បង្ក្រាប​មុខសញ្ញា​លួច​រថយន្ដ និង​ប្រើប្រាស់​គ្រឿងញៀន សរុប​៣​ករណី​ផ្សេងគ្នា ឃាត់ខ្លួន​មនុស្ស​៤​នាក់ នៅ​ក្រុងព្រះសីហនុ​


(​ព្រះសីហនុ​)៖ កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​លួច​រថយន្ដ និង​ក្រុម​ជួញដូរ​គ្រឿងញៀន ៣​ករណី​ផ្សេងគ្នា ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៤​នាក់ នៅ​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០២០​។​
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ដឹងថា ករ​ណ​ទី​១ បង្ក្រាប​ករណី​លួច​រថយន្ត និង​កាន់កាប់​ប្រើប្រាស់​អាវុធ​ខុសច្បាប់ នៅ​ភូមិ​២ សង្កាត់​៤ ក្រុងព្រះសីហនុ​។ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ទី​១៖​ឈ្មោះ ណែម ភា​រុណ អាយុ​៣០​ឆ្នាំ និង​ទី​២៖​ឈ្មោះ លី ង៉ែត អាយុ​២១​ឆ្នាំ ដកហូត​បាន​វត្ថុតាង អាវុធខ្លី​១​ដើម បង់​១ និង​គ្រាប់​៤​គ្រាប់​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សាកសួរ រក​រថយន្ត​ដែលជា​ផល​នៃ​អំពើ​លួច​។​


​ដោយឡែក ២​ករណី​ផ្សេងទៀត គឺ​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន នៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ សុខ ធឿន អាយុ​៦៨​ឆ្នាំ ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន​១​កញ្ចប់​ធំ និង​ទូរស័ព្ទដៃ​១​គ្រឿង​។ មួយ​ករណី​ទៀត នៅ​ភូមិ​៦ សង្កាត់​៤ ក្រុងព្រះសីហនុ កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់​ឈ្មោះ ឈាន ឈឹប អាយុ​២៨​ឆ្នាំ ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ចំនួន​១៣​កញ្ចប់ (៨​កញ្ចប់​ធំ​, ៥​កញ្ចប់​តូច​) និង​ទូរស័ព្ទដៃ​១​គ្រឿង​៕