កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្អាកការបណ្ដុះបណ្ដាលជាបណ្ដោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និង មជ្ឈមណ្ឌលបណ្ដុះបណ្ដាល នៃទីភ្នាក់ងារជ្រើសរើសឯកជន ដែលស្ថិតនីក្រោមឱវាទក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅក្រុងសៀមរាប ខេត្តសៀមរាប ។
ចំពោះក្រសួងអប់រំយុវជននិងកីឡា នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះដែរ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយ ស្តីពីការសម្រេចផ្អាកការសិក្សាជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ពីថ្នាក់មត្តេយ្យសិក្សា ដល់ថ្នាក់ឧត្តមសិក្សា នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ដោយឡែកសម្រាប់វិស័យសិក្សារបស់ពុទ្ធិកសិក្សាវិញ លោក វណ្ណ ប៊ុនណា ប្រធានមន្ទីរធម្មការ និង សាសនាខេត្តសៀមរាប បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ខាងវិស័យពុទ្ធចក្រកំពុងស្ថិតនៅក្នុងដំណាក់កាលនៃវិស្សមកាល រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ទើបបានបើកបវេសនកាលវិញ ប៉ុន្តែសម្រាប់ការប្រឡង នឹងដំណើរការតាមកម្មវិធីដែលបានកំណត់ ហើយចំពោះការប្រឡងនៅក្នុងខែមីនានេះ គឺកម្មវិធីមិនបានដាក់ការប្រឡងនៅក្នុងខេត្តសៀមរាបនោះទេ ។
សូមបញ្ជាក់ថា ថ្លែងក្នុងសន្និសីទកាសែតមួយ នៅទីស្តីការក្រសួងសុខាភិបាលកម្ពុជា នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ម្សិលមិញនេះ ឯកឧត្ដម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា កម្ពុជាបានរកឃើញមេរោគកូវីត១៩ មួយករណីទៀត នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុនឆ្លងមេរោគកូរ៉ូណាថ្មី ដែលចាកចេញពីខេត្តសៀមរាប នៅកាន់ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ ៕