ការបណ្ដុះបណ្ដាល​ផ្នែក​អាន​ព័ត៌មាន អត្ថាធិប្បាយ​ព័ត៌មាន និង ពិធីករ សម្រាប់​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ត្រូវបាន​បញ្ចប់​ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ​

បន្ទាប់ពី​ដំណើរការ​សិក្សា​អស់​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​២២ និង ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​កន្លងមកនេះ វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​អាន​ព័ត៌មាន អត្ថាធិប្បាយ​ព័ត៌មាន និង ពិធីករ សម្រាប់​មន្ត្រី​ការិយាល័យ​វិទ្យុ និង ការិយាល័យ​ទូរទស្សន៍​នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប ត្រូវបាន​បិទ​បញ្ចប់​ហើយ កាលពី​វេលា​ថ្ងៃត្រង់ នា​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ដោយ​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ។

​លោក អ៊ូ សំណាង អនុប្រធាននាយកដ្ឋាន​ព័ត៌មាន​ក្នុង និង​ក្រៅប្រទេស នៃ​អគ្គនាយកដ្ឋាន​ទូរទស្សន៍​ជាតិ​កម្ពុជា និង​ជា​គ្រូឧទ្ទេស​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ បាន​មានប្រសាសន៍ថា ផ្នែក​តាម​ការសិក្សា​ដែលមាន​រយៈពេល​មួយថ្ងៃ​កន្លះ​មកនេះ លោក​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់​សិក្ខាកាម​ទាំងអស់ ដែល​បាន​ក្រប​ជញ្ជក់​យក​ទាំង​ចំណេះដឹង និង បទ ពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ពី​គ្រូ​ទ្ទេស មាន​រូ​ម​លោក និង លោកស្រី ឱរ លក្ខិណា ជាពិសេស​តាមរយៈ​នៃ​ការធ្វើ​តេស្ត​បញ្ជាក់​សមត្ថភាព ដែលជា​ការអនុវត្ត​ផ្ទាល់​នោះ​ឃើញថា សិក្ខាកាម​ទាំងអស់​ពិតជា​ទទួលបាន​នូវ​ជំនាញ​ច្បាស់លាស់​ហើយ និង អាច​បម្រើ​តាម​វិជ្ជាជីវៈ​របស់ខ្លួន​ប្រកបដោយ​គុណភាព​ខ្ពស់ ។

​លោក អ៊ូ សំណាង បានបញ្ជាក់​ទៀតថា ថ្វីត្បិតតែ​មន្ត្រី​ដែល​ធ្លាប់​បម្រើ​ការងារ​នេះ​យូរ​ឆ្នាំ​ហើយ​ឆាប់​ទទួលបាន​នូវ​ចំណេះដឹង​នេះ​បាន​លឿន​ប្រាក​មែន​ក៏ដោយ ប៉ុន្តែ​មន្ត្រី​ថ្មី​ដែល​ទើបនឹង​ចូល​បម្រើ​ការងារ​នេះ ក៏​ទទួលបាន​ចំណេះដឹង​ច្រើន​ផងដែរ ប៉ុន្តែ​ប្រការ​សំខាន់​នោះ គឺ​សូម​ឲ្យ​មន្ត្រី​ទាំងអស់ ខិតខំ​ប្រឹងប្រែង​បន្តទៀត ព្រោះថា​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺជា​មូលដ្ឋាន​មួយ និង ចំណេះដឹង​មួយ​សម្រាប់​ការលើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​វិស័យ​ព័ត៌មាន ប្រកបដោយ​គុណភាព និង ស្តង់ដារ​វិជ្ជាជីវៈ ជាពិសេស​អ្នក​ដែលមាន​បទពិសោធន៍​ខ្ពស់ ត្រូវ​ចេះ​ជួយ​ចែ​ល​រំលែក​នូវ​បទពិសោធន៍​របស់ខ្លួន​ដល់​អ្នកជំនាន់ក្រោយ ដើម្បី​រួមគ្នា​ធ្វើ​ឲ្យ​វិស័យ​ព័ត៌មាន​នៅក្នុង​ខេត្ត​យើង កាន់តែ​រឹងមាំ និង រីកចម្រើន ព្រមទាំង​ទទួលបាន​ការគាំទ្រ​កាន់តែ​ច្រើនឡើង​ពី​សំណាក់​ប្រជាពលរដ្ឋ ។

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​បញ្ជាក់ថា ផ្អែក​តាម​របាយការណ៍​របស់​គ្រូឧទ្ទេស ក្នុងនាម​ថ្នាក់ដឹកនាំ​មន្ទីរ លោក​ពិត​ជាមាន​មោទនភាព​ណាស់ ចំពោះ​មន្ត្រី​ដែលជា​សិក្ខាកាម ដែល​ទទួលបាន​ចំណេះដឹង​ថ្មីៗ​បាន​យ៉ាង​ឆាប់រហ័ស ដែល​លទ្ធផល​នេះ គឺជា​សមិទ្ធផល​មួយ​ថ្មី​បន្ថែមទៀត​ប្រកបដោយ​ភាពជោគជ័យ តាមរយៈ​នៃ​ការបង្ហាត់បង្ហាញ​អស់ពី​ចិត្ត​ពី​ថ្លើម​ពី​សំណាក់​គ្រូឧទ្ទេស រួមទាំង​ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ​របស់​សិក្ខាកាម​យើង​ផង ដូច្នេះ​អ្វីៗ​ដែល​ទទួលបាន​នៅពេលនេះ នឹងធ្វើ​ឲ្យ​វិស័យ​ព័ត៌មាន​នៅក្នុង​ខេត្ត​យើង កាន់តែ​រីកចម្រើន រឹងមាំ និង ស្របតាម​ស្តង់ដា​វិជ្ជាជីវៈ​មួយ​យ៉ាងពិត​ប្រាកដ ដែលជា​ស្តង់ដារ​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា ។

​លោក លីវ សុខុន មានប្រសាសន៍​បន្ថែមថា នេះ​ជា​សុទិដ្ឋិនិយម​មួយ​ដែល​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​យើង​ទទួលបាន​តាមរយៈ​នៃ​ការបណ្ដុះបណ្ដាល​នេះ ប៉ុន្តែ​ទោះបីជា​យ៉ាងនេះ​ក្ដី សូម​ឲ្យ​សិក្ខាកាម​ទាំងអស់ ត្រូវខិតខំ​ប្រឹងប្រែង​បន្តទៀត ដោយ​ត្រូវ​សិក្សា​ស្រាវជ្រាវ​បន្ថែម ទាំង​ចំណេះដឹង​និង​ជំនាញ​ប្រកបដោយ​សិល្ប៍​វិធី រួមទាំង​ការហ្វឹកហ្វឺន និង ទទួលយក​នូវ​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត ពី​ស្ថាប័ន​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​វិស័យ​ព័ត៌មាន ដើម្បី​បង្កើន​នូវ​សមត្ថភាព​របស់ខ្លួន​ឲ្យ​កាន់តែ​មានចំណេះដឹង​ខ្ពង់ខ្ពស់ ដើម្បី​លើកស្ទួយ​វិស័យ​ព័ត៌មាន​នៅក្នុង​ខេត្ត​យើង កាន់តែ​រីកចម្រើន និង រឹងមាំ ស្របពេល​ស្ថានការណ៍​នៅក្នុង​ពិភពលោក​បច្ចុប្បន្នកំពុង​មានការ​រីកចម្រើន​យ៉ាងខ្លាំង​លើ​ផ្នែក​ព័ត៌មាន ជាពិសេស នៅ​ប្រទេស​កម្ពុជា​យើង ក៏បាន​នឹង​កំពុង​យកចិត្តទុកដាក់ និង ចាប់អារម្មណ៍​យ៉ាងខ្លាំង​ផងដែរ​នោះ ។

​ក្នុងឱកាស​នោះដែរ លោក លីវ សុខុន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ថ្លែងអំណរគុណ​ចំពោះ​ឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា ដែល​បាន​បញ្ជូន​មន្ត្រី​ជំនាញ មកជួយ​បង្ហាត់បង្ហាញ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ដល់​មន្ត្រី​នៃ​ការិយាល័យ​វិទ្យុ និង ការិយាល័យ​ទូរទស្សន៍ តាម​ការស្នើសុំ​របស់​ម​ន្ទីរ ដែល​ធ្វើ​ឲ្យ​វគ្គ​នេះ បាន​ដំណើរការ​ទៅ​ប្រកបដោយ​ភាពរលូន ជាពិសេស​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដែល​បានផ្ដល់​ជា​អនុសាសន៍​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ​ព័ត៌មាន​រាជធានី – ខេត្ត ឲ្យ​យកចិត្តទុកដាក់​ធ្វើការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ដល់​មន្ត្រីក្រោមឱវាទរ​បស់​ខ្លួន ឲ្យ​មានចំណេះដឹង​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ៕