ក្រុមការងារ​ចម្រុះ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​ប​ច្ចេ​សទេស និង​លិខិតបទដ្ឋាន​គតិយុត្ត​

នៅ​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ​រដ្ឋបាល​ខេត្តសៀមរាប ក្រោម​ការដឹកនាំ​បញ្ជា​ផ្ទាល់ លោក នាក់ ណេ​រ៉ុ​ន អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប រួម​នឹង​លោក​លោកស្រី ជា​ប្រធាន អនុប្រធាន​ទីចាត់ការ​ចំណុះ​សាលាខេត្ត មន្ត្រី​តំណាង​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត និង​អាជ្ញាធរ​ក្រុង​សៀមរាប បាន​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ និង​កាត់​ស្លាក យីហោ និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប ដែល​គ្មាន​លិខិតអនុញ្ញាត ។

​នៅក្នុង​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​និង​កាត់​ស្លាក​យីហោ​និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្តសៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត លោក នាក់ ណេ​រ៉ុ​ន បាន​ណែនាំ​ដល់​បងប្អូន​ដែល​បាន​លើក​ស្លាក​យីហោ និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​អនុវត្តតាម​គោល​ការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ជាអាទិ៍ ៖


១- ត្រូវ​សរសេរ​អក្សរ​ខ្មែរ ឲ្យ​ធំ​ជាង​អក្សរ​បរទេស ហើយ​អក្សរ​ខ្មែរ​ដាក់​នៅ​ជួរ​ខាងលើ​។​
២- អក្សរ​បរទេស ត្រូវ​សរសេរ​នៅ​ជួរ​ខាងក្រោម និង​មាន​ទំហំ​មួយ​ភាគពីរ​នៃ​ទំហំ​អក្សរ​ខ្មែរ​។​
៣- សរសេរ​អក្សរ​ខ្មែរ ត្រូវ​អនុវត្តតាម​វចនានុក្រម​សម្តេចព្រះ​មហាសុមេធាធិបតី​ជោ​ត​ញ្ញ​ណោ ជួន ណាត​។​
៤- ចំពោះ​ការដាក់​តាំង​ស្លាក​យីហោ ឬ​ដំឡើង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ដែលមាន​ទំហំ​ក្រោម​៤ (​បួន​) ម៉ែត្រ ក្រឡា ត្រូវបំពេញ​បែបបទ​ស្នើសុំ​លិខិត​អនុ​ញ្ញ​ត​ពី​រដ្ឋបាល​ក្រុង ស្រុក ហើយ​ទំហំ​ចាប់ពី ៤ (​បួន​) ម៉ែត្រក្រឡា​ឡើងទៅ​ត្រូវបំពេញ​បែបបទ​ស្នើសុំ​លិខិត​អនុ​ញ្ញ​ត​ពី​រដ្ឋបាលខេត្ត សៀមរាប​។​
៥- ម្ចាស់​ទីតាំង​អាជីវកម្ម ត្រូវដាក់​តាំង​ឬ​ដំឡើង​ឲ្យ​មាន​លក្ខណៈ​បច្ចេកទេស ហើយ​តាមដាន និង​ត្រួតពិនិត្យ​នូវ​ស្លាក​យីហោ ឬ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជាប្រចាំ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព សោភ័ណភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​។​
៦- រដ្ឋបាល​ក្រុង ស្រុក ត្រូវ​តាមដាន និង​ត្រួតពិនិត្យ​ណែនាំ​រាល់​ការដាក់​តាំង​ឬ ដំឡើង​ស្លាក​យីហោ និង ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​នៅក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន ដូច​មាន​ខ្លឹមសារ​ចែង​ខាងលើ​។

​សូមបញ្ជាក់ថា គិត​ចាប់ពី​ថ្ងៃទី​០៣ ដល់​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​បានចាប់ផ្តើម​ពី​ចំណុច​ចុង​ស្ពានថ្ម​ខាងកើត​ព្រះរាជដំណាក់​រហូតដល់​ព្រំប្រទល់​ស្រុក​ប្រាសាទបាគង (​ផ្លូវជាតិ​លេខ​៦) អម​សងខាង​ផ្លូវ បាន​កាត់​ស្លាក​យីហោ និង​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​ខេត្ត សៀមរាប​ដែល​គ្មាន​លិខិតអនុញ្ញាត ខុស​លក្ខណៈ​បច្ចេកទេស និង​លិខិតបទដ្ឋាន​គតិយុត្ត ដែលមាន​ទំហំ​ក្រោម​០៤ ម៉ែត្រ ក្រឡា​បាន​ចំនួន ១០២​ទីតាំង និង​ទំហំ​០៤​ម៉ែត្រក្រឡា​ចំនួន ៤០​តាំង ហើយ​ផែនការ​អនុវត្ត​បន្ត​ពីថ្ងៃ​ទី​២១​ខែមិថុនា​ឆ្នាំ​២០១៩ ចាប់ពី​ស្រុក​ប្រាសាទបាគង ទៅដល់​ព្រំប្រទល់​ស្រុក​ស្ទោង នៃ​ខេត្តកំពង់ធំ ៕​