សិក្ខាសាលា​បណ្ដុះបណ្ដាល ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សម្រាប់​ក្រុម​អ្នកជំនាញ​សម្រាប់​ប្រទេស​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​អ៊ឺរ៉ុប​ខាងកើត នៅ​ខេត្តសៀមរាប​

​នៅ​រសៀល​ថ្ងៃទី​០៧ ខែតុលា ឆ្នាំ​២០១៩​នេះ នេះ​កម្ពុជា​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុងការ​រៀបចំ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ចំនួន​ពីរ និង​កិច្ចប្រជុំ​ចំនួន​មួយ គឺ​សិក្ខាសាលា​បណ្ដុះបណ្ដាល​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​សម្រាប់​ប្រទេស​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​តំបន់​អ៊ឺរ៉ុប​ខាងកើត ស្ដីពី​ការគ្រប់គ្រង​ទិន្នន័យ​សម្រាប់​ការធ្វើ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាតិ សិក្ខាសាលា​បណ្ដុះបណ្ដាល​ស​ម្រា​ប់​អ្នកជំនាញ​ពិនិត្យ​របាយការណ៍​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង កិច្ចប្រជុំ​ក្រុម​អ្នកជំនាញ​ប្រឹក្សា​យោបល់​លើ​ការងារ​ប្រែប្រួល​អាកាសធាតុ នៅ​ខេត្ដ​សៀមរាប ដែល​រៀបចំឡើង​ដោយ​នាយកដ្ឋាន​ប្រែប្រួល​អាកាសធាតុ នៃ​អគ្គ​លេ ខ​ធិ​ការដ្ឋាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រោម​កិច្ចសហប្រតិបត្តិការ និង​ឧបត្ថម្ភ​ដោយ​លេខាធិការដ្ឋាន​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ។​

​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព បាន​មានប្រសាសន៍ថា សិក្ខាសាលា និង​កិច្ចប្រជុំ​នេះ គឺជា​វេទិកា​ដ៏​សំខាន់​សម្រាប់​កិច្ចពិភាក្សា​ពី​បញ្ហា​ប្រែប្រួល​អាកាសធាតុ និង​បរិស្ថាន​នៅក្នុង​តំបន់​អាស៊ី​-​ប៉ាស៊ីហ្វិក និង​តំបន់​អ៊ឺរ៉ុប​ខាងកើត ដូច​យើងទាំងអស់គ្នា​បានដឹងហើយថា ការប្រែប្រួល​អាកាសធាតុ គឺ​កើតមាន​ពិតប្រាកដ និង​បាន​បង្ក​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន ក្នុងនោះ​សកម្មភាព​មនុស្ស បាន​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ច្រើន​លើសលុប ជាពិសេស​ការបញ្ចេញ​ឧស្ម័ន​កាបូ​និក តាមរយៈ​វិស័យ​ថាមពល ដឹកជញ្ជូន កសិកម្ម ការកាប់បំផ្លាញ​ព្រៃឈើ សំរាម និង​សំណល់ បាន​បញ្ចេញ​នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដែល​បង្ក​ឱ្យ​កើនឡើង​កម្ដៅ​ពិភពលោក និង​បណ្ដាលឱ្យមាន​ការប្រែប្រួល​អាកាសធាតុ ដូចជា​ការកើនឡើង​នូវ​សីតុណ្ហភាព កើនឡើង​នូវ​កម្ពស់​ទឹកសមុទ្រ និង​ការប្រែប្រួល​មិន​ទៀងទាត់​នៃ​របប​ទឹកភ្លៀង ដែល​បង្ក​នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវិត​មនុស្ស បង្ក​ការខូចខាត​ដល់​សេដ្ឋកិច្ច និង​បរិស្ថាន​ផងដែរ​។​

​ឯកឧត្តម ទិន ពន្លក មានប្រសាសន៍​បន្ថែមថា កម្ពុជា​ជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​ដោយសារ​ផលប៉ះពាល់​ពី​ការប្រែប្រួល​អាកាសធាតុ​នេះ ដោយសារ​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​ផ្នែក​កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ធនធានមនុស្ស​នៅមានកម្រិត កង្វះ​នូវ​ធនធាន​ថវិកា និង​បច្ចេកវិទ្យា​សម្រាប់​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ ខណៈដែល​រាជរដ្ឋាភិបាល​កម្ពុជា បាន​ខិតខំ​ប្រឹងប្រែង​ក្នុងការ​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ទាំង​នៅក្នុង​ប្រទេស និង​ទាំង​ការចូលរួម​ជាមួយ​សហ​គម​ន៍​អន្តរជាតិ ហើយ​នៅ​កម្រិត​ជាតិ រាជរដ្ឋាភិបាល​បានរៀបចំ និង​អនុម័ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ២០១៤-២០២៣ ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​ប្រែប្រួល​អាកាស​តាម​វិស័យ បាន​វិភាជន៍​ថវិកា បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន ក្នុងការ​អនុវត្ត​ការងារ​ប្រែប្រួល​អាកាសធាតុ ដូចជា​ការកសាង​សមត្ថភាព​ថ្នាក់ជាតិ សម្រាប់​ការឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​នេះ ។​

​ឯកឧត្តម ទិន ពន្លក មានប្រសាសន៍​បន្ថែមទៀត​ថា កម្ពុជា​បានផ្ដល់​សច្ចាប័ន​ដល់​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស និង​បាន​ដាក់ជូន​នូវ​របាយការណ៍​រួមចំណែក​របស់​ម្ពុ​ជា​ក្នុងការ​អនុវត្ត​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ ស្ដីពី​ការប្រែប្រួល​អាកាសធាតុ ដូចនេះ​ក្នុងនាម​ជា​ប្រទេស​សមាជិក​អនុសញ្ញា កម្ពុជា​ត្រូវ​ផ្ដល់នូវ​ព័ត៌មាន​ស្ដីពី​ការបញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​សកម្មភាព​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក៏ដូចជា​សកម្មភាព​បន្ស៊ាំ មធ្យោបាយ​អនុវត្ត ដូចជា​ធនធាន​ហិរញ្ញវត្ថុ ការផ្ទេរ​បច្ចេកវិទ្យា និង​ការកសាង​សមត្ថភាព ហើយ​កម្ពុជា ត្រូវ​ដាក់ជូនទៅ​លេខាធិការដ្ឋាន​អនុសញ្ញា​នូវ​របាយការណ៍​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មួយ ដែលមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​មាន​ព័ត៌មាន​ជាក់លាក់​។​

 

​ការវាស់វែង របាយការណ៍ ផ្ទៀងផ្ទាត់ និង​តម្លាភាព​នៃ​សកម្មភាព​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ កាន់​តែមាន​សារសំខាន់​ខ្លាំង​ឡើង ហេតុដូចនេះ សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់​មាន​តួនាទី​សំខាន់​ក្នុងការ​ផ្ដល់​ជា​មូលដ្ឋាន​សម្រាប់​អ្នកធ្វើការ​សម្រេចចិត្ត​ក្នុងការ​រៀបចំ​និង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុងប្រទេស​នីមួយៗ​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ហើយ​សិក្ខាសាលា​នេះ ជា​វេទិកា​សំខាន់​សម្រាប់​ឱ្យ​សមាជិក​ចូលរួម បាន​ចែករំលែក​នូវ​បញ្ហា ក៏ដូចជា​បទពិសោធន៍​ក្នុងការ​គ្រប់គ្រង និង​រៀបចំ​សារពើភ័ណ្ឌ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ក៏ដូចជា​ស្វែងរក​ដំណោះស្រាយ​នូវ​បញ្ហា​ទាំងនោះ​តាមរយៈ​ការជួយ​ពី​អ្នកជំនាញ​។​

 

​សូមជម្រាបថា នេះ​គឺជា​លើក​ទី​២​ហើយ ដែល​កម្ពុជា​បានធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ និង​សិក្ខាសាលា​នេះ ដែល​លើក​ទី​១ បាន​ប្រព្រឹត្តទៅ​នៅ​ឆ្នាំ​២០១៧ នា​ក្រុង​សៀមរាប​ដូចគ្នានេះដែរ ៕​