ថវិកា និង​សម្ភារ​មួយចំនួន​របស់​ភ្ញៀវទេសចរ​ដែល​បាន​បាត់ ត្រូវបាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹងថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ភ្នាក់ងារទេសចរណ៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​នគរបាល​ការពារ​បេតិកភណ្ឌ បានប្រគល់​ទូរ​សព្ទ​ដៃ​ម៉ាក HUAWEI P20 ចំនួន​០១​គ្រឿង , ប្រាក់​ចំនួន​១០០​ដុល្លារ​អាមេរិក , កាត​Visa ចំនួន​០១ , កាត​ធនាគារ​ចំនួន​០១ , សំបុត្រ​ទស្សនា​ប្រាសាទ​ចំនួន​០១ និង​សម្ភារ​ផ្សេងៗ​មួយចំនួនទៀត ជូន​ដល់​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន ឈ្មោះ YOSHITAKA SAKAMOTO ដែល​បាន​ជ្រុះ​បាត់​ក្នុងពេល​ទស្សនា​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ ដែល​ការប្រគល់​ទទួល​នេះ ធ្វើឡើង​នៅ​ប៉ុស្តិ៍នគរបាល​បេតិកភណ្ឌ​លេខ​១២ ប្រាសាទព្រះខ័ន បន្ទាប់ពី​មគ្គុទ្ទេសក៍​ទេសចរ​ម្នា​ក់បាន​ប្រទះឃើញ និង​ប្រគល់ជូន​ភ្នាក់ងារទេសចរណ៍ នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​នគរបាល​ការពារ​បេតិកភណ្ឌ រក្សាទុក​នៅវេលា​ម៉ោង ០២:៣០​នាទី ។​

​មន្ត្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​បន្ថែមថា ទង្វើ​ដ៏​ស្មោះ​ត្រង់នេះ បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុង​ការកសាង​ទំនុកចិត្ត និង​ការកោតសរសើរ​ពី​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍​ដែល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ ដូច្នេះ​តាមរយៈ​នេះ សូម​ជនជាតិខ្មែរ​គ្រប់រូប ជាពិសេស​មជ្ឈដ្ឋាន​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​វិស័យ​ទេសចរណ៍ សូម​យកចិត្តទុកដាក់ ស្មោះត្រង់ និង​ចូលរួម​លើកស្ទួយ​តម្លៃ​ជាតិ​សាសន៍ តម្លៃ​រមណីយដ្ឋាន​អង្គរ តាមរយៈ​ភាពស្មោះត្រង់​របស់ខ្លួន​ជាមួយ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​រមណីយដ្ឋាន​អង្គរ​ឱ្យ​កាន់​តែមាន​ភាពកក់ក្តៅ ៕​/;.