក​នាង​ ហេង​ លាង​ស៊ីម