ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ភ្ញៀវទេសចរ​ជាង​២៤​ម៉ឺន​នាក់ មក​ទស្សនា​ខេត្តសៀមរាប​

នៅ​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩​នេះ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​ខេត្តសៀមរាប ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ មាន​ចំនួន​សរុប​២៤៤.០៧៥​នាក់ កើនឡើង ៥,០១​ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​សរុប​២៣២.៤២២​នាក់ ក្នុងនោះ​ភ្ញៀវទេសចរ​ជាតិ មាន​ចំនួន​ប្រមាណ​ជាង​២៣​ម៉ឺន​នាក់ កើនឡើង ៩,៥២​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​ជាង​២១​ម៉ឺន​នាក់ និង ភ្ញៀវទេសចរ​អន្តរជាតិ ចំនួន​១៤.០៧៥​នាក់ ថយចុះ ៣៧,២៣​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ចំនួន​២២.៤២២​នាក់ ។​

​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក ដែល​បាន​ដកស្រង់​ប្រសាសន៍​របស់​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​៣​ថ្ងៃ នៃ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ដើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា មាន​ចំនួន ១.៤៣៧.៩៨៨​នាក់ កើនឡើង ៣៧,២៥​ភាគរយ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ១.៣៦១.២៤០​នាក់ កើនឡើង ៣៤,៩១​ភាគរយ ចំណែក​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន ៧៦.៧៤៨​នាក់ កើនឡើង ៩៨,១៤​ភាគរយ ៕​