មានប្រសាសន៍ក្នុងកិច្ចប្រជុំប្រចាំឆមាសទី១ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨នេះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨នេះតទៅ អាជ្ញាធរប្រទេសថៃ នឹងចាត់វិធានការតឹងរ៉ឹងបំផុត ចំពោះពលករបរទេស ដែលកំពុងបម្រើការងារក្នុងប្រទេសថៃដោយខុសច្បាប់ ដែលទោសទណ្ឌនេះ នឹងមានការចាប់ឃុំឃាំងដាក់ក្នុងពន្ធនាគារ រួមទាំងការពិន័យជាប្រាក់ផងដែរ។
ដូច្នេះតាមរយៈនេះ សំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង អង្គការក្រៅរដ្ឋាភិបាល ប្រញាប់ប្រញាល់ជួយផ្សព្វផ្សាយបន្តទៅដល់ពលករខ្មែរយើង ឬក្រុមគ្រួសារដែលមានសាច់ញាតិ កំពុងធ្វើការនៅប្រទេសថៃដោយខុសច្បាប់នោះ ត្រូវផ្ដល់ដំណឹងដល់ពួកគាត់ឲ្យត្រឡប់មកប្រទេសយើងវិញ ដើម្បីបំពេញសំណុំបែបបទឲ្យបានត្រឹមត្រូវតាមទម្រង់ច្បាប់ ៕
#មន្ទីរព័ត៌មានខេត្តសៀមរាប