រួម​គ្នា​កែប្រែ​អតីត​តំបន់​សមរភូមិ​នៃ​មជ្ឈមណ្ឌល​យោធិន​ពិការ​គូ​លេន​៣១៧ ទៅជា​តំបន់​ព៌ណ​បៃតង​

កាលពី​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ កម្លាំងប្រដាប់អាវុធ រួមជាមួយ​អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ នៅ​ក្នុង​មជ្ឈមណ្ឌល​យោធិន​ពិការ​គូ​លេន​៣១៧ ដែល​ស្ថិត​ក្នុង​ឃុំ​បល្ល័ង្គ ស្រុក​ប្រាសាទបាគង បានរួម​គ្នា​ដាំ​កូន​ឈើ​ប្រមាណ​ជាង​៤០០​ដើម នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ទាល់ ក្នុង​គោលបំណង​កែប្រែ​តំបន់​អតីត​សមរភូមិ​មុខ​មួយ​នេះ ឲ្យទៅជា​តំបន់​ដែល​មាន​ព៌ណ​បៃតង​។

​ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ពៅ ស៊ា នាយក​មជ្ឈមណ្ឌល​យោធិន​ពិការ​គូ​លេន ៣១៧ សៀមរាប បាន​លើកឡើង​ថា ការដាំ​កូនឈើរ នេះ​បាន​ធ្វើឡើង ក្នុង​បំណង​ពីរ គឺ ទី​១. អបអរ​ពិធីបុណ្យ​រុក្ខ​ទិវា ០៩​កក្កដា ដែល​ប្រារព្ធ​ក្រោម​ព្រះរាជធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្តេច ន​រត្ត​ម សីហ​មុនី និង ទី​២ បំណង​ចង់​ប្រែក្លាយ​តំបន់​អតីត​សមរភូមិ​មួយ​នេះ​ទៅជា​តំបន់​បៃតង របស់​សហគមន៍ ហើយ​កូនឈើ​ដែល​បាន​ដាំ​នេះ ជា​ប្រភេទ​ឈើ​ប្រណិត រួម​មាន​កូន​ឈើ​បេង កូនឈើ​ធ្នង់ កូនឈើ​គ្រញូង​ជាដើម​។

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្ដម​ឧត្តមសេនី​យ៍​ឯក ពៅ ស៊ា បាន​អំពាវនាវ​សុំ​ឲ្យ​ប្រជាពលរដ្ឋ នាំ​គ្នា​ខិតខំ​ថែរក្សា​ព្រៃឈើ កុំ​នាំគ្នា​កាប់បំផ្លាញ ដើម្បី​ទុក​ដើមឈើ និង​ព្រៃឈើ​ទាំងនោះ ទុក​សម្រាប់​ផ្តល់​ជា​ម្លប់​បៃតង និង​ទប់ស្កាត់ និង​ការពារ​កម្ដៅថ្ងៃ ព្រោះថា ព្រៃឈើ​បាន​ផ្តល់​ប្រយោជន៍​ជាច្រើន ដែល​មិន​អាច​ប៉ាន់ស្មាន​បាន ដល់​មនុស្សជាតិ ហើយ​ព្រៃឈើ មិន​ត្រឹមតែ​មាន​តម្លៃ​ខាង​សេដ្ឋកិច្ច និង​សង្គម​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ជួយ​រក្សា​លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើឲ្យ​អាកាសធាតុ កាន់តែ​មាន​ភាពប្រសើរ​ឡើង រក្សា​ប្រភពទឹក ការពារ​ទី​ជម្រាល ការពារ​ជីវចម្រុះ ហើយ​ព្រៃឈើ​នេះដែរ ក៏ មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិតស្និទ្ធ ជាមួយ​វិស័យ​កសិកម្ម ។

​ទិវា​បុណ្យ​រុក្ខ​ទិវា ដែល​ជា​ប្រពៃណី​ដ៏​ឧត្តុងឧត្តម របស់​ប្រជាជាតិ​កម្ពុជា តាំងពី​សម័យ​សង្គមរាស្ត្រនិយម ក្រោម​ព្រះរាជ​តម្រិះ​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដិ ដើម្បី​លើកកម្ពស់ ការដាំ​ដើមឈើ នៅ​ព្រះរាជាណាចក្រ​កម្ពុជា បង្កើត​ធនធាន​ព្រៃឈើ ប្រែក្លាយ​មូលដ្ឋាន សហគមន៍ ឲ្យទៅជា​តំបន់​ទេសភាព គម្រប​បៃតង ដ៏​ស្រស់ត្រកាល​ឡើងវិញ ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​