ថ្ងៃនេះ​ក្រសួងសុខាភិបាល ប្រកាស​រកឃើញ​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី​ម្នាក់ ជា​ជនជាតិ​ឥ​ណ្ឌ​ណេ​ស៊ី ខណៈ​ករណី​ជាសះស្បើយ​មិនមាន​នោះទេ​

ក្រសួងសុខាភិបាល​នៅ​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់​ពី​កា​រកឃើញ ករណី​វិជ្ជមាន​វីរុស​កូ​វីដ​១៩​ថ្មី ម្នាក់ទៀត លើ​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី ខណៈ​ករណី​ព្យាបាល​ជាសះស្បើយ​មិនមាន​នោះទេ​។​
​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងសុខាភិបាល​បញ្ជាក់​ទៀតថា បុរស​ជនជាតិ​ឥណ្ឌូណេស៊ី អាយុ​២៦​ឆ្នាំ ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​នេះ មាន​អាសយដ្ឋាន​ស្នាក់ នៅ​សណ្ឋាគារ​មួយ​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី បាន​បន្ត​ជើងហោះហើរ​នៅ​ប្រទេស សាំង​ហ្គា​ពួ មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០២០ ហើយ​លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​របស់គាត់ ឃើញថា​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
​គួរ​កត់សម្គាល់ថា អ្នកដំណើរ​តាម​យន្តហោះ​ជាមួយ​អ្នកជំងឺ​ខាងលើ សរុប​មាន​ចំនួន​១១៣​នាក់ (​ស្រី​២៣​នាក់​) ដែល​ក្នុង​ចំនួន​នេះ មាន​បុរស​ជនជាតិ​ឥណ្ឌូណេស៊ី​អាយុ ២៦​ឆ្នាំ​ខាងលើ រីឯ​អ្នកដំណើរ​ចំនួន ១១២​នាក់ ដែលមាន​លទ្ធផល​តេស្ត អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​២​ថ្ងៃ នៅ​វិទ្យាល័យ​បូរី ១០០​ខ្នង​ចំនួន​៤៩​នាក់ សណ្ឋាគារ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​៦២​នាក់ និង​នៅ​ស្ថានទូត​សិង្ហ​បុរី​ចំនួន​១​នាក់​។​
​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​០៧៖០០​ព្រឹក​ថ្ងៃទី​០៨ ខែតុលា ឆ្នាំ​២០២០ កម្ពុជា​រកឃើញ​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ២៨១​នាក់ (​ស្ដ្រី​៥៦​នាក់ បុរស​២២៥​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន​២៧៦​នាក់ (​ស្ដ្រី​៥៤ បុរស​២២២)​និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​មាន​ចំនួន​០៥​នាក់​៕