អាជ្ញាធរ​ស្រុក​ស្វាយ​លើ ជំរុញ​ឲ្យ​អាជីវករ​អ្នកលក់ដូរ​ទាំងអស់ ទៅ​លក់​នៅក្នុង​ផ្សារ ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិ និង សណ្តាប់ធ្នាប់​សាធារណ​: ខណៈ​កន្លងមក​អាជីវករ​មួយចំនួន​បាន​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ ព្រមទាំង​បាន​គាំទ្រ​ចំពោះ​ចំណាត់ការ​របស់​រដ្ឋបាល​ស្រុក​

លោក សាត ពៅ អភិបាលរង​ស្រុក​ស្វាយ​លើ មានប្រសាសន៍ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណ​:​តាម​ដងផ្លូវ​សាធារណ​: យើងទាំងអស់គ្នា ត្រូវ​ចូល​រូ​ម​សហការគ្នា​បញ្ចៀស​នូវ​ការកក់ស្ទះ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​ទៅមក និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ជាពិសេស​នៅក្នុង​តំបន់​ផ្សារ​ចាស់​ក្នុងស្រុក​ស្វាយ​លើ​យើង​នេះ ខណៈ​កន្លងមក មាន​បងប្អូន​អាជីវករ​មួយចំនួន បានដាក់​តាំង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ បាន​នឹង​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។

​លោក សាត ពៅ មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​គណ​:​បញ្ជាការ​ឯកភាព​ស្រុក រួមជាមួយ​នឹង​ប្អូន​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ និង លក់ដូរ​តាម​ចិញ្ចើមផ្លូវ កាល​រសៀល​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​លើ ។

​លោក​អភិបាលរង​ស្រុក​ស្វាយ​លើ មានប្រសាសន៍​ទៀតថា ក្នុងឱកាស​នេះ សូម​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់ បញ្ឈប់​ការលក់ដូរ​របស់ខ្លួន​នៅតាម​ចិញ្ចើមផ្លូវ ហើយ​ត្រូវ​ទៅ​លក់ដូរ​នៅក្នុង​ផ្សារ​ទាំងអស់គ្នា ព្រោះថា រដ្ឋបាល​ស្រុក​ស្វាយ​លើ នឹងត្រូវ​ធ្វើការ​រុះរើ​តូប ដែល​បាន​ដាក់តាំង​លក់​នៅតាម​ចិញ្ចើមផ្លូវ និង កាត់​សំ​យ៉ាប ផ្ទាំង​ស្លាក​យីហោ​តូចធំ ដែល​លយ​ចូល​មកដល់​ផ្លូវ​ឲ្យ​អស់​មុន​ថ្ងៃ​កំណត់ ដោយ​កំណត់​ផ្លូវថ្នល់​សងខាង​ប្រវែង​១០​ម៉ែត្រ គិតពី​ចំណុច​អ័ក្ស​ផ្លូវ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ខណៈដែល​រដ្ឋបាល​ស្រុក បាន​ជូនដំណឹង​ដល់​ពួកគាត់​ជា​ច្រើនដង​រួចមកហើយ ដូច្នេះ​រឿងនេះ​មិនមែន​ថ្មី​នោះទេ គឺ​វា​រ៉ាំរ៉ៃ​យូរ​មកហើយ ។

​លោក សាត ពៅ មានប្រសាសន៍​បន្ថែមទៀត​ថា ប្រសិនបើ​បងប្អូន​អាជីវក​រណា មិនមាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ចាស់​នេះ​ទេ បងប្អូន​អាច​ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី​បាន គឺ​ផ្សារ​រស្មី​ហេង​មករា​ផ្សារ​ស្រុក​ស្វាយ​លើ ដែល​កន្លែង​នោះ​ប្រកបទៅដោយ​ផាសុកភាព មាន​អនាម័យ​ល្អ មាន​សណ្តាប់ធ្នាប់​ល្អ និង ងាយស្រួល​ក្នុងការ​លក់ដូរ ដែល​នេះ​ជា​ឱកាសល្អ​សម្រាប់​បងប្អូន​អជីវ​ករ ខណៈ​ផ្សារ​ថ្មី​នេះ​មិន​យក​ថ្លៃ​កន្លែង​លក់ដូរ​ក្នុង​រយ​:​ពេល​៣​ឆ្នាំ បន្ទាប់មក​ក្រោយពី​៣​ឆ្នាំ​ទើប​គិតថ្លៃ​តូប​មួយ​៤០​ដុល្លារ​អាមេរិក បើ​យើង​គិត​បង់​ប្រចាំ​ថ្ងៃនោះ តូប​មួយ​បង់​ត្រឹមតែ​៥.០០០​រៀល​ប៉ុណ្ណោះ ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ អ្នកស្រី​ឈ្មោះ សូ​រ៉ានី ហៅ ចែ​ង៉ា ជា​អាជីវករ​លក់ដូរ​នៅ​ផ្សារ​ចាស់ ជាប់​ចិញ្ចើមផ្លូវ បាន​គាំទ្រ និង ឯកភាព​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធ​រ​ស្រុក ក្នុង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណ​:​នៅតាម​ដងផ្លូវ​ទល់មុខ​ផ្សារ ឬ​ទល់​មុខផ្ទះ ដើម្បី​បញ្ចៀស​នៅ​ការកក់ស្ទះ​ចរាចរណ៍ ឥឡូវនេះ អាជីវករ​ទាំងអស់ ស្ម័គ្រចិត្ត​រុះរើ​ដោយ​ខ្លួនឯង ហើយ​ការលក់ដូរ​សព្វថ្ងៃ​នៅក្នុង​ផ្សារ​ចាស់​ដែលជា​ដី​របស់​រដ្ឋ​នេះ ប្រសិនបើ​រដ្ឋ​ត្រូវ​ការយក​ដី​នេះ​ទៅ​សាងសង់​មន្ទីរពេទ្យ​ស្រុក​នៅពេលណា ពួកយើង​នឹង​រើចេញ​ពេលនោះ​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ឡើយ ។

​អ្នកស្រី គឹម ណាវី អាជីវករ​មាន​តូប​លក់ដូរ​លើ​ចិញ្ចើមផ្លូវ​ដែរនោះ បាន​លើកឡើងថា អ្នកស្រី​ទទួលស្គាល់​និង​ឯកភាព​រាល់​សកម្មភាព​របស់​អាជ្ញាធរ​ស្រុក ដែលមាន​ចំណាត់ការ​ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​សាធារណ​: ក្នុង​គោលបំណង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងន័យ​កាត់បន្ថយ​នៅ​ការកក់ស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​នេះ ដូច្នេះ​នាង​ខ្ញុំ​សម្រេចចិត្ត​រុះរើ​ដោយ​ខ្លួនឯង គិត​ចាប់​ពីថ្ងៃ​ប្រជុំ​នេះ រហូតដល់​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៩​ខាងមុខ ៕​