ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ក្នុង​ក្រុង​សៀមរាប​

នា​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩​នេះ នៅ​វត្ត​ទេព​ពោធិ​វង្ស ហៅ​វត្ត​ក្បាល​ខ្មោច ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀមរាប មាន​រៀបចំ​ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស ក្រោម​រាជាធិបតីភាព​សម្ដេច​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត​ព្រះសង្ឃរាជ ទេព វង្ស សម្ដេចព្រះសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប ដោយ​មានការ​និមន្ត និង អញ្ជើញ​ចូលរួម​ពី​សំណាក់​ព្រះសង្ឃ ជា​មន្ត្រី​សង្ឃ​ជាន់ខ្ពស់​មកពី​ប្រទេស​កម្ពុជា , ថៃ , វៀតណាម , ភូមា និង ប្រទេស​ឡាវ ព្រមទាំង​គណ​:​ប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា , ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត , អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត , សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត និង​មន្ត្រីរាជការ​ក្នុង​ខេត្តសៀមរាប​យ៉ាងច្រើន​កុះករ ។

​សូមបញ្ជាក់ថា ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស ជា​កម្មវិធី​មួយ ក្នុងចំណោម​កម្មវិធី​ជាច្រើន នៃ​ពិធី​បិទ​ធម្ម​យាត្រា​លើក​ទី​២ ក្នុង​ដែនដី​ទាំង​៥ នៃ​ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ (​កម្ពុជា​, វៀតណាម​, ថៃ​ឡាវ និង មី​យ៉ាន់​ម៉ា ) ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​មូលដ្ឋាន​ខេត្តសៀមរាប រួមមាន ៖ ពិធី​ដាំ​ដើម​ពោធិ​ប្រឹក្ស​នៅ​វត្ត​ទេព​ពោធិ​វង្ស , ពិធី​ដង្ហែ​ធម្ម​យាត្រា​នៅក្នុង​ក្រុង​សៀមរាប , ពិធីរាប់បាត្រ​នៅ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម , ពិធី​បិទ​ធម្ម​យាត្រា​លើក​ទី​២ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ​សៀមរាប និង ពិធីបួងសួង​នៅមុខ​ប្រាសាទអង្គរវត្ត ៕​