មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ឃុំ​ខ្នាត​

សមត្ថកិច្ច​នគរបាល​ស្រុក​ពួក បានឲ្យដឹងថា កាលពី​វេលា​ម៉ោង​២២​និង​៤៥​នាទី នៅ​ថ្ងៃ​ទី​០៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង រវាង​រថយន្ត​នឹង​ម៉ូតូ​កើត នៅលើ​ផ្លូវជាតិ​លេខ​៦ ចំណុច​មុខ​វត្ត​ខ្នាត ក្នុងភូមិ​ខ្នាត ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បណ្ដាលឲ្យ​មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ។

​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ករណីនេះ គឺ​រថយន្ត​ម៉ាក​កា​ម៉ា​រី​ឆ្លាម ព៌ណ​ឆ្លូញ ពាក់​ស្លាក​លេខ​ភ្នំពេញ 2R.1916 បើកបរ​ដោយ​ឈ្មោះ ជាម សំណាង ហៅ​សុខ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ (​ស្លាប់ ) នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក រួម​ដំណើរ​ដោយ​ឈ្មោះ​ភាន់ សា​វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​ស្លាប់ ) នៅ​ភូមិ​ចំបក់​ហែ ឃុំ​ពួក ស្រុក​ពួក បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​លឿន បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ផលិត​ឆ្នាំ​២០០៨ ព៌ណ​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1k.0324 បើកបរ​ដោយ​ឈ្មោះ ខឿម វិចិត្រ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ (​ស្លាប់ ) នៅ​ភូមិ​តា​ទក ឃុំ​ពួក ស្រុក​ពួក មុខរបរ​ធ្វើស្រែ បើកបរ​ទិសដៅ​ពី​លិច​ទៅ​កើត ក្រោយ​ពី​បុក​ម៉ូតូ​រួច​ហើយ រថយន្ត​បាន​ជ្រុល​ទៅ​បុក​ដើម​ចាន់​រី រីឯ​រថយន្ត​និង​ម៉ូតូ បាន​ខូចខាត​ធ្ងន់ធ្ងរ ។

​សមត្ថកិច្ច បានឲ្យដឹង​ទៀតថា ក្រោយពេល​កើតហេតុ កម្លាំង​នគរបាល​ជំនាញ​ស្រុក បាន​ចុះ​វាស់វែង​កន្លែងកើតហេតុ​និង កសាង​សំណុំរឿង ព្រមទាំង​ដកហូត​វត្ថុតាង​ពាក់ព័ន្ធ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ចំណែក​សាកសព​សមត្ថ​កិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួរ​សា រ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

​អត្ថបទ និង រូបថត ៖ លោក ថាច់ ពិ​សុទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប