ព្រឹក​នេះ រដ្ឋបាល​ខេត្តសៀមរាប រៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ​

ដើម្បី​រក្សា​ប្រពៃណី​នៃ​ការចងចាំ​ជានិច្ច នូវ​មហា​ឧក្រិដ្ឋកម្ម និង ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ដែល​បាន​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម និង អយុត្តិធម៌​ជាទីបំផុត ដោយ​នយោបាយ​ប្រល័យពូជសាសន៍ នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​បន ប៉ុល ពត នៅ​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ប្រារព្ធ​ទិវា​ជាតិ​នៃ​ការចងចាំ ព្រមទាំង​មាន​ពិធី បង្សុកូល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​៧០​អង្គ នៅក្នុង​បរិវេណ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ថ្មី ស្ថិតនៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​ខេត្តសៀមរាប និង ជា​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្តសៀមរាប , ឯកឧត្តម​អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រ​មណ្ឌល​ខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ដោយ​មានការ​និមន្ត និង អញ្ជើញ​ពី​សំណាក់​ព្រះសង្ឃ​គង់នៅ​ក្នុង​វត្ត​មួយចំនួន​នៃ​ក្រុង​សៀមរាប ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត ក្រុមប្រឹក្សា​ក្រុង​សៀមរាប គណៈ​អភិបាលក្រុង​សៀមរាប ក្រុមប្រឹក្សា​សង្កាត់​ក្នុង​ក្រុង​សៀមរាប លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប សរុប​ចំនួន​ជាង​ពីរពាន់​នាក់ ។​

គួររំលឹកថា ទិវា​ជាតិ​នៃ​ចងចាំ ២០ ឧសភា ត្រូវបាន​សភា​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​នៅ​ឆ្នាំ​១៩៨៣ ដោយ​ហៅថា «​ទិវា​ចងកំហឹង​» ដើម្បី​ជាការ​ចងកំហឹង​ទៅនឹង​របប​ខ្មែរក្រហម​ដែល​បាន​កាប់សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​។

​ទិវា​ជាតិ​នៃ​ការចងចាំ​» ទើបនឹង​ត្រូវ​រាជរដ្ឋាភិបាល​កម្ពុជា កំណត់​ជា​ថ្ងៃបុណ្យ​ជាតិ កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៨ ដែល​ការកំណត់​យក​ថ្ងៃនេះ​ធ្វើជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ សម្រាប់​ជាការ​រំឭក​ដល់​ជនរងគ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម​ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ចាប់ពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​៦ ខែមករា​ឆ្នាំ​១៩៧៩​។

​អ្នកជំនាញ​អារ្យធម៌​ខ្មែរ លោក រ​ត្ន័ សណ្ដាប់ បាន​ថ្លែងថា បានជា​រាជរដ្ឋាភិបាល​កំណត់​យ​ក​ថ្ងៃ​២០ ឧសភា ជា​ថ្ងៃ​នៃ​ការចងចាំ ពីព្រោះ​ថ្ងៃ​២០ ឧសភា ឆ្នាំ​១៩៧៥ គឺជា​ថ្ងៃ​ដែល​ពួក​ខ្មែរក្រហម​បាន​បើក​មហាសន្និបាត ដើម្បី​អនុវត្ដ​នូវ​ផែន​ការណ៍​ប្រល័យពូជសាសន៍ ក្នុងការ​កាប់សម្លាប់​ម​នុស្ស​យ៉ាង​ចំហ ឃោរឃៅ និង​ព្រៃផ្សៃ​បំផុត​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស ក្រោយពី​ទ្បើង​កាន់អំណាច​នៅ​ថ្ងៃទី​១៧ មេសា ឆ្នាំ​១៩៧៥ ហើយ​ផែនការ​ប្រល័យពូជសាសន៍​នេះ គឺ​ពួក​ខ្មែរក្រហម​បាន​អនុវត្ដ​យ៉ាង​ពេញទំហឹង​ចាប់ពី​ឆ្នាំ​១៩៧៦ ដល់ ឆ្នាំ​១៩៧៩ ។

​មេដឹកនាំ​ខ្មែរក្រហម ដែល​គេ​ស្គាល់​ជាទូទៅ​ហៅថា ប៉ុល ពត នោះ គឺជា​ការហៅ​តាម​ឈ្មោះ​សំងាត់​ប៉ុណ្ណោះ ពីព្រោះ​ចំពោះ​ការហៅ «​ប៉ុល ពត – POL POT »​នេះ បើ​គិតពី​សំនេរ​ភាសា​ខ្មែរ គឺ​គ្មាន​ន័យ​អ្វី​នោះទេ ប៉ុន្ដែ​បើ​គិតពី​ពាក្យ​បំ​ព្រួញ​ជា​ភាសា​បារាំង​ទើប​មានន័យ « POL POT – POLITIQUE POTENTIELLE » បានសេចក្ដីថា​នយោបាយ​ដ៏​មាន​សក្តានុពល​។

​ឈ្មោះ​ពិត​នៃ​មេដឹកនាំ​ខ្មែរក្រហម​នេះ គឺ​ឈ្មោះ សា​ទ្បុ​ត ស ដោយមាន​ចុះ​ក្នុង​បញ្ជី​អត្រានុកូលដ្ឋាន​ថ្ងៃខែ​កំណើត​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩២៨ ដោយ​ឪពុក​ឈ្មោះ សា​ទ្បុ​ត ប៉ែន និង​ម្ដាយ​ឈ្មោះ សុក ណែម ជា​ម្ចាស់​កសិដ្ឋាន​មួយ​នៅ​ព្រែក​ស្បូវ ស្ថិតនៅ​មិន​ឆ្ងាយ​ពី​រួម​ខេត្ដ​កំពង់ធំ ។

​ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់ថា ទិវា​ជាតិ​នៃ​ការចងចាំ​នេះ ធ្វើឡើង​ដើម្បី​លើកតម្កើង​ការគោរព​វិញ្ញាណក្ខន្ធ និង​ការធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ លើកតម្កើង​ការ​រំឭក​ដល់​ជនរងគ្រោះ ការស្តារ​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​របស់​ជន​រងគ្រោះ ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចូលរួម​ក្នុងការ​ផ្សះផ្សារ​ជាតិ និង​ជំរុញ​ឲ្យ​មាន​សុខដុម​នីយកម្ម ក្នុងសង្គម​កម្ពុជា និង​លើកកម្ពស់​ការ​ផ្សព្វ ផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​នោះ ដើម្បី​កុំ​ឲ្យ​វា​កើតមាន​សារជាថ្មី​។

​មាត្រា​២​នៃ​អនុក្រឹត្យ​នេះ​ចែងថា ទិវា​ជាតិ​នៃ​ការចងចាំ​នេះ​ត្រូវ​បានកំណត់​ជា​ថ្ងៃ​ឈប់សម្រាក​សាធារណៈ ហើយ​ប្រជា ពលរដ្ឋ​គ្រប់រូប ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​រៀបចំ​ពិធី​តាម​ជំនឿ​សាសនា ឬ​ទំនៀមទម្លាប់​របស់ខ្លួន ៕​