ក្រុម​អ្នកស្ម័គ្រចិត្ត​បើកបរ​ម៉ូតូ​ធំ​នៃ​ប្រទេស​ថៃ បានធ្វើ​ដំណើរ​ទេសចរ​ណ៍រ​មកកាន់​អង្គរ​-​សៀមរាប

​ក្រុម​អ្នកទេសចរ​ស្ម័គ្រចិត្ត​បើកបរ​ម៉ូតូ​ធំ​នៃ​ប្រទេស​ថៃ ប្រមាណ​ជាង​៣០​នាក់ មក​ធ្វើ​ទស្សនាចរ​នៅ​តំបន់​អង្គរ​-​សៀមរាប​ក្នុង​រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​២២ និង​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ហើយ​នេះ​ជា​លើក​ទី​៣ ដែល​ក្រុម​អ្នកទេសចរ​ថៃ​ជិះ​ម៉ូតូ​ធំ ធ្វើដំណើរ​ឆ្លងដែន​ចូលមក​ទស្សនា​កម្ពុជា ប៉ុន្តែ​នេះ​គឺជា​លើក​ទី​១ សម្រាប់​ការ​ចូលមក​ទស្សនា​អង្គរ​-​សៀមរាប ដែល​ពួកគេ​បានដាក់​ប្រធានបទ​នៃ​ដំណើរ​កំសាន្ត​នេះ​ថា ថៃ​-​កម្ពុជា ក្រុម​ម៉ូតូ​ធំ​ជួបជុំ​នៅ​អង្គរ​-​សៀមរាប ( BIKE MEET Siem Reap ឬ Angkor BIKERS )​។​

​លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទស​ចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ៖ សម្រាប់​វត្តមាន​ក្រុម​អ្នកទេសចរ​ថៃ​ជិះ​ម៉ូតូ​ធំ មកពី​ទីក្រុង​បាងកក ទស្សនា​អង្គរ​-​សៀមរាប គឺជា​ការឆ្លើយតប​រប​ស់ភា​គី​ថៃ បន្ទាប់ពី​ភាគី​កម្ពុជា បានធ្វើ​ដំណើរ​ទស្សនកិច្ច​ឆ្លងដែន​ទៅកាន់​បណ្តា​ខេត្ត​មួយចំនួន​របស់​ប្រទេស​ថៃ​នៅជាប់​ព្រំដែន​នៃ​ប្រទេស​កម្ពុជា កាលពី​ក្នុងអំឡុង​សប្តាហ៍​ទី​៤ នៃ​ខែតុលា​កន្លងទៅ របស់​ក្រុម Siem Reap Caravan Tour To Thailand ដែល​រៀបចំឡើង​ដោយ​ក្លឹប​សមាគម​ទេសចរណ៍​សៀមរាប ( STC ) ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ បង្ហាញ​សក្តានុពល​ទេសចរណ៍​កម្ពុជា និង​ដើម្បី​បង្ហាញថា ទេសចរណ៍​ឆ្លងដែន​មកកាន់​កម្ពុជា មិនមាន​របាំង​ឧ​ប​ស័គ្គ នោះឡើយ ។​

​លោក យោធិន ដូ​រ៉ា​ក់​ខ្លាង ជា​អ្នកដឹកនាំ​ដំណើរ​កំសាន្ត​នៃ​ក្រុម​ម៉ូតូ​ធំ​ថៃ បាន​ឲ្យ​ដឹងថា ៖ បើទោះបី នេះ​ជា​លើក​ទី​១ ជាមួយ​រយៈពេល​ដ៏​ខ្លី ដែល​ក្រុម​របស់លោក​បាន​ឆ្លងដែន​ចូលមក​ទស្សនា​សៀមរាប​-​អង្គរ​ក៏ដោយ ក៏ប៉ុន្តែ​កំណត់ត្រា​សម្រាប់​ការកសាង​អនុស្សាវរីយ៍​លើ​ដែនដី​អច្ឆរិយៈ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក ដែល​លោក​គិតថា​ជា​ស្ថាបត្យកម្ម​ដ៏​កំពូល​នៃ​មនុស្សជាតិ វា​ពិតជា​មិនអាច​រាប់​ទំព័រ​នៃ​ការចងចាំ​បាន​នោះឡើយ ហើយ​ក្រុម​របស់លោក ពិតជា​រីករាយ​ខ្លាំងណាស់ សម្រាប់​ដំណើរ​កំសាន្ត​លើក​នេះ ។​

​គួរ​បញ្ជាក់ដែរថា ការទទួល​ស្វាគមន៍ ដំណើរ​កំសាន្ត​ឆ្លងដែន​លើក​ទី​១ នៃ​ក្រុម​ម៉ូតូ​ធំ​របស់​ថៃ មកកាន់​អង្គរ​-​សៀមរាប រៀបចំឡើង​ដោយ​មន្ទីរ​ទេសចរណ៍ សហការ​ជាមួយ​ក្លឹប​សមាគម​ទេសចរណ៍​សៀមរាប គាំទ្រ​ដោយ​ក្រសួងទេសចរណ៍ អាជ្ញាធរ​ខេត្តសៀមរាប និង​អាជ្ញាធរ​ជាតិ​អប្សរា ៕​