ខេត្តសៀមរាប​នឹងមាន​កន្ត្រ​កវិល ខ្ពស់​ជាងគេ​លំដាប់​ទី​៣​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ​

ក្រុមហ៊ុន​អង្គរ​អាយ ខេ​ម​ភេ​នី លី​មិ​ត​ធី​ត (Angkor Eye Company Limited) បាន​នាំចូល​កន្ត្រក​វិល​ពី​ប្រទេស​ជប៉ុន​ដែលមាន​កំពស់​៨៥​ម៉ែត្រ មាន​៤៨​កន្ត្រក និង​អាច​ផ្ទុក​មនុស្ស​បាន​១៩២​នាក់​ក្នុងពេល​តែមួយ មាន​ដាក់​នៅក្នុង​ខេត្តសៀមរាប ដែលមាន​ទីតាំងនៅ​ខាងកើត​ភូមិ​វប្បធម៌​កម្ពុជា ដោយ​ចាប់​បើក​ការដ្ឋាន​សាងសង់ កាលពី​ព្រឹក ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

​លោក ម៉េង ហៀ​ង អគ្គនាយក​ក្រុមហ៊ុន​អង្គរ​អាយ បានឱ្យដឹងថា ៖ គម្រោង​នេះ​ត្រូវ​តំឡើង​និង​សាងសង់​ដោយ​ប្រើ​រយៈ ពេល​៦​ខែ គ្រោង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​៧.២​លាន​ដុល្លារ​អាមេរិក ហើយ​កម្ពុជា ជា​ប្រទេស​ទី​១ ដែល​បាន​នាំចូល​កន្ត្រក​វិល​ពី​ប្រទេស​ជប៉ុន និង​មាន​កម្ពស់​ខ្ពស់​ជាងគេ​ក្នុង​ទីផ្សារ​ធំ​ទី​៣​នៅ​អាស៊ីអាគ្នេយ៍​។

​លោក ម៉េង ហៀ​ង បានឱ្យដឹង​ទៀតថា ៖ មូលហេតុ​ដែល​ក្រុមហ៊ុន​សម្រេចយក​ទីតាំងនៅ​ខេត្តសៀមរាប​សម្រាប់​ការវិនិយោគ​នេះ គឺ​អាស្រ័យ​ដោយ ខេត្តសៀមរាប​សម្បូរ​ទៅ ដោយ​ប្រាង្គ​ប្រាសាទ និង​ជា​ខេត្ត​មាន​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ​បំផុត ហើយ​នាពេលខាងមុខ​ជា​បន្តបន្ទាប់ ក្រុមហ៊ុន​នឹង​សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត និង​បណ្តា​សហគមន៍​ទេសចរណ៍​នានា ដើម្បី​ចូលរួម​ផ្សព្វផ្សាយ និង​ទាក់ទាញ​ទេសចរណ៍​ផងដែរ ។

​លោក ថា​កិ​យូ​សិ សិ​ណុ​មី​យា (Taheyoshi Shinomiya) ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន អង្គរ អាយ ខម​ភេ​នី លី​មី​ធី​ត មានប្រសាសន៍ថា ៖ កន្ត្រក​វិល​អង្គរ​អាយ នឹង​ក្លាយជា​គំរោង​ទី​១៤ របស់​ក្រុមហ៊ុន CQ Amenic Co ខណៈដែល​ក្រុមហ៊ុន​នេះ មាន​កន្ត្រក​វិល​ចំនួន​១៣​កន្លែង​នៅក្នុង​ពិភពលោក ហើយក៏​ធ្លាប់បាន​ធ្វើការ​វិនិយោគ​លើកដំបូង​នៅ​កម្ពុជា សួន​ទឹក​នៅ​ផ្សារ​ទំនើប​អ៊ី អន ផងដែរ ហើយ​កន្ត្រក​វិល​ពី​ប្រទេស​ជប៉ុន​នេះ មាន​លក្ខណៈពិសេស​ប្លែក​ដែល​បាន​ផលិត​និង​បង្កើតឡើង​ជាមួយ​រូបសណ្ឋាន​លម្អិត​ដ៏​កម្រ ក្នុង ចំណោម​កន្ត្រក​វិល​ទាំ​១៤០​ក្នុងប្រទេស​ជប៉ុន​។

​មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម ទៀ សីហា​អភិបាលខេត្ត​បាន​សម្ដែង​នូវ​ការស្វាគមន៍ ការកោតសរសើរ​និង​ថ្លែងអំណរគុណ ចំពោះ​វិនិយោគិន​ជាតិ និង​អន្តរជាតិ ដែល​ជឿទុកចិត្ត​លើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​បានមក​បណ្តាក់ទុន​នៅ​កម្ពុជា ក៏ដូចជា​នៅក្នុង​ខេត្តសៀមរាប ដែលជា​សក្ខីភាព​នា​ថ្ងៃនេះ​យើង​បាន​នឹង​កំពុង​ធ្វើ​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មណ្ឌល​កម្សាន្ត​កន្ត្រ​កវិល លំដាប់​ពិភពលោក ដែល​ត្រូវ​ចំណាយ​ថវិកា​ជាង ៧​លាន​ដុល្លារ ដែលជា​ការវិនិយោគ​រួមគ្នា​រវាង​កម្ពុជា​-​ជប៉ុន​។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា​៖ ការវិនិយោគ​នេះដែរ មិន​ត្រឹមតែ​ធ្វើការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចូលមក​ទស្សនា​ខេត្តសៀមរាប​ស្នាក់​នៅបាន​កាន់តែ​យូរ​ថែមទៀត​ប៉ុណ្ណោះ​ទេ តែ​បាន​ស្រូបយក​កម្លាំង​ពលកម្ម​ពី​ការវិនិយោគ​នេះ​បាន​មួយចំនួនធំ​ផងដែរ ដែល​ពិតជា​បានរួម​ចំណែក​ដល់​ការជំរុញ និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កាន់តែ​ប្រសើរឡើង​មួយកម្រិត​ថែមទៀត ។

​ឯកឧត្តម​អភិបាលខេត្ត​សៀមរាប បាន​សម្តែង​នូវ​ក្តី​ជឿជាក់​និង​រំពឹងថា ៖​តាមរយៈ​នៃ​ការ​មក​វិនិយោគ​របស់​ក្រុមហ៊ុន​អង្គរ អាយ ខម​ភេ​នី លី​មី​ធី​ត ក្រុមហ៊ុន នឹង​បន្ត​បង្កើន​នូវ​ការវិនិយោគ​បន្ថែមទៀត​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប លើ​វិស័យ ផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ដល់​កិច្ចអភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ខេត្តសៀមរាប និង​បានរួម​ចំណែក​ដល់​ការផ្សព្វផ្សាយ​អំពី​វប្បធម៌ អា​រិ​យ្យ​ធម៌​ខ្មែរ​ទៅកាន់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក ឱ្យ​ចូលមក​ទស្សនា​ខេត្តសៀមរាប កាន់តែ​ច្រើនឡើង ដែល​សកម្មភាព​ទាំងនេះ ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការផលិត ផលិតផល​ទេសចរណ៍ ដែល​មិនអាច​ខ្វះ​បាន ៕​