ជនជាតិ​ចិន​ចំនួន​០៣​នាក់ ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​

ជនជាតិ​ចិន​ចំនួន​០៣​នាក់ រួមមាន ៖ ១. ឈ្មោះ Hu Ming chao ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មកពី​ខេត្ត Hernan ស្នាក់​នៅ​ក្រុង​សៀមរាប , ២. ឈ្មោះ Ly XiaoSi ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មកពី​ខេត្ត Hernan ស្នាក់​នៅ​ក្រុង​សៀមរាប និង ៣. ឈ្មោះ ZHANGYONGSHENG ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អាធ្រា​ត្រ រហូត​ម៉ោង​៤​ជិត​ភ្លឺ ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ ពាក់ព័ន្ធ​នឹង​ករណី​ធ្វើ​សកម្មភាព​លួច​មាន​ស្ថាន​ទំងន់ទោស​(​ប្លន់​) នៅ​ចំណុច​មុខផ្ទះ​ជនរងគ្រោះ ១. ឈ្មោៈ តៅ សុភា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ , ២. ឈ្មោៈ ជូ រចនា ភេទ​ស្រី អាយុ​២៦​ឆ្នាំ , ៣. ឈ្មោៈ​ឌឹ​ម វិជ្ជា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​កូនតូច​ម្នាក់ ស្ថិតនៅក្នុង​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប កាលពី​វេលា​ម៉ោង​១៩​និង​២០​នាទី ថ្ងៃទី​១៤ ខែ​សីហា ឆ្នាំ​២០១៨​នេះ ។

​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា ជនរងគ្រោះ​បាន​ជិះឡាន​១​គ្រឿង ម៉ាក​កា​ម៉ា​រី​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH- 9660 បើកបរ​ដោយ ឌឹ​ម វិជ្ជា​រ៉ា ចេញពី​ប្រកប​របរ​ប្តូរ​ប្រាក់​វេរ​លុយ​នៅក្នុង​ផ្សារ លើ​ធំថ្មី ក្នុង​ក្រុង​សៀមរាប ត្រឡប់មក​ផ្ទះ​របស់​ពួកគាត់​វិញ លុះ​បើក​មកដល់​មុខ​របង​ផ្ទះ ជនរងគ្រោះ​ឈ្មោះ តៅ សុភា​បាន​ចុះ​ពី​ឡាន​ផ្នែក​ខាងក្រោយ​ម្នាក់​ឯង​ដើម្បី​បើកទ្វារ​របង​ចូល ស្រាប់តែ​ឃើញ​មាន​ក្រុម​ជនសង្ស័យ​មិន​ស្គាល់​មុខ​ចំនួន​៣​នាក់ មាន​ពាក់​ម៉ាស់​បិទមុខ​ជិត ភេទ​ប្រុស​អាយុ​ប្រហែល​៣០​ឆ្នាំ​ជាង មាឌធំ​ខ្ពស់​ស្លៀកពាក់​ស៊ីវិល មិន​ច្បាស់​ភិនភាគ​បាន​ដើរ​ចេញពី​ព្រៃ​ផ្នែក​ខាងកើត​អែប​ផ្លូវ​នោះ​សំដៅ​មក​ឡាន​គាត់ ភ្លាមនោះ មាន​ជន​ម្នាក់​ទៀត​ស្ទុះ​មក​វាយ​លើ​គាត់​ដោយ​វត្ថុ​រឹង​ចំក្បាល បណ្តាល​ឲ្យ​គាត់​រងរបួស តែ​ពួកគេ​មិន​បាន​និយាយ​អ្វី​ទេ ហើយ​គាត់​លើកដៃ​ប្រ​វ៉ាយទៅ​មនុស្ស​នោះ​វិញ និង​បាន​ស្រែក​រក​អ្នក​ជិតខាង​ជួយ ចំណែក​គ្នា​គេ​ម្នាក់់​ទៀត​បាន​ស្ទុះ​មក​វាយ​បំបែក​កញ្ចក់​ឡាន​បែក​ផ្នែក​ខាងស្តាំ បណ្តាល​ឲ្យ​មុត​កូត​ស្បែក​កែង​ដៃស្តាំ​ជនរងគ្រោះ​ឈ្មោះ ជូ រចនា ដែល​អង្គុយ​ក្នុង​នោះ បំណង​រក​ទ្រព្យសម្បត្តិ​មានតម្លៃ តែ​ដោយ​ជនរងគ្រោះ​ស្រែក​ខ្លាំង បាន​ផ្អើល​ដល់​អ្នកជិតខាង ក្រុម​ជនសង្ស័យ​ទាំងនោះ​បាន​រត់គេចខ្លួន​ទៅ​ទិស​ខាងកើត​ឆ្លងស្ទឹង​បាត់ និង​មិន​មាន​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​នោះទេ​។

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​បានឲ្យដឹង​ទៀត​ថា ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍ កម្លាំង​នគរបាល​ស្រុក បាន​ចុះ​ដល់​កន្លែងកើតហេតុ ព្រមទាំង​បាន​ត្រួតពិនិត្យ​ឃើញ​ឡាន​របស់​ជនរងគ្រោះ មាន​បែក​កញ្ចក់​ខាងស្តាំ និង​ឃើញ​មាន​វត្ថុតាង រួម​មាន​គ្រាប់កាំភ្លើង​១​គ្រាប់ , បង់​កាំភ្លើង​១ មាន​៨​គ្រាប់​នៅ​នឹង​ដី​ជិត​របង​ផ្ទះ​ជនរងគ្រោះ និង​ដំបង​ទីប​ដែក​១​មូល ប្រវែង​៧៩​ស​.​ម នៅ​មាត់​ស្ទឹង​ខាងកើត​កន្លែងកើតហេតុ ហើយ​បន្ទាប់​មក​កម្លាំង​សមត្ថកិច្ច រួម​ទាំង​ប្រជា​ការពារ និង​កងរាជអាវុធហត្ថ​ស្រុក ធ្វើ​ការរុករក​តាម​ក្រុម​ជនសង្ស័យ​ក្នុង​មូលដ្ឋាន​នោះ បានឃើញ​មាន​គ្រាប់កាំភ្លើង​១​គ្រាប់​ទៀត នៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ដែល​នៅ​ទិស​ខាងកើត​កន្លែងកើតហេតុ ដែល​នៅ​ទឹសខាងកើត​កន្លែងកើតហេតុ​ប្រហែល​១៥០​ម៉ែត្រ បន្ទាប់​យើង​ឃើញ​មាន​ឡាន​១​គ្រឿង ម៉ាក​ស្តា​រិច សេរី​ឆ្នាំ​២០០៤ ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ ក្នុង​ឡាន​នោ​មាន​ដាក់​ម៉ូតូ​១​គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ សេរី​ឆ្នាំ​២០១៦ ទុក​ចោល​នៅ​មុខ​ខ្លោងទ្វារ​សាលា​បឋមសឹក្សា​ទៀ​បាញ់​គំរូ ភូូ​មិ​ប្រយុទ្ធ ឃុំ​ស្រុក​ពួក ចាក់សោរ​ជាប់ ហើយ​ច​បាន​ស្ទូច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ពួក ។

​សមត្ថកិច្ច​នគរបាល​ស្រុក​ពួក​បានឲ្យ​ដឹង​បន្ថែម​ទៀត​ថា តាម​ការសាកសួរ​ចម្លើយ​បឋម ពួកគេ​បាន​ឆ្លើយថា គេ​បាន​ទៅ​កន្លែងកើតហេតុ តែ​មិន​ឆ្លើយ​ពី​សកម្មភាព​របស់​ពួកគេ​ទេ ហើយ​ជនសង្ស័យ​ទាំង​បី​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ពួក បញ្ជូន​ខ្លួន​តាម​នីតិវិធី មក​ការិយាល័យ​ជំនាញ​សាកសួរ​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ និង លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​