ភ្នាក់ងារទេសចរណ៍​ទ​ទួល​ការបណ្ដុះបណ្ដាល​ពី​ការគ្រប់គ្រង​ហានិភ័យ​ប្រាសាទ ដើម្បី​បានដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រាសាទ សម្រង់​ស្ថិតិ​ពី​ចំណុច​នីមួយៗ ដោយ​រាយការណ៍​បន្ទាន់​ដល់​អ្នក​អភិរក្ស និង​ជួសជុល​ប្រាសាទ

នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០២០ ក្រុម​ភ្នាក់ងារទេសចរណ៍​ប្រចាំ​ប្រាសាទអង្គរវត្ត ទទួល​ការបណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង​ហានិភ័យ​ប្រាសាទ​។ វគ្គ​បណ្ដុះបណ្ដាល​នេះ​រៀបចំឡើង​ដោយ​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ ដោយមាន​កិច្ចសហការ​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​អ​ង្គ​រ នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។

​លោក លឹម ស្រ៊ូ អនុប្រធាននាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ មានមតិ​ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​ដែល​ធ្វើឡើង​នៅ​ថែវ​រូត​ព្រះ​ពាន់ នៃ​ប្រាសាទអង្គរវត្ត យ៉ាង​ដូច្នេះ​ថា គោលបំណង​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​ដើម្បី​ពង្រឹងសមត្ថភាព​បន្ថែម​ដល់​ភ្នាក់ងារទេសចរណ៍​ដែល​ប្រចាំការ​ផ្ទាល់​នៅក្នុង​ប្រាសាទ​។ លោក​បន្ថែមថា ការសិក្សា​នេះ គឺជា​ទុន​បន្ថែម​ដើម្បីឱ្យ​ភ្នាក់ងារ​ទាំងអស់ បានដឹង​ពី​ស្ថានភាព​ជាក់ស្ដែង​របស់​ប្រាសាទ និង​ដើម្បី​ធ្វើ​សម្រង់​ស្ថិតិ​ពី​ចំណុច​នីមួយៗ​ដល់​ថ្នាក់ដឹកនាំ ក៏ដូចជា​ដើម្បី​រាយការណ៍​បន្ទាន់​ដល់​អ្នក​អភិរក្ស​និង​ជួសជុល​ប្រាសាទ​។

​តាម​ការបញ្ជាក់​របស់​លោក លឹម ស្រ៊ូ វគ្គ​បណ្ដុះបណ្ដាល​នេះ នឹងធ្វើ​នៅតាម​ប្រាសាទ​សំខាន់ៗ​មួយចំនួន​ក្នុង​រមណីយដ្ឋាន​អង្គរ ដើម្បីឱ្យ​ប្រាកដថា ភ្នាក់ងារទេសចរណ៍​ទាំងអស់ ទទួលបាន​ចំណេះដឹង​ជា​មូលដ្ឋាន​តាម​ប្រាសាទ​នីមួយៗ ដើម្បី​រួមចំណែក​ក្នុង​កិច្ចការ​អភិរក្ស​ប្រាង្គ​ប្រាសាទ​ឱ្យ​កាន់តែ​ល្អ​សម្រាប់​បច្ចុប្បន្ន និង​ទៅ​អនាគត​។

​ចំណែកឯ លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បានឱ្យដឹង​ដែរ​ថា ប្រាសាទ​ចាត់ទុក​ដូចជា​ផ្ទះ​សម្រាប់​ភ្នាក់ងារទេសចរណ៍​គ្រប់រូប ដូច្នេះ​គឺ​ត្រូវ​ចេះ​សង្កេត​គ្រប់​ទីកន្លែង ដើម្បី​ដឹង​ពី​ស្ថានភាព​ទូទៅ​របស់​ប្រាសាទ​។ ហើយ​ការដឹង​ទាន់ពេលវេលា​នេះ អាចឱ្យ​អ្នកជំនាញ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ជួសជុល​ឬ​អភិរក្ស​។ លោក​បន្ថែមថា រាល់​ប្រាសាទ​ទាំងអស់​ត្រូវការ​ការថែទាំ ដូចជា​ការថែទាំ​ថ្ម​ជាដើម ដែល​ការថែទាំ​នេះ​ដើម្បី​ព​នឿ​ត​កា​រសិក​រិ​ក​រិល​របស់​ថ្ម​។ លោក​ពន្យល់​ទៀតថា ពលរដ្ឋ​គ្រប់រូប​មានការ​ភារកិច្ច​ការពារ ថែរក្សា​មរតក​ដូនតា ហើយ​ការងារ​ទាំងនេះ ជា​ផ្នែក​មួយ​នៃ​ការចូលរួម​អភិរក្ស​ប្រាសាទ​យ៉ាង​ដូច្នោះ​ដែរ​៕​