ព្រឹក​មិញ​នេះ អាជ្ញាធរ​ស្រុក​ស្វាយ​លើ ចាប់ផ្ដើម​ធ្វើការ​រុះរើ​តូប​របស់​បងប្អូន​អាជីវករ ដែល​បាន​ដាក់តាំង​លក់ដូរ​នៅលើ​ដី​ចំណីផ្លូវ នៃ​តំបន់​ផ្សារ​ចាស់​

នៅ​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩​នេះ ដែលជា​ថ្ងៃ​ឱសានវាទ​សម្រាប់​ការរៀបចំ​សណ្តាប់ធ្នាប់​នៅតាម​ដងផ្លូវ​ជាតិ​ក្នុងស្រុក នៃ​តំបន់​ផ្សារ​ចាស់ ស្ថិតក្នុង​ភូមិ​ស្វាយ​លើ ឃុំ​ស្វាយ​លើ ដែល​អាជ្ញាធរ​ស្រុក​បាន​ជូនដំណឹង​ដល់​ពួកគាត់​អស់​រយៈពេល​ជិត​មួយខែ​មកហើយ​នោះ ព្រឹក​នេះ​អាជ្ញាធរ​ស្រុក​ស្វាយ​លើ ក្រោម​ការដឹកនាំ​របស់​លោក សាត ពៅ អភិបាលរង​ស្រុក បាន​ដឹកនាំ​កម្លាំងចម្រុះ ចាប់ផ្ដើម​ធ្វើការ​រុះរើ​តូប​របស់​បងប្អូន​អាជីវករ ដែល​បាន​ដាក់តាំង​លក់ដូរ​នៅលើ​ដី​ចំណីផ្លូវ ។

​លោក សាត ពៅ មានប្រសាសន៍ថា ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខ​សុវត្ថិភាព និង សណ្តាប់ធ្នាប់​សាធារណ​: តាម​ដងផ្លូវ​សាធារណ​: យើងទាំងអស់គ្នា​ត្រូវ​ចូល​រូ​ម​សហការគ្នា បញ្ចៀស​នូវ​ការកកស្ទះ​ចរាចរណ៍​ក្នុងការ​ធ្វើដំណើរ​ទៅមក និង​បញ្ចៀស​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ ជាពិសេស​នៅក្នុង​តំបន់​ផ្សារ​ចាស់​ក្នុងស្រុក​ស្វាយ​លើ​យើង​នេះ ខណៈ​កន្លងមក មាន​បងប្អូន​អាជីវករ​មួយចំនួន បានដាក់​តាំង​លក់ដូរ​នៅតាម​ចិញ្ចើមផ្លូវ បាន​នឹង​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ។

​លោក​មានប្រសាសន៍​ទៀតថា ក្នុងឱកាស​នេះ សូម​ឲ្យ​បងប្អូន​អាជីវករ​ទាំងអស់ បញ្ឈប់​ការលក់ដូរ​របស់ខ្លួន​នៅតាម​ចិញ្ចើមផ្លូវ ហើយ​ត្រូវ​ទៅ​លក់ដូរ​នៅក្នុង​ផ្សារ​ទាំងអស់គ្នា ព្រោះថា រដ្ឋបាល​ស្រុក​ស្វាយ​លើ នឹងត្រូវ​ធ្វើការ​រុះរើ​តូប ដែល​បាន​ដាក់តាំង​លក់​នៅតាម​ចិញ្ចើមផ្លូវ និង កាត់​សំ​យ៉ាប ផ្ទាំង​ស្លាក​យីហោ​តូចធំ ដែល​លយ​ចូល​មកដល់​ផ្លូវ​ឲ្យ​អស់​មុន​ថ្ងៃ​កំណត់ ដោយ​កំណត់​ផ្លូវថ្នល់​សងខាង​ប្រវែង​១០​ម៉ែត្រ គិតពី​ចំណុច​អ័ក្ស​ផ្លូវ តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ខណៈដែល​រដ្ឋបាល​ស្រុក បាន​ជូនដំណឹង​ដល់​ពួកគាត់​ជា​ច្រើនដង​រួចមកហើយ ដូច្នេះ​រឿងនេះ​មិនមែន​ថ្មី​នោះទេ គឺ​វា​រ៉ាំរ៉ៃ​យូរ​មកហើយ ។

​លោក សាត ពៅ មានប្រសាសន៍​បន្ថែមទៀត​ថា ប្រសិនបើ​បងប្អូន​អាជីវក​រណា មិនមាន​តូប​លក់ដូរ​នៅក្នុង​ផ្សារ​ចាស់​នេះ​ទេ បងប្អូន​អាច​ទៅ​លក់ដូរ​នៅ​ផ្សារ​ថ្មី​បាន គឺ​ផ្សារ​រស្មី​ហេង​មករា​ផ្សារ​ស្រុក​ស្វាយ​លើ ដែល​កន្លែង​នោះ​ប្រកបទៅដោយ​ផាសុកភាព មាន​អនាម័យ​ល្អ មាន​សណ្តាប់ធ្នាប់​ក្នុងការ​ធ្វើចរាចរ​ណ៏​របស់​ប្រជាពលរដ្ឋ​ផងដែរ ៕​