ប្រធាន​មន្ទីរ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ខេត្តសៀមរាប បង្ហាញថា ពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប សាទរ​ចំពោះ​ការ​កាត់​ខ្សែ​កា​ប្លិ៍​អាកាស ប៉ុន្តែ​មាន​បញ្ហា​ប្រឈម​ចំពោះ​បណ្តាញ​ខ្សែកាប​ស្ពាន់​របស់​ក្រុមហ៊ុន​ខាំ​មីន​តែ​ល​

ក្នុងឱកាស​ដែល​ក្រុមការងារ​ចម្រុះ​បន្ត​ចុះ​កាត់​ខ្សែ​អាកាស​តាម​ដងផ្លូវ​ខ្សែ​ទី​៨ ក្នុង​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ លោក សុខ សីហា ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្តសៀមរាប មានប្រសាសន៍ថា សម្រាប់​ការចុះ​អនុវត្តន៍​ការងារ​នេះ ក្រុមការងារ​ចម្រុះ​ពុំមាន​ជួប​បញ្ហា​ប្រឈម​នាំឱ្យ​រាំងស្ទះ​ពី​ប្រជាពលរដ្ឋ ដែលមាន​លំនៅដ្ឋាន​និង​អាជីវកម្ម​នៅតាម​ដងផ្លូវ​នោះទេ ផ្ទុយទៅវិញ​ពួកគាត់ បាន​សម្តែង​ការពេញចិត្ត និង បាន​សំណូមពរ សុំ​កាត់​ឱ្យបាន​ស្អាត​ល្អ​ដើម្បី​សោ​ភ័​ណ្ឌ​ភាព និង​សណ្តាប់ធ្នាប់​សម្រាប់​ទីក្រុង​ទេសចរណ៍​របស់​យើងទាំងអស់គ្នា ប៉ុន្តែ​បញ្ហា​ប្រឈម​នោះ គឺ​បណ្តាញ​ខ្សែកាប​ស្ពាន់​របស់​ក្រុមហ៊ុន​ខាំ​មីន​តែ​ល នៅសល់​៣​ខ្សែ​ឆ្លងកាត់​ផ្លូវ​ស៊ីវ​ត្ថា​ត្រង់ចំណុច​ភ្លើងស្តុប​ឡា​ប៉េ , មុខ​សណ្ឋាគារ​សោមា​ទេវី និង​ចំណុច​មុខ​សណ្ឋាគារ​សិន​ជូ​រី ខណៈដែល​បណ្តាញ​ខ្សែភ្លើង​អគ្គិសនី​ចូល​ផ្ទះ​អតិថិជន ក៏​មិនទាន់បាន​រៀបរយ​បានល្អ​នៅឡើយ​ដែរ ។

​លោក សុខ សីហា មានប្រសាសន៍​ទៀតថា ចំពោះ​ទិសដៅ​ការងារ​បន្ទាប់​ទៀត យើង​នឹង​អញ្ជើញ​ប្រតិបត្តិ​ករ​ផ្គត់ផ្គង់​សេវា​ទូរគមនាគមន៍​ទាំងអស់ មក​ប្រជុំពិភាក្សា ដើម្បី​កំណត់​បញ្ហា​ប្រឈម និង​លើកយក​ចំណុច​ផ្លូវ​គោលដៅ​សម្រាប់​ត្រៀម​អនុវត្ត​បន្ត​តាម​ផែនការ ហើយ​ក្រុមការងារ នឹង​ចុះ​អនុវត្តន៍​បន្ត​តាម​តារាង​ពេលវេលា​កំណត់ ព្រោះថា​ក្រុមការងារ​ចុះ​អនុវត្តន៍​កាត់​បណ្តាញ​ខ្សែ​កា​ប្លិ៍ ប្រើ​រយៈពេល​១​ខែ ក្នុង​ផ្លូវ​មួយ​ខ្សែ ក្នុងនោះ រយៈពេល​ពី​៣​ទៅ​៤​ថ្ងៃ​សម្រាប់​កាត់​ទម្លាក់​ខ្សែ និង រយៈពេល​នៅសល់ ទុក​ឱកាស​ឱ្យ​បណ្តា​ក្រុមហ៊ុន​មាន​ក្រុមហ៊ុនទូរស័ព្ទ , ក្រុមហ៊ុន​ខ្សែកាប​ទូរទស្សន៍​ជាដើម​។​ល​។ ដែល​ប្រើប្រាស់​ខ្សែ​កា​ប្លិ៍​អាកាស ដើម្បី​ពួកគាត់​រៀបចំ​បណ្តាញ​ក្នុង​ក្រុង​មក​រត់​ក្រោម​ដី​វិញ ។

​សូមបញ្ជាក់ថា យោងទៅតាម​សេចក្តីជូនដំណឹង​លេខ​៥៣៣ ស​.​ជ​.​ណ ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១៨ ស្តីពី​ការរៀបចំ​សោ​ភ័​ណ្ឌ​ភាព សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ​បណ្តាញ​ខ្សែ​អាកាស​ក្នុង​ក្រុង​សៀមរាប​នោះ គិត​ចាប់ពី​ខែសីហា​ឆ្នាំ​២០១៨​ដល់​ខែ​ចុងខែ​មេសា​ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ បាន​កាត់​ទម្លាក់​ខ្សែភ្លើង ខ្សែកាប​អាកាស បាន​ចំនួន​១១ ផ្លូវ​ហើយ សរុប​ប្រវែង​មាន​ជាង ២៨​គីឡូម៉ែត្រ ក្នុងនោះ​មានដូចជា​ផ្លូវ លោកតា​ណឺ​យ​, តំបន់​ជុំវិញ​ផាប់​ស្ទ្រី​ត​, កំណាត់​ផ្លូវ​ហ្សា​ដឺ​ហ្គោល ចាប់ពី​ចំណុច​សួនច្បារ​ព្រះរាជដំណាក់ រហូតដល់​បុរី​ប្រិមប្រិយ​, កំណាត់​ផ្លូវ ៦០​ម៉ែត្រ រហូតដល់​កែង​ផ្លូវ​ហ្សា​ដឺ​ហ្គោល​, កំណាត់​ផ្លូវ​កូ​ម៉ៃ ចាប់ពី​ចំណុច​ផ្លូវបំបែក អ​៩០ រហូតដល់​វត្ត​ថ្មី​, និង​កំណាត់​ផ្លូវ ៧​មករា ចាប់ពី​ផ្លូវ​ក្រវ៉ាត់​ក្រុង រហូតដល់​រង្វង់​មូល​ព្រះរាជដំណាក់​ខេត្តសៀមរាប ចំណែក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ គ្រោង​នឹង​ក្រោយ​គេ​បង្អស់ ព្រោះ​ផ្លូវ​នេះ​ជា​បណ្តាញ​មេ​ទាំងអស់​ក្នុង​ក្រុង​សៀមរាប ៕​